អធិការនគរបាលខណ្ឌម្នាក់បានឲ្យដឹងថា ស្ត្រីអាយុ២២ឆ្នាំម្នាក់ត្រូវគេបាញ់ចំដៃកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ ខណៈនាងតដៃជាមួយចោរចំនួនពីរនាក់ ដែលប៉ុនប៉ងឆក់យកកាបូបពីនាង។
លោក ថេង កុសល អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា ស្ត្រីរូបនេះកំពុងបើកម៉ូតូតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ នៅម៉ោងប្រហែល៧ព្រឹក នៅពេលជនសង្ស័យពីរនាក់បានព្យាយាមឆក់យកកាបូបពីនាង។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះត្រូវជនសង្ស័យបាញ់ត្រូវចំដៃឆ្វេងនៅពេលនាងប្រវាយប្រតប់ជាមួយជនសង្ស័យពីរនាក់ ដែលព្យាយាមទាញយកកាបូបពីនាង។ នាងបានរងរបួសស្រាល”។
លោក កុសល បានបន្ថែមទៀតថា ជនសង្ស័យមិនអាចឆក់យកកាបូបពីស្ត្រីរូបេនះបានឡើយ ហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុ។ លោកបានមានប្រសាសន៍បន្តទៀតថា “ជនសង្ស័យមិនអាចយកកាបូបរបស់ស្ត្រីរូបនេះបានឡើយ ហើយពួកគេបានគេចខ្លួននៅពេលពលរដ្ឋនៅក្នុងតំបន់នោះបានចាប់ផ្ដើមស្រែកថា ចោរៗ”៕ ស៊ុយឈាង