មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីម្សិលមិញថា នាយកដ្ឋានរបស់លោករង់ចាំបទបញ្ជាពីប្រធាននាយកដ្ឋានរបស់ខ្លួនមុនឈានដល់ការបណ្ដេញសកម្មជនបរិស្ថានលោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន(Alex Gonzalez-Davidson) ដែលទិដ្ឋាការរបស់លោកត្រូវរដ្ឋាភិបាលបដិសេធមិនបន្តឲ្យទេ បន្ទាប់ពីវាបានអស់សុពលភាពកាលពីថ្ងៃសុក្រ។
រដ្ឋាភិបាលនិយាយថា ខ្លួនមិនបន្តទិដ្ឋាការរបស់ជនជាតិអេស្ប៉ាញរូបនេះទេ ព្រោះគាត់និងអង្គការមាតាធម្មជាតិរបស់គាត់ បានធ្វើការរាំងផ្លូវខុសច្បាប់កាលពីខែកញ្ញា ដោយបានរារាំងជាបណ្ដោះអាសន្នមិនឲ្យក្បួនរថយន្តរដ្ឋាភិបាលធ្វើដំណើរចូលតំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាទីតាំងទំនប់វារីអគ្គិសនីដែលក្រុមនេះបានប្រឆាំង។
លោក ហ្គន់ហ្សាឡេស ដាវីដសុន និងអ្នកគាំទ្ររបស់លោកសង្ស័យថា រដ្ឋាភិបាលចង់ឲ្យគាត់ចេញពីប្រទេសនេះ ដោយសារគាត់បានជួយធ្វើជាប់គាំងគម្រោងនេះ ដែលមានការគាំទ្រពីសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចម្នាក់ និងមានការគាំទ្រជាសាធារណៈពីលោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃសុក្រ ជាថ្ងៃដែលទិដ្ឋាការរបស់លោកអស់សុពលភាព អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ទៅលោក ហ្គន់ហ្សាឡេស ដាវីដសុន ដោយប្រាប់គាត់ថា សំណើសុំស្នាក់នៅបន្តរបស់លោកត្រូវបានបដិសេធ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់បានចាត់វិធានការនិរទេសលោក ហ្គន់ហ្សាឡេស ដាវីដសុន ដែលបានប្ដេជ្ញានឹងមិនចាកចេញពីប្រទេសកម្ពុជាដោយស្ម័គ្រចិត្តឡើយ។
លោកបានមានប្រសាសន៍ថា “យើងនឹងហៅ ហើយណែនាំគាត់ឲ្យចាកចេញ។ យើងកំពុងរង់ចាំបញ្ជាពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ [សុខ ផល] បន្ទាប់មកយើងនឹងអនុវត្ត”។
លោកឧត្ដមសេនីយ៍ សុខ ផល មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក ហ្គន់ហ្សាឡេស ដាវីដសុន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ បាននិយាយថា លោកបានទទួលលិខិតដែលប្រាប់លោកថា ទិដ្ឋាការរបស់លោកគេមិនបន្តឲ្យទេ ហើយថា អាជ្ញាធរមិនទាន់ព្យាយាមនិរទេសរូបលោកនៅឡើយ។ លោកបាននិយាយថា លោកទទួលបានការធានាអះអាងដោយក្រុមអ្នកជំនាញច្បាប់ថា លោកអាចបន្តស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសនេះរយៈពេល៣៧ថ្ងៃទៀត ហើយនឹងប្រើពេលវេលានេះដើម្បីសម្រេចជំហានបន្ទាប់របស់ខ្លួន។
ក្រសួងមហាផ្ទៃនិយាយថា លោក ហ្គន់ហ្សាឡេស ដាវីដសុន នឹងទទួលបានការអនុញ្ញាតឲ្យដាក់ពាក្យសុំទិដ្ឋាការថ្មី ប្រសិនបើគាត់ចាកចេញដោយស្ម័គ្រចិត្ត ប៉ុន្តែជនជាតិអេស្បា៉ញរូបនេះនៅតែមានមន្ទិលសង្ស័យ។
លោក ហ្គន់ហ្សាឡេស ដាវីដសុន បាននិយាយថា “ខ្ញុំព្រមសម្របសម្រួល ហើយចាកចេញពីប្រទេសនេះ ប៉ុន្តែប្រសិនបើមានការធានាជាក់ច្បាស់ ដូចជាថាទិដ្ឋាការថ្មីនឹងត្រូវចេញឲ្យដោយមានសុពលភាពចាប់ផ្ដើមក្នុងពេលពីរបីសប្ដាហ៍គិតពីពេលឥឡូវនេះទៅ ជាងការធានាដែលបង្ហាញក្នុងលិខិតរបស់ក្រសួងដែលផ្ដល់ឲ្យលោកតែប៉ុណ្ណោះ”។
ពេលត្រូវគេសួរថា តើរដ្ឋាភិបាលមានផែនការនិរទេសលោក ហ្គន់ហ្សាឡេស ដាវីដសុន ឬយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឆ្លើយថា “ចាំមើលនឹងឃើញហើយ”។ លោកមិនបានអធិប្បាយច្រើនទេ៕និត