29 C
Phnom Penh

កំហឹង​តាំង​ពី​១០​ឆ្នាំមុន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​កាប់បុរស​ម្នាក់​រហូត​ដល់ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយថា កសិករ​អាយុ​៣២ឆ្នាំម្នាក់​​ត្រូវបាន​កាប់​​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​ខាងក្រៅ​ពិធីរៀប​​​អាពាហ៍ពិពាហ៍​​​​​​មួយ​​​ក្នុង​ខេត្ត​​​ព្រៃ​​​វែង កាលពី​យប់ថ្ងៃអាទិត្យ​ក្នុង​អ្វី​ដែល​នគរបាល​ជឿថា ជាការ​វាយ​ប្រហារសងសឹក​​ពីសំណាក់យុវជន​​អាយុ​២០ឆ្នាំម្នាក់​ដែល​ចង​កំហឹង​តាំងពី​កុមារភាព​ដោយសារ​​ការ​ធ្វើឲ្យ​កូនក្របី​របស់គ្រួសារ​ខ្លួនងាប់​​កាលពី​មួយ​ទសវត្សរ៍​កន្លង​​មក​​។

លោក​​​វរសេនីយ៍​​​ឯក​​​ ឈួន គឹមសាន់ មេបញ្ជាការ​​​រង​​​កង​​​រាជ​អាវុធហត​្ថខេត្ត​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​រងគ្រោះ ឈ្មោះ ខន សុផា ទើប​តែ​បាន​ចាក​ចេញ​​ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​ក្នុង​ឃុំថ្មពូន​ ស្រុក​ញ្ជ្រៀចនៅម៉ោង​​៨និង​២០នាទីយប់​កាលពី​ថ្ងៃ​អាទិត្យ​នៅពេល​ ឃៀន វិច្ឆិកា បាន​ចេញពី​កន្លែង​លាក់ខ្លួន​ ហើយ​បាន​ដកពូថៅ​កាប់​ជន​រងគ្រោះ​ចំផ្នែក​ចំហៀងក្បាលមួយ​ពូថៅ​និង​មួយ​ពូថៅទៀត​ចំ​​ត្រង់ក​។

លោកវរសេនីយ៍ឯក គឹម​​​សាន់ បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ខន សុផា ត្រូវ​ពីរពូថៅ​ត្រង់​ត្រចៀក​ខាងស្តាំ និង​ក ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ពេលបញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់​ចាម។ ឃាតករ​វ័យ​២០ឆ្នាំរូប​នេះ​បាន​រត់គេ​ច​ខ្លួន​បាត់​ ប៉ុន្តែ​​យើង​បាន​រកឃើញម៉ូតូ​របស់​ជន​នេះ​ដែល​ទុក​ចោល​នៅ​កន្លែង​ផ្ញើម៉ូត​ូ​”។

លោកបាន​បន្ថែមថា សំឡេង​​តន្ត្រីឮនៅ​ពិធី​មង្គលការ​នោះ​ធ្វើ​ឲ្យ​យើង​មិនឮការ​វាយ​ប្រហារនោះ ហើយ​ដំបូង​អ្នក​ឈរមើល​​មិន​ដឹង​ពី​អ្វី​ដែលបាន​កើត​ឡើង​ឡើយ រហូតដល់​​ជន​រងគ្រោះ​ដែលបាន​រង​របួស​យ៉ាង​ខ្លាំង​នោះ​ បាន​​ដើរ​ទ្រត​ទ្រោត​កាត់​កន្លែង​ផ្ញើម៉ូតូ​ដោយ​មាន​ឈាមហូរ​ចេញពី​មុខ​របួស​ បន្ទាប់មក​​បាន​ដួល​ចម្ងាយ​ប្រហែល​២០ម៉ែត្រ​ពី​កន្លែង​កាប់។

លោក ចាន់ រិទ្ធ អធិការ​នគរបាល​ស្រុក​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​របស់គាត​់ ភ្ញៀវ​ចូលរួម​ពិធី​មង្គលការ​ បាន​លើក​ជន​រងគ្រោះ​ដាក់​ម៉ូតូ ហើយ​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​​ ប៉ុន្តែគាត​់​បាន​ស្លាប់​មុនពេល​ទៅ​ដល់​មន្ទីរពេទ្យ​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “គ្មានករណីដូចនេះ​ធ្លាប់កើត​ឡើង​នៅក្នុង​ឃុំថ្មពូនទេ”។ លោក​បាន​បន្ថែមថា មាន​ការ​ចងកំហឹង​រវាងគ្រួសារ​​ជន​សង្ស័យ​វ័យ​ក្មេង​និង​កសិករ​រូបនេះ​ដោយ​សារ​គាត់​មិន​បាន​ផ្តល់​សំណង​ដល់​ពួកគេ​ចំពោះ​ការធ្វើ​ឲ្យ​កូនក្របី​របស់​ពួកគេ​ងាប់​ដោយ​អចេតនាកាលពី​១០ឆ្នាំមុន។​​

លោក រិទ្ធ បានមាន​ប្រសាសន៍ថា “ជន​សង្ស័យ​បាន​សម្រេច​ចិត្ត​សម្លាប់​ជន​រងគ្រោះ​កាល​ពី​យប់​ថ្ងៃអាទិត្យ ហើយ​ខណៈពេល​គាត់​ផឹក​ស្រា បាន​យក​ពូថៅកាប់​ជនរងគ្រោះ​​រហូត​ដល់​ស្លាប់​តែម្តង”។ លោក​បាន​បន្ថែមថា “ឥឡូវនេះ ឃាតករ​រូប​នេះកំពុង​រត់​គេចខ្លួន​ ហើយ​ទំនង​ជា​រត់ចេញពី​ស្រុក​នេះ។ ប៉ុន្តែ នេះជា​ករណីមនុស្សឃាត​ ដូច្នេះ​ជន​ដៃដល់​រូបនេះ​នឹង​មិន​អាច​គេចខ្លួន​ពី​សំណាញ់​របស់នគរបាល​យើង​បានឡើយ”៕សារុន​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស