មន្ត្រីសហជីពម្នាក់បាននិយាយកាលពីម្សិលមិញថា កម្មការិនីប្រហែល៥០នាក់បានដួលសន្លប់នៅរោងចក្រស្បែកជើងមួយក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃសៅរ៍នៅពេលឆេះម៉ាស៊ីនបណ្តាលឲ្យមានផ្សែងពេញរោងចក្រ។
លោក យិន សុខុម អនុប្រធានសហជីពសេរីកម្មករនៅរោងចក្រ Long Lead ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា ម៉ាស៊ីនបានឆេះនៅម៉ោងប្រហែល១រសៀល ថ្ងៃសៅរ៍។
លោក សុខុម បានមានប្រសាសន៍ថា “វាបានបង្កឲ្យមានផ្សែងជាច្រើន… ហើយកម្មករបានឈ្លក់ផ្សែងលាយឡំនឹងក្លិនអាក្រក់នៃក្រណាត់ដែលឆេះ”។ លោកបានបន្ថែមថា កម្មករ២៩នាក់បានដួលសន្លប់បន្ទាប់ពីពន្លត់ភ្លើងរួច ហើយកម្មករប្រហែល២០នាក់ទៀតបានសន្លប់ប្រហែល១៥នាទីក្រោយមក។
មេដឹកនាំសហជីពរូបនេះបានមានប្រសាសន៍ថា កម្មការិនីភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬគ្លីនិកក្នុងមូលដ្ឋានកាលពីថ្ងៃសៅរ៍ ប៉ុន្តែនឹងត្រឡប់ទៅកន្លែងរបស់ខ្លួនវិញនៅថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “យើងបានប្តូរម៉ាស៊ីនថ្មីហើយ ហើយកម្មករនឹងធ្វើការដូចធម្មតា។ យើងបានសម្អាតរោងចក្ររួចហើយ”។ តំណាងរោងចក្រមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
រោងចក្រកាត់ដេរមួយដែលកាន់កាប់ដោយចិនតៃវ៉ាន់ក្នុងខេត្តស្វាយរៀងបានបិទជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន បន្ទាប់ពីកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងចំនួនដ៏ច្រើនពីរលើកផ្សេងគ្នាកាលពីចុងសប្តាហ៍មុន៕សារុន