កាលពីថ្ងៃសៅរ៍ ក្រុមអ្នកភូមិខេត្តបន្ទាយមានជ័យបានធ្វើការតវ៉ាជំទាស់នឹងផែនការរបស់មន្ត្រីយោធាក្នុងមូលដ្ឋានម្នាក់ក្នុងការសាងសង់អាងស្តុកទឹកលើដីរបស់ពួកគាត់ បន្ទាប់មកលក់អាចម៍ដីនោះយកចំណេញ។
អាងស្តុកទឹកនេះនឹងជីកលើផ្ទៃដីទំហំជាង៥២ហិកតាក្នុងសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណដោយឧត្តមសេនីយ៍ត្រី ផ្លុន តារា មេបញ្ជាការកងយោធពលខេមរភូមិន្ទក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមអ្នកភូមិឈ្មោះ ណែម ឈុន អាយុ៣៩ឆ្នាំបានឲ្យដឹងថា អ្នកភូមិ១២០នាក់មកពី៨៥គ្រួសារដែលប្រឈមនឹងការបាត់បង់ដីស្រែរបស់ខ្លួនទៅលើអាងស្តុកទឹកនេះបានធ្វើការតវ៉ានៅខាងក្រៅសាលាខេត្តកាលពីថ្ងៃសៅរ៍បន្ទាប់ពីគេបានយកត្រាក់ទ័រមកដល់ ហើយបានចាប់ផ្តើមជីកដី។
អ្នកស្រី ឈុន បាននិយាយកាលពីម្សិលមិញថា “យើងតវ៉ា ទាមទារឲ្យលោកអភិបាលខេត្តជួយដល់ពួកយើង ពីព្រោះលោក ផ្លុន តារា បានជីកដីស្រែរបស់យើងហើយយកអាចម៍ដីលក់”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងបាត់បង់ដីទំហំ២.៥០០ម៉ែត្រក្រឡា ប្រសិនបើការជីកនេះនៅតែបន្តនោះ។ អ្នកស្រីបាននិយាយថា “យើងនឹងដុតត្រាក់ទ័រកាយដីទាំងនេះ ប្រសិនបើវាមកជីកដីស្រែរបស់យើងទៀត”។
ឧត្តមសេនីយ៍ត្រី តារា បានលើកឡើងថា ការជីកនេះគឺស្របច្បាប់ ពីព្រោះកូនប្រុសរបស់លោក ឈ្មោះ ផ្លុន ហុង ទទួលបានការអនុញ្ញាតពីក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកាលពីឆ្នាំ២០០៨ដើម្បីសាងសង់អាងស្តុកទឹកនៅទីនោះសម្រាប់គោលបំណងស្រោចស្រព។
លោកបានមានប្រសាសន៍ថា “អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់គ្រួសារខ្ញុំសាង់សង់អាងទឹកស្រោចស្រពនេះ។ កិច្ចព្រមព្រៀងចែងថា ក្រុមហ៊ុននឹងយកអាចម៍ដីពីដីស្រែ ហើយរដ្ឋនឹងទទួលបានអាងស្តុកទឹកសម្រាប់ប្រព័ន្ធស្រោចស្រព”។
ទោះយ៉ាងណា អ្នកស្រី ឈុន បាននិយាយថា គម្រោងសាងសង់អាងស្តុកទឹកនឹងមានការប្រើប្រាស់តិចតួចណាស់ចំពោះអ្នកភូមិដែលធ្វើការតវ៉ា ពីព្រោះពួកគាត់មិនមានដំណាំទេ។
អ្នកស្រីបាននិយាយថា “យើងមិនត្រូវការប្រព័ន្ធស្រោចស្រពទេ ពីព្រោះយើងនឹងបាត់បង់ដីស្រែរបស់យើងទាំងអស់នៅទីនេះ។ ដូច្នេះតើយើងអាចធ្វើស្រែជាមួយប្រព័ន្ធស្រោចស្រពនោះដូចម្តេចទៅ? “។
អ្នកស្រីក៏បានលើកឡើងផងដែរថា ក្រុមហ៊ុននេះមិនបានបង្ហាញពីគម្រោងសាងសង់អាងស្តុកទឹកនេះដល់អ្នកភូមិឡើយ ហើយថា ក្រុមអ្នកភូមិជឿថា ក្រុមហ៊ុននេះបានស្វះស្វែងជីកដី ហើយលក់អាចម៍ដីលក់តែប៉ុណ្ណោះ។
លោក ឈឿន ក្រយ៉ុង ប្រធានរដ្ឋបាលខេត្តបានមានប្រសាសន៍ថា ការជីកដីបានផ្អាកជាបណ្តោះអាសន្នខណៈដែលមន្ត្រីមូលដ្ឋានពិភាក្សាពីការទាមទាររបស់ក្រុមអ្នកភូមិ។
លោក ក្រយ៉ុង បានមានប្រសាសន៍ថា ពួកគេកំពុងស្នើឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់ឧត្តមសេនីយ៍រូបនេះឈប់ជីកដីធ្វើអាងស្តុកទឹក ហើយឲ្យយកអាចម៍ដីមកចាក់បំពេញវិញដែលគេបានជីករហូតមកទល់ពេលនេះ ហើយក៏ស្វះស្វែងសុំប័ណ្ណកម្មសិទ្ធិដីស្រែរបស់ពួកគាត់ផងដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់តំណាងអ្នកភូមិថា យើងនឹងស្វែងរកដំណោះស្រាយសម្រាប់គ្រួសារទាំងនោះសម្រាប់សំណើពីរដំបូងតែប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចចេញប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់អ្នកភូមិទាំងនោះបានទេ ពីព្រោះនេះគឺជាដីរបស់រដ្ឋ”៕សារុន