41.3 C
Phnom Penh

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​​​​​​ផ្ដល់​​ដំបូន្មាន​ដល់​អ្នកនាំពាក្យ​ក្មេង​ខ្ចី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​ និង​លោក ឈឹម​ ផលវរុណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​អ្នក​នាំពាក្យ​​ក្មេង​ខ្ចី​របស់​រដ្ឋាភិបាល​​នៅ​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ម្សិលមិញ​ថា អ្នក​នាំពាក្យ​គួរ​តែ​បដិសេធ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ ដែល​ខ្លួន​មិន​ច្បាស់​លុះ​ត្រាតែ​ខ្លួន​អាច​បញ្ជាក់​ពីការ​ពិត​ ហើយ​គួរ​តែ​មាន​ភាព​សកម្ម​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​ទស្សនរបស់​រដ្ឋាភិបាល​។cam-photo-spokesmen

នៅ​ក្នុង​​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​​ព័ត៌មាន​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក ផៃ ស៊ីផាន ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ ដែល​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធសភា​​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​លើក​ឡើង​ថា ពេល​វេលា​ដែល​លោក​ធ្វើ​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​​បាន​បង្រៀន​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ផ្ដល់​​ចម្លើយ​ប្រកប​ដោយ​ទំនុក​ចិត្ត ទោះបី​ជា​នៅ​ពេល​មិន​ច្បាស់​អំពី​ការ​ពិត​ក៏ដោយ។

លោក​បាន​រៀបរាប់​ឡើង​វិញ​នូវ​​ព្រឹត្តិការណ៍​មួយ​​នៅពេល​លោក​ប្រឈម​នឹង​ពាក្យ​ចរចាម​អារ៉ាម​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ក្នុង​​គ្រោះ​ថ្នាក់​រថយន្ត​មួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​មួយ ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ដែល​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ថា សម្ដេច [ហ៊ុន សែន​] បានទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។ ភ្លាមៗ​នោះ​មាន​គេ​ហៅ​ទូរស័ព្ទ​​ហើយ​សួរ​អំពី​ហេតុការណ៍​នេះ។ នៅ​ពេល​នោះ​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ‘ទេ ព័ត៌មាន​នេះ​មិន​ពិត​ទេ’ ខណៈ​គាត់​បាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​នៅ​ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កំពុង​សោម”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​ជា​អ្នក​​នាំពាក្យ​ ហេតុ​ដូច្នេះ​យើង​ត្រូវ​តែ​ឆ្លើយ​នឹង​សំណួរ​ដំបូង​ថា ‘ រឿង​នោះ​មិន​ពិត​ទេ’ ហើយ​បន្ទាប់​មក​ទៀត​យើង​ហៅ​ទូរស័ព្ទ​ទៅ​​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ថា តើ​វា​ពិត​ឬ​ក៏មិន​ពិត​”។

លោក​ ផៃ ស៊ីផាន ក៏​បាន​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​នាំពាក្យ​​ក្មេង​ខ្ចី​​ ដែល​បាន​មក​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​ថា ត្រូវ​​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​វិជ្ជមាន​ ជា​ជាង​គ្រាន់​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​សំណួរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដែល​ឃើញ​អ្នក​នាំពាក្យ​ចេះ​ផ្ដល់​​​ព័ត៌មាន​​ទៅ​ឲ្យ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ លុះ​ត្រា​តែ​មាន​គេ​សួរ​ទើប​ឆ្លើយ។ អ្នក​នាំពាក្យ​និយាយ​តិច​តួច​ណាស់​ក្នុង​មួយខែៗ​ ពួកគេ​គ្រាន់​តែ​និយាយ​នៅ​ពេល​បញ្ហា​​​កើត​ឡើង​ក្នុង​ឱកាស​ណា​មួយ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​យើង​អាច​ហៅ​បាន​ថា ជា​ប្រតិ​សកម្ម​”។

បន្ទាប់​មក លោក​ ឈឹម ផលវរុណ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​នាំពាក្យ​មួយ​រូប​ក្នុង​ចំណោម​អ្នក​នាំពាក្យ​ចំនួន​បី​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ដើម​ខែ​នេះ បាន​ឡើង​ទៅ​កាន់​វេទិកា​ ដោយ​ប្រាប់​​អ្នក​ចូល​រួម​ទាំង​នោះ​ថា អ្នក​យក​ព័ត៌មាន​​មកពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​សួរ​សំណួរ​ដឹក​មុខ និង​លម្អៀង​។

អតីត​អ្នក​វិភាគ​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ដែល​គាំទ្រ​រដ្ឋាភិបាល​រូប​នេះ បាន​លើក​ឡើង​ថា ​ដើម្បី​ទប់​ទល់​នឹង​​បញ្ហា​បែប​នេះ​ អ្នក​នាំពាក្យ​ដាច់​ខាត​ត្រូវ​តែ​​ដឹង​សវតា​រឿង​​​ឲ្យ​បាន​ច្បាស់​ ហើយ​​រក្សា​គោល​ជំហរ​របស់​ខ្លួន​​នៅ​ពេល​ប្រឈម​​​ជាមួយ​អ្នក​សម្ភាស​ដែល​ផ្ចាញ់​ផ្ចាល។

លោក​បានមាន​ប្រសាសន៍​ថា “ធ្វើ​ជា​​អ្នក​នាំពាក្យ​មួយ​រូប​ដាច់​ខាត​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្រើន ហើយ​យល់​អំពី​រឿង​រា៉វ​​ឲ្យ​បាន​ច្បាស់។ យើង​ត្រូវ​តែ​ដឹង​ថា អ្នក​យក​ព័ត៌មាន​ដែល​សួរ​សំណួរ​មក​យើង​មិន​មែន​ជា​គោល​ដៅ​នៃ​ចម្លើយ​របស់​យើង​ឡើយ​។ ទោះ​បីជា​​អ្នក​កាសែត​សួរ​យើង​ក៏ដោយ យើង​​កុំ​និយាយ​ទៅ​កាន់​អ្នក​កាសែត យើង​​ត្រូវ​និយាយ​​ទៅ​កាន់​សាធារណ​ជន ព្រោះ​យើង​មិន​ចង់​ឲ្យ​ពួកគាត់​យល់​ច្រឡំ​ដោយ​សារ​គោល​​បំណង​អាក្រក់​ [របស់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​] ដែល​រំលោភ​សិទ្ធិសេរី​ភាព​របស់​យើង​ក្នុង​ការ​បញ្ចេញ​មតិឡើយ​​”។

លោក ឈឹម ផលវរុណ ក៏​បាន​រិះគន់​អ្នក​នាំពាក្យ​បច្ចុប្បន្ន​​​ដែល​មិន​បាន​ចេញ​មក​បក​ស្រាយ​ការ​ពារ​រដ្ឋាភិបាល​ផង​ដែរ ដោយ​លើកពី​​ឧទាហរណ៍​របស់​​លោក អាឡិច ហ្គន់​ហ្សាឡេស ដាវីតសុន (Alex Gonzales-Davidson) សកម្មជន​ការ​ពារ​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​និទរទេស​កាលព​ី​ម្សិលមិញ បន្ទាប់ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​​គម្រោង​​សាង​សង់​​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាស​មួយ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ គ្រាន់​តែ​ជនបរទេស​ម្នាក់​ បុគ្គល​ឯកជន​ម្នាក់​​បាន​ធ្វើ​ការ​រិះគន់​សកម្មភាព​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​​ក្រសួង​​មាន​សមត្ថកិច្ច​មិន​បាន​ចេញ​មក​ការ​ពារ​បញ្ហា​នេះ​ឡើយ​”។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​​​ដែល​ដឹង​ថា​ ខ្លួន​ត្រូវ​ទប់ទល់​ជាមួយ​អ្នក​យកព័ត៌មាន​​ ហើយ​មិន​ត្រូវ​មាន​អារម្មណ៍​ភិត​ភ័យ​ក្នុង​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ គឺ​ជា​​បុគ្គល​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​​ក្នុង​ការ​​ការ​ពារ​​នៅ​ក្នុង​បរិយាកាស​មួយ ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តែង​តែ​មាន​បំណង​​​​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​សម្រាប់​គណបក្ស​ប្រឆាំង​។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​ថា ​ការ​ងារ​ដែល​យើង​ត្រូវ​ធ្វើ​គឺ​​ផ្ដោត​​លើ​ការ​កា​រពារ​ ដើម្បី​កុំ​ឲ្យ​គេ​មាន​បំណង​​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស