តំណាងកម្មករ និងមន្ត្រីក្រសួងការងារបានឲ្យដឹងថា កម្មការិនីជាង៦០នាក់បានដួលសន្លប់ពេលកំពុងធ្វើការនៅរោងចក្រស្បែកជើងមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកម្សិលមិញ។
លោក លៀង ដា តំណាងកម្មករបានមានប្រសាសន៍ថា កម្មការិនី៦២នាក់បានដួលសន្លប់បន្ទាប់ពីឃើញកម្មការិនីមានផ្ទៃពោះម្នាក់ដួលសន្លប់នៅរោងចក្រ Grand East Footwear International ដែលកាន់កាប់ដោយជនជាតិចិនតៃវ៉ាន់។
លោក ដា បានមានប្រសាសន៍ថា “ដំបូងស្ត្រីមានផ្ទៃពោះរូបនេះបានដួលសន្លប់ ហើយបន្ទាប់មកកម្មការិនីផ្សេងទៀតបានដួលសន្លប់ដែរ។ ការដួលសន្លប់នេះបណ្តាលមកពីសីតុណ្ហភាពនៅរោងចក្រក្តៅខ្លាំងដែលមិនមានកង្ហារ និងកង្ហារបឺតក្លិនគ្រប់គ្រាន់ បណ្តាលឲ្យធុំក្លិនសារធាតុគីមីយ៉ាងខ្លាំងនៅក្នុងរោងចក្រ”។
លោក ប៉ុក វណ្ណថាត ប្រធានគណៈកម្មការស្រាវជ្រាវ និងទប់ស្កាត់ការដួលសន្លប់នៅក្រសួងការងារបានមានប្រសាសន៍ថា សីតុណ្ហភាពនៅក្នុងរោងចក្របានឡើងដល់៣៣.២អង្សាសេ កាលពីម្សិលមិញ ហើយថា រដ្ឋាភិបាលបានស្នើឲ្យរោងចក្រនេះបិទរហូតដល់ថ្ងៃពុធ ខណៈដែលកំពុងជួសជុលប្រព័ន្ធខ្យល់ចេញចូលឲ្យបានស្រួល។
កាលពីថ្ងៃសៅរ៍ កម្មករប្រហែល៥០នាក់បានដួលសន្លប់នៅរោងចក្រស្បែកជើងមួយទៀតក្នុងខេត្តកំពង់ឆ្នាំង រីឯកាលពីសប្តាហ៍មុន រោងចក្រមួយក្នុងខេត្តស្វាយរៀង បានបិទបណ្តោះអាសន្ន បន្ទាប់ពីកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងចំនួនដ៏ច្រើនពីរលើកផ្សេងគ្នា៕សារុន