តុលាការក្រុងភ្នំពេញបានលើកពេលសវនាការមនុស្ស១១នាក់ ដែលគ្រោងធ្វើនៅថ្ងៃនេះ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា ដែលជាប់ចោទពីបទកុបកម្ម និងបទល្មើសផ្សេងទៀតទាក់ទិននឹងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមនៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញកាលពីខែកក្កដា។
ការលើកពេលនេះត្រូវបានប្រកាសឲ្យដឹងក្នុងលិខិតមួយពីព្រះរាជអាជ្ញារង លោក កែវ សុជាតិ ចុះកាលបរិច្ឆេទថ្ងៃសុក្រ ដែលមិនបានផ្ដល់ការពន្យល់ចំពោះការពន្យារពេល និងមិនបានកំណត់ពេលសម្រាប់សវនាការនៅពេលខាងមុខទេ។ លោក សុជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការពន្យារពេលនេះនៅពេលគេទាក់ទងលោកកាលពីម្សិលមិញ។
ចុងចោទទាំងនោះត្រូវបានគេព័ទ្ធចាប់បន្ទាប់ពីការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងបម្រាមរបស់រដ្ឋាភិបាលមិនឲ្យមានការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលក្នុងពេលនោះអ្នកចូលរួមមួយចំនួនបានតបតយ៉ាងចាស់ដៃទៅលើសន្តិសុខខណ្ឌមួយចំនួន ដែលធ្លាប់តែប្រើកម្លាំងបំបែកការតវ៉ាអហិង្សា។
ចុងចោទទាំងនោះ ដែលមួយចំនួននៅជាប់ឃុំនៅឡើយ ក្នុងនោះមានទាំងលោក សុវណ្ណារ៉ា ផង បដិសេធការចោទប្រកាន់ទាំងនោះ។
លោក ជូង ជូងី មេធាវីរបស់លោក សុវណ្ណារ៉ា បានបន្ទោសតុលាការចំពោះការលើកពេលសវនាការគ្មានពេលកំណត់នេះ ហើយលោកបាននិយាយថា លោកមិនបានទទួលមូលហេតុបញ្ជាក់ចំពោះការពន្យារពេលនេះទេ។ លោកបាននិយាយថា “តុលាការមិនបាននិយាយថា ពេលណាខ្លួននឹងបើកសវនាការជាថ្មីឡើយ។ អយុត្តិធម៌ណាស់សម្រាប់កូនក្ដីរបស់ខ្ញុំ ពីព្រោះគាត់ជាមនុស្សគ្មានទោសកំហុស ហើយគាត់ជាប់ឃុំ”៕ មានិត