32.9 C
Phnom Penh

រដ្ឋាភិបាល​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ និង​​​បញ្ជូន​​​ចេញ​​​ពី​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​បាន​​​បញ្ជូន​​​លោក អាឡិច​​​ហ្សង់ដ្រូ​​​ ហ្គន់​​​ហ្សាឡេស ដេវិតសឹន សកម្ម​​​ជន​​​ការពារ​​​បរិស្ថាន​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ ឡើង​​​ជើង​​​ហោះ​​​ហើរ​​​ត្រឡប់​​​ទៅ​​​កាន់​​​ប្រទេស​​​អេស្ប៉ាញ​​​វិញ​​​កាល​​​ពី​​​យប់​​​មិញ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​អំពាវ​​​នាវ​​​ជា​​​សាធារណៈ​​​​​​ឲ្យ​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​មិន​​​ចេះ​​​នឿយ​​​ហត់​​​រូប​​​នេះ​​​ ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។photo-front

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍តាម​​​ទូរស័ព្ទ​​​ថា “គាត់​​​កំពុង​​​ស្ថិត​​​ក្នុង​​​យន្ត​​​ហោះ។ គាត់​​​ជិះ​​​យន្ត​​​ហោះ​​​ទៅ​​​បាង​​​កក​​​នៅ​​​យប់​​​នេះ​​​”។

នៅ​​​ក្នុង​​​សារ​​​មួយ​​​ដែល​​​លោក អាឡិច បាន​​​ផ្ញើ​​​នៅ​​​ម៉ោង​​​៨​​​និង​​​៣២នាទី​​​យប់​​​ សកម្មជន​​​រូប​​​នេះ​​​បាន​​​សរសេរ​​​ថា រដ្ឋាភិបាល​​​​​​កំពុង​​​បញ្ជូន​​​រូប​​​លោក​​​​​​ទៅ​​​ឆ្ងាយ​​​​​​​​​​​​​​​​​​ហើយ​​​។ សារ​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ពេល​​​នេះ​​​កំពុង​​​ស្ថិត​​​​​​នៅ​​​លើ​​​យន្ត​​​ហោះ​​​​​​ត្រៀម​​​​​​ហោះ​​​ឡើង​​​​​​ឆ្ពោះ​​​ទៅកាន់​​​​​​ទី​​​ក្រុង​​​ម៉ាឌ្រីដ។ សូម​​​លា​​​ហើយ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​អច្ឆរិយៈ​​​”។

រដ្ឋាភិបាល​​​​​​បាន​​​បដិសេធ​​​មិន​​​ពន្យារ​​​ទិដ្ឋាការ​​​ដែល​​​បាន​​​ផុត​​​សុពល​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​របស់​​​​​បុរស​​​ជន​​​ជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ ដោយ​​​សារ​​​តែ​​​លោក​​​ និង​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​(Mother Nature) របស់​​​លោក​​​​​​​​​ធ្លាប់​​​បាន​​​បិទ​​​ផ្លូវ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​បាន​​​រារាំង​​​ក្បួន​​​រថយន្ត​​​របស់​​​រដ្ឋាភិបាល​​​មួយ​​​សន្ទុះ​​​ដែល​​​ឆ្ពោះ​​​ដំណើរ​​​ទៅ​​​កាន់​​ទី​​​តាំង​​​ទំនប់​​​វារី​​​អគ្គិសនី​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​កាល​​​ពី​​​ខែ​​​កញ្ញា។ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ប្រឆាំង​​​ទំនប់​​​នេះ​​​ដោយ​​​សារ​​​តែ​​​វា​​​នឹង​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រាប់​​​រយ​​​គ្រួសារ​​​ចាក​​​ចេញ​​​ពី​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ ហើយ​​​ជន់​​​លិច​​​​​​ដែន​​​ជម្រក​​​របស់​​​ពពួក​​​សត្វ​​​ដែល​​​រង​​​ការ​​​គំរាម​​​កំហែង​​​ ឬ​​​ជិត​​​ផុត​​​ពូជ​​​។

លោក អាឡិច និង​​​អ្នកគាំទ្រ​​​របស់​​​លោក​​​និយាយ​​​ថា រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​លោក​​​ចាក​​​ចេញ​​​ដោយ​​​សារ​​​តែ​​​លោក​​​ធ្លាប់​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នៅ​​​ក្នុង​​​ការ​​​រារាំង​​​​​​គម្រោង​​​ដែល​​​មាន​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​ នៅ​​​ពីក្រោយ​​​ខ្នង​​​ និង​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ជា​​​សាធារណៈ​​​ពី​​​លោក ហ៊ុន សែន ។

ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​រូប​​​នេះ​​​នៅ​​​តាម​​​មាត់​​​ទន្លេ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​រសៀល​​​ម្សិលមិញ ឧត្តមសេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បដិសេធ​​​របស់​​​លោក អាឡិច​​​ មិន​​​ចាក​​​ចេញ​​​ពី​​​កម្ពុជា​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​មាន​​​ន័យ​​​ថា លោក​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ឡើយ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ បន្ទាប់​​​ពី​​លោក អាឡិច បាន​​​ឡើង​​​ជិះ​​​យន្ត​​​ហោះ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា ឧត្តមសេនីយ៍​​​រូបនេះ​​​កាន់​​​តែ​​​មាន​​​ការ​​​ប្រយ័ត្ន​​​ប្រយែង​​​ខ្លាំង​​​ឡើង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយ​​​មាន​​​បទ​​​បញ្ជា​​​​​​បណ្តេញ​​​ចេញ​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​ “វា​​​មាន​​​ន័យ​​​ថា ពិបាក​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​ណាស់​​​…។ខ្ញុំ​​​មិន​​​ហ៊ាន​​​និយាយ​​​១០០​​​ភាគ​​​រយ​​​ថា គាត់​​​មិន​​​អាច​​​ត្រឡប់​​​​​​មក​​​វិញ​​​នោះ​​​ទេ​​​​​​ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា វា​​​ពិបាក​​​”។

ការ​​​បណ្តេញ​​លោក អាឡិច ​ចេញ​​​​​​​​​ គឺ​​​ប្រុង​​​កើត​​​ឡើង​​​ប៉ុន្មាន​​​ថ្ងៃ​​​មក​​​ហើយ​​​។ នៅ​​​ពេល​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ខ្លួន​​​នឹង​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​របស់​​​លោក​​​នោះ​​​ បណ្តា​​​អង្គការ​​​សិទ្ធិមនុស្ស​​​ សហជីព​​​ និង​​​ព្រះ​​​សង្ឃ​​​មួយ​​​ចំនួន​​​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​គាំទ្រ​​​សកម្ម​​​ជន​​​រូប​​​នេះ​​​ដោយ​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​កែ​​​ប្រែ​​​វិធាន​​​ការ។

លោក សម រង្ស៊ី និង​​​លោក កឹម សុខា ដែល​​​ជា​​​ប្រធាន​​​ និង​​​ជាអនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​ផ្ញើ​​​លិខិត​​​​​​ជួស​​​មុខ​​​ឲ្យ​​​លោក អាឡិច​​​ ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ រដ្ឋសភា និង​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី ។

ប៉ន្តែ​​​សុទ្ធ​​​តែ​​​អត់​​​បាន​​​ការ​​​។​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​​​មុ​​​ន​​​ពេល​​​លោក អាឡិច​​​ ត្រូវ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន​​​ សែន បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​ថា ករណី​​​នេះ​​​គឺ​​​ជា​​​បញ្ហា​​​អធិបតេយ្យ​​​ជាតិ​​​។

លោក ហ៊ុន​​​ សែន បាន​​​មានប្រសាសន៍​​​នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​ដល់​​​និស្សិត​​​សាកល​​​វិទ្យាល័យ​​​មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា អ្នក​​​នយោបាយ​​​អាច​​​យល់​​​។ មិន​​​ថា អ្នក​​​ឯង​​​ជា​​​នរណា​​​ទេ​​​ នេះ​​​គឺ​​​ជា​​​រដ្ឋ​​​ធិបតេយ្យ​​​។ គេ​​​មិន​​​​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចូល​​​ប្រទេស​​​គេ​​​ដោយ​​​គ្មាន​​​ទិដ្ឋាការ​​​ទេ​​​។ គេ​​​នឹង​​​ចាប់​​​​​​ខ្លួន ហើយ​​​បណ្តេញ​​​យើង​​​ចេញ​​​ បើ​​​ទិដ្ឋាការ​​​ផុត​​​​​​សុពល​​​ភាព​​​។ ដូច្នេះ​​​តើ​​​យើង​​​ធ្វើ​​​រដ្ឋ​​​អធិបតេយ្យ​​​ម៉េច​​​កើត​​​​​​​​​បើ​​​យើង​​​រង​​​ការ​​​បំពាន​​​បែប​​​នេះ​​​?”។

លោក អាឡិច ដែល​​​និយាយ​​​ភាសា​​​ខ្មែរ​​​យ៉ាង​​​ស្ទាត់​​​​​​ជំនាញ​​​ និង​​​ដែល​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​១២​​​ឆ្នាំ​​​មក​​​ហើយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ចាត់​​​ទុក​​​ខ្លួន​​​លោក​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ហើយ​​​ការ​​​បណ្តេញ​​​លោក​​​ចេញ​​​គឺ​​​មិន​​​សម​​​ហេតុផល​​​ទេ។ ប៉ុន្តែ លោក ហ៊ុន សែន ដែល​​​បាន​​​លើក​​​ឡើង​​​ពី​​​ទំនាក់​​​ទំនង​​​មិន​​​ល្អ​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​ជាមួយ​​​អាមេរិក​​​ បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​បរទេស​​​​​​​​​ដែល​​​និយាយ​​​ថា​​​ស្រឡាញ់​​​ប្រទេស​​​កម្ពុជា​​​ មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​​សូម​​​​​​ផ្តាំ​​​ផ្ញើ​​​អ្នក​​​នយោបាយ​​​មួយ​​​ចំនួន​​​ សូម​​​បញ្ជាក់​​​ឲ្យ​​​ហើយ​​​ គ្មាន​​​ប្រទេស​​​ណា​​​ស្រឡាញ់​​​ខ្មែរ​​​ជាង​​​​​​ខ្មែរ​​​ទេ​​​។ អាមេរិក​​​​​​ធ្វើ​​​ពុ​​​ត​​​ជា​​​ស្រឡាញ់​​​ខ្មែរ​​​ជាង​​​ខ្មែរ​​​ស្រឡាញ់​​​ខ្មែរ​​​​​​ដើម្បី​​​ផ្តួល​​​រំលំ​​​សម្តេច​​​ព្រះ​​​ នរោត្តម​​​ សីហនុ។ នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ដល់​​​ខួប​​​៤៥ឆ្នាំនៃ​​​រដ្ឋ​​​ប្រហារ​​​នេះ​​​​​​ហើយ​​​”។

សូម​​​បញ្ជាក់​​​ថា សហរដ្ឋអាមេរិក​​​បាន​​​គាំទ្រ​​​របប​​​លោក លន់ នល់ ដែល​​​បាន​​​បោះ​​​ឆ្នោត​​​ទម្លាក់​​​​​​ព្រ​​​ះអង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ ពី​​​​​​ប្រមុខ​​​រដ្ឋ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧០​​​។

អង្គការ​​​មាតា​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ “ថ្កោល​​​ទោស​​​” ការ​​​ចាប់​​​ខ្លួន​​​នាយក​​​របស់​​​ខ្លួន ហើយ​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា បាន​​​បំពាន​​​រយៈ​​​ពេល​​​៣៧​​​ថ្ងៃ​​​បន្ថែម​​​ដែល​​​ខ្លួន​​​អះ​​​អាង​​​ថា សកម្មជន​​​រូប​​​នេះ​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​តាម​​​ផ្លូវ​​​ច្បាប់​​​ បន្ទាប់​​​ពី​​​ទិដ្ឋាការ​​​របស់​​​លោក​​​ផុត​​​សុពល​​​ភាព​​​។

អង្គការ​​​នេះ​​​លើក​​​ឡើង​​​ថា  “ចំណាត់​​​ការ​​​នេះ​​​បញ្ជូន​​​សារ​​​ដ៏​​​មាន​​​ឥទ្ធិពល​​​ទៅ​​​ដល់​​​សហគមន៍​​​អន្តរ​​​ជាតិ​​​ឲ្យ​​​បាន​​​ដឹង​​​ថា ជន​​​បរទេស​​​ទាំង​​​អស់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​កម្ពុជា​​​អាច​​​ប្រឈម​​​​នឹង​​​ការ​​​បដិសេធ​​​ទិដ្ឋាការ​​​ ឬ​​​ការ​​​គំរាម​​​បណ្តេញ​​​ចេញ​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​។ វា​​​បង្កើត​​​នូវ​​​ទម្លា​​​ប់​​​ដ៏​​​គ្រោះថ្នាក់​​​ ដែល​​​​​​កាត់​​​បន្ថយ​​​សេរីភាព​​​ តាម​​​​​​លទ្ធិប្រជា​​​ធិបតេយ្យ​​​ដែល​​​ទន់​​​ខ្សោយរួច​​​ទៅ​​​ហើយ​​​​​​របស់​​​កម្ពុជា​​​”។

លើក​​​ចុង​​​ក្រោយ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ព្យាយាម​​​បណ្តេញ​​​ជន​​​បរទេស​​​ម្នាក់​​​ចេញ​​​ដោយ​​​សារ​​​ទិដ្ឋាការ​​​ផុត​​​សុពល​​​ភាព​​​គឺ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៥​​​ បន្ទាប់​​​ពី​​​​​​ការ​​​បណ្តេញ​​​អង្គការ​​​ក្លូប៊ល​​​វីតណេស ជា​​​អង្គការ​​​ឃ្លាំ​​​មើល​​​បរិស្ថានដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ចក្រ​​​ភព​​​អង់គ្លេស​​​ ដោយ​​​សារ​​​ខ្លួន​​​បាន​​​សរសេរ​​​របាយការណ៍​​​ស្តីពី​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​នគរ​​​បាល​​​ និ​ង​​​យោធា​​​នៅ​​​ក្នុង​​​ជំនួញ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​នេះ។ របាយការណ៍​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ពេល​​​នោះបាន​​​ចោទ​​​ប្រកាន់​​​អង្គការ​​​នេះ​​​ថា និយាយ​​​មួល​​​បង្កាច់​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​របស់​​​ខ្លួន អង្គការ​​​មាតា​​​ធម្មជាត​​​ិ បាន​​​លើក​​​ឡើង​​​ថា ការ​​​ងារ​​​របស់​​​ខ្លួន​​​នឹង​​​នៅ​​​តែ​​​បន្ត​​​ ទោះ​​​បី​​​ជា​​​មាន​​​ ឬ​​​គ្មាន​​​វត្ត​​​មាន​​​នាយក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ក្តី​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “ទោះ​​​បី​​​គ្មាន អាឡិច ក៏​​​យើង​​​នឹង​​​បន្ត​​​តស៊ូ​​​ប្រឆាំង​​​ទំនប់​​​អារ៉ែង​​​ដដែល​​​ ហើយ​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​សកម្មជន​​​ធម្មជាតិ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​អន្តរ​​​ជាតិ​​​ចូល​​​រួម​​​ការ​​​តស៊ូ​​​របស់​​​យើង​​​។ ការ​​​តស៊ូ​​​បញ្ឈប់​​​ក្រុមហ៊ុន ស៊ីណូហាយ​​​ដ្រូ គ្រុប របស់​​​ចិន​​​​​​មិន​​​ឲ្យ​​​សាង​​​សង់​​​ទំនប់​​វារី​​​អគ្គិសនី​​​ជាយអារ៉ែង​​​ នៅ​​​ក្នុង​​​ព្រៃ​​​ការពារ​​​ភ្នំ​​​ក្រវាញ​​​ដ៏​​​ស្រស់​​​ស្អាត​​​របស់​​​កម្ពុជា​​​ នឹង​​​នៅ​​​តែ​​​បន្ត”។

រដ្ឋាភិបាល​​​បាន​​​និយាយ​​​សម្រាល​​​ផល​​​ប៉ះពាល់​​​ផ្នែក​​​បរិស្ថាន​​​​​​ដែល​​​អាច​​​កើត​​​មាន​​​ដោយសារ​​​ក្នុង​​​គម្រោង​​​នេះ​​​ ហើយ​​​បាន​​​សរសើរ​​​ពី​​​​​​អត្ថប្រយោជន៍​​​របស់​​​វា​​​​​​រួម​​​មាន​​​ការ​​​ងារ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​មូល​​​ដ្ឋាន​​​ និង​​​តម្លៃ​​​អគ្គិសនី​​​ថោក​​​។

ខ្លួន​​​បាន​​​ប្ដេជ្ញា​​​បើ​​​ក​​​ភ្លើង​​​ខៀវ​​​ដល់​​​គម្រោង​​​នេះ ​​​​​​​​​​​​​​​ប្រសិន​​​បើ​​​ការ​​​វាយ​​​តម្លៃ​​​ផល​​​ប៉ះពាល់​​​ដែល​​​កំពុង​​​បន្ត​​​​​​ ត្រូវ​​​ការ​​​វា​​​។ ប៉ុន្តែ ក្រុម​​​ប្រឆាំង​​​មាន​​​ការ​​​ប្រយ័ត្ន​​​ប្រយែ៉ង​ ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​បាន​​​​​ចាប់​​​ផ្តើម​​​ចរចា​​​ជាមួយ​​​គ្រួសារ​​​នៅ​​​ក្នុង​​​ជ្រលង​​​ភ្នំអារ៉ែង​​​ អំពី​​​ការ​​​ផ្លាស់​​​ទី​​​លំនៅ​​​រួច​​​ហើយ​​​ ហើយ​​​ក្រុម​​​ហ៊ុន សីុណូហាយ​​​ដ្រូ ក៏បាន​​​ចុះ​​​ហត្ថលេខា​​​ជា​​​មួយ​​​ក្រុម​​​សំណង់​​​មួយ​​​រួច​​​ហើយ​​​​​​ដែរ​​​។

សូម​​​បញ្ជាក់​​​ថា ប្រទេស​​​អេស្ប៉ាញ​​​គ្មាន​​​ស្ថាន​​​ទូត​​​​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​ទេ​​​។ លោក​​​ ហ្សង់​​​ហ្វ្រង់ស័រ​​​ កូតាំង​​​ ឯក​​​អគ្គរដ្ឋ​​​ទូត​​​សហភាព​​​អឺរ៉ុប​​​​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា គណៈប្រតិភូ​​​របស់​​​លោក​​​នឹង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​បញ្ហា​​​កុង​​​ស៊ុល​​​របស់​​​​​​បណ្តា​​​ប្រទេស​​​ជា​​​សមាជិក​​​ទេ​​​រួម​​​ទាំង​​​ការ​​​បណ្តេញ​​​លោក អាឡិច​​​ ចេញ​​​ផង ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា សហភាព​​​អឺរ៉ុប​​​​​​គាំទ្រ​​​ការ​​​ជជែក​​​ដេញ​​​ដោយ​​​បើក​​​ចំហ​​​ និង​​​មាន​​​តម្លាភាព​​​អំពី​​​ផល​​​ប៉ះពាល់​​​នៃ​​​គម្រោង​​​ហេដ្ឋារចនាសម្ពន្ធនានា។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “សហភាព​​​អឺរ៉ុប​​​ជឿ​​​ថា ផល​​​ប៉ះពាល់​​​ផ្នែក​​​បរិស្ថាន​​​និង​​​សង្គម​​​នៃ​​​គម្រោង​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ គួរ​​​តែ​​​​​​ត្រូវ​​​បាន​​​​​​វាយ​​​តម្លៃ​​​​​​ល្អិត​​​ល្អន់​​​ និង​​​មាន​​​ការ​​​ចែក​​​រំលែក​​​ ហើយ​​​បើ​​​ក​​​​​​ផ្លូវ​​ឲ្យ​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ក្នុង​​​ចំណោម​​​ភាគ​​​ី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​ល្អ​​​បំផុត​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​គ្រប់​​​រូប​​​​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ហ៊ុល រស្មី)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស