32 C
Phnom Penh

ភាគី​ហ៊្វុនស៊ិនប៉ិចប្រទាញ​ប្រទង់​អំពី​សិទ្ធិ​ចេញ​លិខិត​ផ្លូវ​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​តស៊ូ​អំណាច​ដ៏​តូច​មួយ​​ទាក់ទិន​នឹង​នរណា​មាន​សិទ្ធិ​ចេញ​លិខិត​ហ៊្វុនស៊ិនប៉ិច​ជា​ផ្លូវការ​បាន​ផ្ទុះ​ឡើង​កាលពី​ចុង​សប្តាហ៍ ចំពេល​មាន​ការ​ខិតខំ​របស់​គណបក្ស​នេះ​ដើម្បី​រួម​បញ្ចូល​អតីត​ភាគី​ដែល​មាន​ជម្លោះ​ផ្ទៃ​ក្នុង បន្ទាប់ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​មក​ធ្វើ​ជា​មេដឹកនាំ​របស់​ខ្លួន​វិញ​កាលពី​ខែ​មុន។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​រាជា​និយម​កាលពី​ថ្ងៃ​ទី​១៩​ខែ​មករា ដោយ​អតីត​ប្រធាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និង អគ្គលេខាធិការ លោក ញឹក ប៊ុនឆៃ ដែល​បាន​ទម្លាក់​ព្រះអង្គ​ពី​ប្រធាន​បក្ស​កាលពី​ឆ្នាំ​២០០៦ កាន់​តួនាទី​ប្រធាន​ទី១ និង​អនុ​ប្រធាន​ទី២។

ក្រុម​ថ្មី​នេះ​ប្តេជ្ញា​ទុក​ការ​ខ្វែង​គំនិត​គ្នា​នៅ​មួយ​ឡែក ប៉ុន្តែ​លិខិត​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ​ដោយ​លោក សាយ ហាក់ អតីត​អភិបាល​ក្រុង​ព្រះ​សីហនុ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​សម្តេច​ក្រុមព្រះ ទំនងជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​​រវាង​លោក ប៊ុនឆៃ និង សម្តេច​ក្រុមព្រះ។

លិខិត​នោះ​មាន​ខ្លឹមសារ​ថា “សូម​សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​…​មេត្តា​ជ្រាប​ថា លិខិត​អញ្ជើញ​ឬ​លិខិត​ផ្សេងទៀត​ដែល​ចេញ​ដោយ​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​​របស់​គណបក្ស ដោយ​ប្រើ​ត្រា​បក្ស មិន​ចាត់​ទុក​ជា​លិខិត​ផ្លូវការ​ទេ ពីព្រោះ​លិខិត​ទាំង​នោះ​ធ្វើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ”។

លិខិត ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហាក់ ជា​”អគ្គលេខាធិការ​ប្រតិបត្តិ”​បក្ស និង​មិន​បាន​បញ្ជាក់​លិខិត​ដែល​លោក​ ញឹក ប៊ុនឆៃ បាន​ផ្ញើ​នោះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​លិខិត​មួយ​ផ្សេងទៀត ដែល​ចុះ​ហត្ថលេខា​ដោយ​”អគ្គលេខាធិការ”​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

“លោក សាយ ហាក់ សហសេវិក គណបក្ស មិន​កាន់​តំណែង​ណាមួយ ឬ​មាន​ភារកិច្ច​ណាមួយ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ ពីព្រោះ​បទ​បញ្ជា​ផ្ទៃ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អគ្គលេខា​ធិការ​ប្រតិបត្តិរបស់​បក្ស​មិន​ទាន់​បាន​បង្កើត​នៅ​ឡើយ។ លោក សាយ ហាក់ ជា​សហសេវិក កំពុង​រំលោភ​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស​និង​មេដឹកនាំ​របស់​ខ្លួន”។

ទាំង​លោក ញឹក ប៊ុនឆៃ ទាំង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

យ៉ាងនេះ​ក្តី ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ហ៊្វុនស៊ិនប៉ិច បាន​មាន​បន្ទូល​ថា ជម្លោះ​រវាង​អ្នក​ទាំង​ពីរ​បាន​កើត​មាន​ភ្លាមៗ​បន្ទាប់ពី​ព្រះ​អង្គ​ម្ចាស់​បាន​យាង​មក​កាន់​បក្ស​វិញ​កាលពី​ខែ​មករា។

ព្រះអង្គ​បាន​ប្រដូច​ជម្លោះ​រវាង​សម្តេច​ក្រុមព្រះ​និង​លោក ប៊ុនឆៃ ទៅ​នឹង​ជម្លោះ​រវាង​ប្រធានាធិបតី​រុស្ស៊ី ​វ្លាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូ​សេនកូ។

ព្រះអង្គ​មាន​បន្ទូល​ថា “ពួកគេ​មិន​ត្រូវរូវ​គ្នាទេ។ ពេលណា​គេ​មិន​ត្រូវរូវ​គ្នា ខ្ញុំ​មិន​គិត​ថា​ ការ​ផ្សះផ្សា​អាច​ធ្វើ​ទៅ​បាន​ឡើយ”។  “ដូច​លោក ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន​អ៊ីចឹង។ ម្នាក់​និយាយ​ថា ដក​ចេញ ម្នាក់​និយាយ​ថា មិន​​ដក​ចេញ។ ខ្ញុំ​ប្រាប់​អ្នក វា​ចម្លែកណាស់ ហើយ​ពិបាក​ណាស់​ចំពោះ​យើង​ក្នុង​ហ៊្វុនស៊ិនប៉ិច ក្នុងការ​តាម​ឲ្យ​ទាន់​ពេល​ដែល​អ្នក​នៅ​ថ្នាក់​លើ​មិន​ចុះ​សម្រុង​គ្នា”៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស