នគរបាល និងសាក្សីបានឲ្យដឹងកាលពីម្សិលមិញថា បុរសម្នាក់ដែលមកដេកកំដរប្អូនប្រុសរបស់ខ្លួននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ បានចាកមនុស្សពីរនាក់នៅក្នុងបន្ទប់ផ្នែកក្រពះពោះវៀន កាលពីរសៀលថ្ងៃសុក្រ មុនពេលគេចខ្លួនចេញពីអគារមន្ទីរពេទ្យនេះ។
យោងតាមលោក ផន អូន នាយប៉ុស្តិ៍សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ រចំ យំ អាយុ៣៥ឆ្នាំ បាននៅក្នុងបន្ទប់របស់ប្អូនប្រុសខ្លួនមួយភ្លែតនៅវេលាម៉ោងប្រហែល១២និង៣០នាទីរសៀល នៅពេលជននេះបានដកកាំបិតពីកាតាបរបស់ខ្លួនភ្លាមៗ ហើយចាក់បុរសម្នាក់ដែលជិតជាសះស្បើយពីរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងស្ត្រីវ័យក្មេងម្នាក់ទៀត ដោយធ្វើឲ្យពួកគេទាំងពីរនាក់នេះរងរបួសធ្ងន់។
លោក ផន អូន បានលើកឡើងថា រចំ យំ ដែលជាអ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ និងដែលរស់នៅក្នុងខេត្តរតនគិរី កំពុងរត់គេចខ្លួន។
លោកបានមានប្រសាសន៍ថា “យើងមិនដឹងថា តើមូលហេតុអ្វីដែលបណ្ដាលឲ្យជនសង្ស័យធ្វើដូច្នេះឡើយ ហើយនគរបាលកំពុងតែធ្វើការលើរឿងនេះ។ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃដដែល ព្រោះគាត់រងរបួសធ្ងន់ក្បែរបេះដូង”។
សួង ច័ន្ទស្រីរ័ត្ន ក្មួយស្រីរបស់បុរសរងគ្រោះបានឲ្យដឹងថា ឪពុកមារបស់នាងឈ្មោះ មុំ រតនៈ អាយុ៥០ឆ្នាំ ត្រូវជនសង្ស័យចាក់យ៉ាងតិចប្រាំកាំបិត ខណៈកំពុងដេកសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយប្អូនប្រុសជនសង្ស័យ។
ច័ន្ទស្រីរ័ត្ន បាននិយាយថា “គាត់គ្រោងនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃសុក្រ ប៉ុន្តែវាបែរជាកើតរឿងដូច្នេះទៅវិញ។ ខ្ញុំមានការតក់ស្លុតខ្លាំងណាស់”។ ច័ន្ទស្រីរ័ត្ន បានបន្ថែមថា ឪពុកមារបស់នាងកំពុងជាសះស្បើយជាបណ្ដើរៗពីរបួសនៅត្រង់ក ទ្រូង ថ្ពាល់ ភ្លៅ និងដៃហើយ។
អ្នកស្រី ជុំ សំបូរ អាយុ៤៧ឆ្នាំ ដែលមកសួរសុខទុក្ខក្មួយប្រុសរបស់ខ្លួននៅក្នុងមន្ទីរពេទ្យនេះ និងដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវជនសង្ស័យចាក់នៅរានហាល។ អ្នកស្រីបាននិយាយថា ” នាងត្រូវជនសង្ស័យយកកាំបិតចាក់ចំដើមទ្រូង ខណៈកំពុងដេកនៅលើបង់ ហើយនាងបានរត់ចូលក្នុងបន្ទប់ហៅឲ្យគេជួយទាំងខ្លួនកំពុងប្រឡាក់សុទ្ធតែឈាម”។អ្នកស្រីបានបន្ថែមថា ស្ត្រីរងគ្រោះបានទៅមន្ទីរពេទ្យដើម្បីសួរសុខទុក្ខម្ដាយរបស់នាង។
លោក រចំ តឹង អាយុ៣២ឆ្នាំ ជាប្អូនប្រុសជនសង្ស័យដែលមកឆ្លុះអេកូពោះអំឡុងពេលកើតហេតុបានឲ្យដឹងថា ខ្លួនមានការតក់ស្លុតនៅពេលដឹងអំពីអ្វីដែលបងបង្កើតរបស់ខ្លួនបានធ្វើ។ លោកបាននិយាយថា “ខ្ញុំសោកស្ដាយ រន្ធត់ និងខ្លាចខ្លាំងណាស់ ហើយខ្ញុំថែមទាំងបានយំទៀតផង។ ខ្ញុំមិននឹកស្មានសោះថា គាត់ធ្វើដូច្នេះ”។
លោកបានបន្ថែមទៀតថា បងប្រុសរបស់ខ្លួនចាប់ផ្ដើមបញ្ចេញចរិតប្លែកនៅពេលមកដល់មន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីធ្វើដំណើរពីខេត្តរតនគិរីមក ដោយមិនព្រមញ៉ាំអ្វីទាល់តែសោះ ហើយចេះតែខ្លាចថា គេនឹងមកចាប់ខ្លួនក្នុងពេលឆាប់ៗ។
លោក រចំ តឹង បាននិយាយបន្ថែមថា “បងប្រុសរបស់ខ្ញុំនិយាយជាមួយគេឯងនៅក្នុងមន្ទីរពេទ្យដោយមិនដឹងខុសត្រូវឡើយ”។ លោកបានបន្តទៀតថា បងប្រុសរបស់ខ្លួនមានជំងឺឆ្កួតជ្រូក៕ ស៊ុយឈាង