មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា ប្រជាពលរដ្ឋប្រហែល៤០នាក់ដែលអាជ្ញាធរអះអាងថា រស់នៅលើដីរដ្ឋដោយខុសច្បាប់ ត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ខ្លួនដើម្បីបើកផ្លូវសម្រាប់គម្រោងតំបន់វប្បធម៌ក្នុងក្រុងសៀមរាប។
លោក ខូយ គឹមទួ ប្រធានក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីនៃអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា អនុក្រឹត្យមួយរបស់រដ្ឋាភិបាលចេញក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ បានប្រគល់ដីទំហំ១.០០៧ហិកតានៅក្នុងសង្កាត់នគរធំ ឲ្យទៅអាជ្ញាធរនេះសម្រាប់ធ្វើជា “ទីតាំងទេសចរណ៍វប្បធម៌។
លោកបានមានប្រសាសន៍ទៀតថា កាលពីថ្ងៃអង្គារ មន្ត្រី និងនគរបាលប្រហែល៥០នាក់បានចុះទៅដល់កន្លែងតាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខាងលើនេះដែលមានផ្ទះចំនួន២៦ដែលភាគច្រើនក្នុងចំណោមនោះត្រូវបានកាន់កាប់តិចជាងពីរឆ្នាំ។
លោកបានមានប្រសាសន៍បន្តថា “នៅពេលនគរបាលបណ្តេញអ្នកភូមិទាំងនេះចេញពួកគេបានប៉ះទង្គិចគ្នាពីរបីនាទី ប៉ុន្តែ មិនបានធ្វើឲ្យនរណាម្នាក់រងរបួសទេ”។
លោក ឈុយ វណ្ណថា អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តសៀមរាបបានទទួលស្គាល់ថា អ្នកភូមិភាគច្រើនជា “អ្នកចំណូលថ្មី” ប៉ុន្តែ បានលើកឡើងថា បីគ្រួសារបានរស់នៅលើទីតាំងេនះតាំងពីឆ្នាំ១៩៩៧មកម្លេ៉ះ។ លោកមានប្រសាសន៍ទៀតថា “ពួកគាត់បានមើលថែដីនេះ ពួកគាត់គួរតែទទួលបានសំណង”។
អ្នកភូមិម្នាក់ឈ្មោះ ភៀង ទូច អាយុ៥៨ឆ្នាំដែលស្ថិតនៅក្នុងចំណោមគ្រួសារទាំងបីនេះបាននិយាយថា “ខ្ញុំនឹងចាកចេញ ពីព្រោះវាជាគម្រោងរបស់ពួកគេ ប៉ុន្តែតើខ្ញុំអាចទៅរស់នៅកន្លែងណាបាន បើខ្ញុំគ្មានលុយផងនោះ?”៕សុខុម