38 C
Phnom Penh

មេដឹកនាំ​សហជីព​មួយ​រូប​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​គំរាម​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ប៉ាវ ស៊ីណា មេដឹកនាំ​សហជីព​មួយ​រូប​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ បន្ទាប់ពី​អ្នក​រដ្ឋបាល​ម្នាក់​​នៅ​​រោងចក្រ​មួយ​​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន ក្នុង​ខេត្ត​ស្វាយរៀង បាន​ប្រាប់​សមាជិក​ចំនួន​បី​នាក់​ផ្សេង​ទៀត​របស់​សហជីព​លោក​ថា ម្ចាស់​រោងចក្រ​មួយ​ចំនួន​​​កំពុង​តែ​រៃអង្គាស​ប្រាក់​គ្នា ដើម្បី​ជួល​ឃាតករ​ឲ្យ​សម្លាប់​លោក​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​និយាយ​ថា “យើង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ហើយ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ការ​ពារ​ពី​ក្រសួង​​សម្រាប់​សុវត្ថិភាព​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្ញុំ បន្ទាប់ពី​មាន​ការ​គំរាម​កំហែង”។ លោក​បាន​បន្ថែម​ថា ​លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

យោង​តាម​​លោក ប៉ាវ ស៊ីណា បាន​ឲ្យ​ដឹង​ទៀត​ថា សមាជិក​ចំនួន​បី​នាក់​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​ជួប​ជាមួយ​អ្នក​រដ្ឋបាល​​ជនជាតិ​ចិន​ម្នាក់​​ ដែល​កម្មករ​ស្គាល់​​ថា មាន​ឈ្មោះ​ លីម មក​ពី​រោងចក្រ​ Beautiful Windows នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ​ក្នុង​ក្រុង​បាវិត កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ដើម្បី​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សហជីព​មួយ​កាលពី​ខែ​មករា។

លោក ប៉ាវ ស៊ីណា បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា “យោង​តាម​សមាជិក​របស់​ខ្ញុំ និង​​ខ្សែ​អាត់​សំឡេង​មួយ គាត់​​ [លោក លីម] បាន​និយាយ​ថា ម្ចាស់​រោងចក្រ​​​មួយ​ចំនួន​កំពុង​តែ​រៃ​អង្គាស​ប្រាក់​​ដើម្បី​ជួល​ឃាត​ករ​ឲ្យ​មក​សម្លាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​​​​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​កម្មករ​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​ផ្សេងៗ និង​សិទ្ធិ​របស់​ខ្លួន​”។

នៅ​ក្នុង​ខ្សែអាត់​សំឡេង​ផ្ដល់​ដោយ​លោក ប៉ាវ ស៊ីណា គេ​សង្ស័យ​ថា បុរស​ដែល​បក​ប្រែ​ឲ្យ​លោក លីម អំឡុង​ការ​ប្រជុំ​កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ​បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា “មាន​រោងចក្រ​មួយ​ចំនួន​​​កំពុង​តែ​រៃអង្គាស​ប្រាក់​គ្នា​ដើម្បី​ជួល​មនុស្ស​ឲ្យ​មក​សម្លាប់​មេដឹកនាំ​សហជីព​រូប​នេះ​”។

លោក ប៉ាវ ស៊ីណា មិន​បាន​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ​របស់​បុរស​ដែល​បាន​និយាយ​​នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​នេះ​ឡើយ ហើយ​ខ្សែ​អាត់​សំឡេង​ភាគច្រើន​គឺ​មិន​ឮសំឡេង​ទេ។

យោង​តាម​លោក ធឿន ស៊ីនឿន សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​បី​នាក់​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​នោះ​​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ Beautiful Windows មិន​បាន​បញ្ចូល​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​នៅ​ក្នុង​ជម្រើស​​នៃ​ការ​បោះ​ឆ្នោត​​កាលពី​ថ្ងៃទី​២៣ ខែ​មករា សម្រាប់​កម្មករ​ជ្រើស​រើស​សហជីព​មួយ​ដើម្បី​​ធ្វើ​ជា​តំណាង​ខ្លួន​ឡើយ។

លោក​ ស៊ីនឿន បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា តែ​ផ្ទុយ​ទៅវិញ ជម្រើស​តែមួយ​គត់​របស់​កម្មករ​ គឺ​ជ្រើស​រើស​សហជីព​ដែល​រៀបចំ​ដោយ​រោងចក្រ​ផ្ទាល់​។ លោក​បាន​បន្ត​ថា លោក​​និង​​សមាជិក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​ផ្សេង​ទៀត​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​​សារជាថ្មី។

លោក​បាន​និយាយ​ថា “ពួកគេ​ [អ្នក​គ្រប់​គ្រង​រោងចក្រ​] មិន​ចង់​ឲ្យ​មាន​​សហជីព​នៅ​ក្នុង​រោងចក្រ​​របស់​ខ្លួន​ឡើយ​ ព្រោះ​ការ​ធ្វើ​ដូច្នេះ​វា​ងាយ​ស្រួល​សម្រាប់​​ពួក​គេ​ក្នុង​ការ​គ្រប់​គ្រង​កម្មករ​”។

គេ​មិន​អាច​ទាក់​ទង​តំណាង​របស់​រោងចក្រ Beautiful Windows​ ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​មិន​អាច​​ទាក់​ទង​បាន​​ដែរ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ជាន់​ខ្ពស់​​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​លើក​ឡើង​ថា ការ​គំរាម​សម្លាប់​​នេះ​គួរ​តែ​​ចាត់​ទុក​ថា ជា​រឿង​ធ្ងន់​ធ្ងរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​មាន​ការ​ព្រួយ​បារម្ភអំពី​សុវត្ថិភាព​របស់​គាត់​ ព្រោះ​ជីវិត​របស់​គាត់​​កំពុង​ត្រូវ​បាន​គំរាម​កំហែង​។ វា​គឺ​ដូច​ជា​ករណី​របស់​លោក ជា វិជ្ជា​។ ដំបូង​ឡើយ​គាត់​ត្រូវ​បាន​គេ​​គំរាម​ ហើយ​បន្ទាប់​មក​​គេ​បាន​សម្លាប់​គាត់​តែ​ម្ដង”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស