35 C
Phnom Penh

អាជ្ញាធរ​ឃាត់​រថយន្ត​ផ្ទុក​លើសទម្ងន់របស់ក្រុមហ៊ុនលោក​ ទ្រី ភាព ក្នុង​ខេត្ត​ក្រចេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​​ងាក​ទៅ​ឃាត់​ក្បួន​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​ឧកញ៉ា ទ្រី ភាព ដែល​ដឹក​ឈើ​ប្រភេទ​លេខ​១​លើស​ទម្ងន់​​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​អាច​ឃាត់​បាន​តែ​រថយន្ត​ប្រាំគ្រឿង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​រក​ឃើញ​ ដឹក​​លើស​ទម្ងន់​ជិត​ពីរ​ដង​ ដែល​អនុញ្ញាត​ដោយ​ច្បាប់​។

លោក ស្រី សាខុន ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​បានមាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​​ទទួល​បាន​ព័ត៌មាន​ថា រថយន្ត​ក្រុម​ហ៊ុន​ ទ្រី ភាព​ ១៦គ្រឿង​បាន​បើក​បរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ពី​ក្រុង​ស្ទឹង​ត្រែង​មក​កាន់​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៧ ហើយ​ប្រញាប់ប្រញាល់ដាក់​ជញ្ជីង​ថ្លឹង​តាម​ផ្លូវ​ហាយវេក្នុង​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។ ប៉ុន្តែ​មាន​រថយន្ត​ប្រាំគ្រឿង​ប៉ុណ្ណោះ​​បាន​មក​ដល់​ចំណុច​ត្រួត​ពិនិត្យ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឃាត់​រថយន្ត​ទាំង​នេះ ហើយ​ធ្វើ​ការ​ថ្លឹង​ដោយ​រក​ឃើញ​ថា រថយន្ត​មួយ​គ្រឿងៗ​ដឹក​លើស​ទម្ងន់​៣០​តោន។ យើង​បាន​បញ្ជា​ឲ្យ​តំណាង​ក្រុម​ហ៊ុន​ផ្ទេរ​ទំនិញ​ដែល​ផ្ទុក​លើស​ទម្ងន់​នោះ​ទៅ​រថយន្ត​ទទេ ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំង​នោះ​ចាក​ចេញ​នៅ​ថ្ងៃ​ដដែល​ បន្ទាប់ពី​ពួកគេ​បាន​បង់​ប្រាក់​ចំនួន​៦០លាន​​រៀល។

លោក​ សាខុន បាន​មាន​ប្រសាសន៍​ថា រថយន្ត​របស់​លោក ទ្រី ភាព ១១គ្រឿង​ទៀត​បាន​បើក​គេច​ពី​អាជ្ញាធរ​ ពីព្រោះ​ពួកគេ​ទទួល​​បាន​ព័ត៌មាន​ពី​ការ​ដាក់​ជញ្ជីង​ថ្លឹង​នេះ​ ហើយ​បាន​បើក​វាង​តាម​ផ្លូវ​លំ។

​ការ​ស៊ើបអង្កេត​របស់​អង្គការ​ក្លូបល​វីតណេស ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់គ្លេស កាលពី​​ឆ្នាំ​មុន​បាន​រក​ឃើញ​ថា លោក ទ្រី ភាព ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​​ដឹក​​ឈើ​ដែល​កាប់​រួច​ខុស​ច្បាប់​ទាំង​អស់ ដែល​អាជ្ញាធរ​រឹប​អូស​បាន​​​គ្រប់​កន្លែង​នៅ​ក្នុង​​​​ប្រទេស​នោះ ចំពេល​មាន​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំ ដែល​ជំរុញ​ឲ្យ​ប្រភេទ​ឈើ​ការ​ពារ​ក្នុង​ប្រទេស​កម្ពុជា​​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ។ ក្នុង​រយៈ​ពេល​១ខែ​ អ្នក​ស្រាវ​ជ្រាវ​របស់អង្គការ​នេះ​បាន​ឃើញ​​កុង​តឺន័រយ៉ាងតិច​​៣០​គ្រឿង ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​លោក ទ្រី ភាព ​បើក​ចូល​កំពង់ផែ​ក្រុង​ព្រះសីហនុ​រាល់​ថ្ងៃ​។

លោក ហេង ភារក្ស ​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្តក្រចេះ បានមាន​ប្រសាសន៍​ថា កំណាត់​ផ្លូវ​ជាតិ​លេខ​៧ចាប់​ពី​អូរពងមាន់ ជា​តំបន់ភ្ជាប់​ទៅ​​ផ្នែក​ខាង​ត្បូង​ក្រុង​ស្ទឹង​ត្រែង និង​ក្រុង​ក្រចេះ​បាន​ខូចរហូត​​​ដោយ​សារ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​របស់​លោក ទ្រី ភាព​។

លោក​បានមាន​ប្រសាសន៍​ថា “យើង​បាន​​ឃើញ​ផ្លូវ​ពី​អូរពងមាន់​ដល់ទីប្រជុំជន​​ខេត្ត​ក្រចេះ​ បាន​ខូច​បន្ទាប់ពី​ក្រុម​ហ៊ុន​​ ទ្រី ភាព ទទួល​បាន​​អាជ្ញាប័ណ្ណ​ដឹក​ឈើ​ពី​បណ្ដាខេត្ត​នានា​មក​កាន់​រាជធានី​ភ្នំពេញ​”។

លោក ភារក្ស បាន​មាន​​ប្រសាសន៍​ថា កំណាត់​ផ្លូវ​ហាយវេ​នោះ ត្រូវ​បាន​ក្រាល​កៅស៊ូ​ឡើង​វិញ​កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​ត្រូវ​បាន​ក្រាល​កៅស៊ូ​ម្ដង​ទៀត​កាលពី​ឆ្នាំ​២០១៤ គឺ​ខូច​ដោយ​សារ​រថយន្ត​ធុន​ធំក្នុង​ចន្លោះឆ្នាំ​នោះ។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ផ្លូវ​នឹង​ត្រូវ​ខូច​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ ប្រសិន​បើ​​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មិន​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រ៉ឹង​លើ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​របស់​ក្រុម​ហ៊ុន​ ទ្រី ភាព ទេ​នោះ​”។

លោក សោម ផានី ប្រធាន​ការិយាល័យ​រដ្ឋបាល​ក្រុម​ហ៊ុន​ ទ្រី ភាព ក្នុង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស