ប័ណ្ណសារ

លោក​​​នាយក​រដ្ឋមន្ត្រី​​​លើក​ឡើង​​​ពី​​​គ្រោះ​ថ្នាក់​ដោយ​​​សារ​​​យុទ្ធ​ភណ្ឌ​មិន​​​ទាន់​​​ផ្ទុះ ក្នុង​ទិវា​ដល់​ដឹង​​​ពី​​​គ្រាប់​មីន

By

February 25, 2015

នៅ​ក្នុង​​​សេចក្តី​ថ្លែង​ការណ៍​មួយ​​​ដែល​បាន​​​ចេញ​​​កាល​ពី​​ម្សិល​មិញ​​​ដើម្បី​​​រំឭក​​​ដល់​​​ទិវា​​​ជាតិ​​យល់​ដឹង​​​ពី​​​គ្រាប់​មីន​​​ លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ក្រើន​​​រំឭក​​​ដល់​​​ប្រជា​​​ជន​​​កម្ពុជា​​​ទាំង​អស់​​​ឲ្យ​​​ប្រុង​​​ប្រយ័ត​​​្ន​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​ចំនួនគ្រោះ​ថ្នាក់ដោយ​​​សារ​​​គ្រាប់​មីន​​​ប្រឆាំង​​​រថ​ក្រោះ។

សេចក្ត​ីថ្លែង​ការ​​​ណ៍​ដដែលនេះ​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “​​​គ្រាប់មីន​​​និង​​​យុទ្ធភណ្ឌមិន​​​ទាន់​​​ផ្ទុះ​​​​​​ដែល​បន្សល់ទុក​​​ពី​​​សង្គ្រាម​​​ឥណ្ឌូចិន និង​​​ជម្លោះ​​​ផ្ទៃក្នុង​​​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រយៈពេល​​​បី​​​ទសវត្សរ៍ មិន​​​ត្រឹម​​​តែ​​​បង្ក​​​ឲ្យ​​​មាន​​​សោកនាដកម្ម​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​អាយុ​​​ជីវិត​​​ប្រជា​​​ជន​​​របស់យើង​​​ប៉ុណ្ណោះទេ ថែម​​​ទាំង​​​​​​បង្ក​​​ជា​​​ឧបសគ្គ​​​​​​ក្នុងការ​​​ស្តារ​​​ និង​​​អភិវឌ្ឍ​​​ជីវភាព​​​រស់​នៅ​​​​​​របស់​​​ប្រជា​​​ជន​​ទៀតផង”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​កត់​​​សម្គាល់​​​ថា ក្នុងរយៈពេល​​​២៣ឆ្នាំ​​​ចុងក្រោយ​​​នេះ គ្រាប់មីន​​​ប្រឆាំង​​​មនុស្ស​​​ជាង​​​១លានគ្រាប់  គ្រាប់មីនប្រឆាំង​​​រថក្រោះ​​​ និង​​​យុទ្ធភណ្ឌ​​​មិនទាន់ផ្ទុះ​​​ជាង​​​​​​២.៥០០.០០០គ្រាប់​​​ត្រូវ​​​បាន​​​បំផ្លាញ​។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ប៉ុន្តែ​​​​​​ក្នុង​​​រយៈពេល​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ គ្រោះ​​​ថ្នាក់​​​ដោយ​សារ​​​គ្រាប់មីន​​​ប្រឆាំង​​​រថក្រោះ​​​​​​បាន​​​កើន​​​ឡើង​​​ដោយ​​​សារ​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​កាន់​តែ​​​ច្រើន​​​ឡើង​​​។

លោក ហេង រតនា អគ្គនាយក​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កំចាត់មីន​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសា​សន៍​ថា គ្រោះ​​​ថ្នាក់ដោយ​​​សារ​​​គ្រាប់មីន និង​​​យុទ្ធភណ្ឌមិន​​​ទាន់ផ្ទុះ​​​បាន​​​កើន​​​ឡើង​​​ពី​​​​​​១១១​ករណី​ក្នុង​​​ឆ្នាំ​​​២០១៣ដល់​​​១៥៤ករណី​ក្នុង​​​ឆ្នាំ​​​២០១៤។

លោក​​​បាន​មាន​​​ប្រសាសន៍ថា “យើង​​​បាន​​​កត់សម្គាល់ឃើញ​​​ថា គ្រោះថ្នាក់​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១៤ ជាពិសេស​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង បន្ទាយ​​​មានជ័យ ឧត្តរ​​​មាន​​​ជ័យ និង​​​ខេត្ត​​​ពោធិ៍សាត់​​​ ពីព្រោះ​​​ប្រជាជន​​​​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​​​​សម្រាប់​​​ការ​​​ងារ​​​កសិកម្ម​​​របស់ខ្លួន”៕សារុន​​​