31 C
Phnom Penh

យុវជន​មួយ​ក្រុម​ប្រើ​កាំបិត​​កាប់​ភ្ញៀវ​​អំឡុង​ពិធី​មង្គល​ការ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​នៅ​ក្នុង​ខេត្ត​មណ្ឌល​​គិរី​​បាន​ចាប់​ខ្លួន​​យុវជន​បី​នាក់ បន្ទាប់ពី​ពួកគេ​​បាន​សម្រុក​ចូល​​​ក្នុង​ពិធី​មង្គល​ការ​មួយ​​ក្នុង​ស្រុក​កែវ​សីមា​​កាលពី​ម្សិលមិញ ហើយ​បាន​​យក​កាំបិត​កាប់​ភ្ញៀវ​​ដោយ​បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់។

​លោក ស៊ុន ប៊ុនធឿន អធិការ​នគរ​បាល​ស្រុក​​នេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យុវជន​អាយុ​១៩​ឆ្នាំ​ចំនួន​បី​នាក់ និង​បុរស​ទី៤​ម្នាក់​ទៀត​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​មង្គល​ការ​​ ក្នុង​ឃុំ​មេមង់នៅ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ។

លោក​បានមាន​ប្រសាសន៍​ថា “ជនសង្ស័យ​បាន​កាប់​ជន​រងគ្រោះ​បន្ទាប់ពី​ពួកគេ [ជន​សង្ស័យ​] ចោទ​ប្រកាន់​​​អ្នក​រាំ​ជាមួយ​ថា បាន​ជាន់​ជើង​ខ្លួន​។ យុវជន​មួយ​ក្រុម​នេះ​បាន​ប្រើ​កាំបិត​កាប់​លើ​មនុស្ស​ជា​ច្រើន​នាក់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង”។

លោក ប៊ុនធឿន បាន​លើក​ឡើង​​បន្ត​​​ថា ភ្ញៀវ​ម្នាក់​ឈ្មោះ ស៊ឹម ផាន់ណា អាយុ​៣០​ឆ្នាំ​បាន​ស្លាប់​ដោយ​សារ​របួស​ រីឯ​​​ភ្ញៀវ​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ បន្ទាប់ពី​ជន​សង្ស័យ​កាប់​ត្រូវ​ក្បាល​។

អធិការ​នគរ​បាល​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ជន​សង្ស័យ​បី​នាក់​ក្នុង​ចំណោម​ជន​សង្ស័យទាំង​បួន​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ នៅ​ប្រហែល​ម៉ោង​១​ពាក់​កណ្ដាល​អធ្រាត្រ​ រីឯ​ជន​សង្ស័យ​ទី៤​កំពុង​រត់​គេច​ខ្លួន​។ ទោះ​ជាយ៉ាង​ណា នគរ​បាល​​មិន​បាន​រក​ឃើញ​អាវុធ​​ណាមួយ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​មិន​ដឹងថា ពួកគេ​លាក់​អាវុធ​នៅ​កន្លែង​ណា​ឡើយ ​ប៉ុន្តែ​នៅ​ពេល​​ជម្លោះ​កើត​ឡើង​​ពួកគេ​សុទ្ធ​តែ​មាន​កាំបិត​”។ លោក​បាន​បន្ថែម​ថា ​ជន​សង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​​​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា “ថ្ងៃ​ស្អែក​ យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាក​សួរ​បន្ថែម​”៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស