32.9 C
Phnom Penh

គណបក្ស​ហ្វុ៊នស៊ិន​ប៉ិច​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​តែងតាំង​អគ្គ​លេខា​ធិការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះអង្គម្ចាស់​ នរោត្ដម រណឫទ្ធិ ​​ជា​ប្រធាន​គណបក្ស​បក្ស​រាជានិយម​ហ្វុ៊នស៊ិនប៉ិច​ដែល​ត្រូវបាន​តែង​តាំង​តែង​តាំង​ថ្មីៗ និង​លោក ញឹក ប៊ុនឆៃ ​អនុប្រធាន​ទី២​គណបក្ស​បាន​ខ្វែង​គំនិត​គ្នា​កាល​ពី​ម្សិល​មិញជុំ​វិញ​សុពល​ភាព​នៃ​ការ​តែង​តាំង​លោក សាយ ហាក់ អតីត​អភិ​បាល​ខេត្ត​ព្រះសីហនុ ជា​អគ្គលេខាធិការ​គណបក្ស​។

លោកទាំង​ពីរ​​បាន​ខ្វែង​គំនិត​គ្នា​ជា​សាធារណៈ​កាលពី​ចុង​សប្ដាហ៍​អំពី​អ្នក​ដែល​អាច​ចេញ​លិខិត​ផ្លូវ​ការ​​របស់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ ដោយ​លោក​ សាយ ហាក់​ ជា​សម្ពន្ធ​មិត្ត​របស់​ព្រះ​អង្គម្ចាស់ និង​លោក ញឹក ប៊ុនឆៃ ដែល​លោក​ទាំង​ពីរ​អះអាង​ថា ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ទៅវិញ​ទៅមក​សរសេរ​ដោយ​មាន​ក្បាល​លិខិត​​របស់​គណបក្សនោះ​​ មិនមែន​ជា​ឯកសារ​ផ្លូវ​ការ​របស់​គណបក្ស​ឡើយ។

លោក ញឹក ប៊ុនឆៃ បានមាន​ប្រសាសន៍​ថា តាមពិត​លោក សាយ ហាក់ មិន​មែន​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ទេ ចំណែក​ឯលោក​ សាយ ហាក់ បាន​លើក​ឡើង​ថា លោក ញឹក ប៊ុនឆៃ មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​គ្មាន​ព្រះហត្ត​លេខា​របស់​ព្រះ​អង្គម្ចាស់​បាន​ឡើយ​។

កាលពី​ម្សិលមិញ អគ្គលេខាធិការដ្ឋាន​គណបក្ស​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​អះអាង​ជា​ថ្មី​អំពី​ការ​តែង​តាំង​លោក សាយ ហាក់ ហើយ​បាន​បន្ទោស​លោក ញឹក ប៊ុនឆៃ និង​ព្រះ​អង្គម្ចាស់ក្សត្រី​​ នរោត្ដម អរុណរស្មី ​ជា​អនុប្រធាន​ទី១​ថា បាន​ជ្រៀត​ជ្រែក​ការ​តែង​តាំង​អតីត​អភិបាល​ខេត្ត​រូប​នេះ​របស់​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ។

លិខិត​ដែល​មាន​​ត្រា​របស់​អគ្គលេខាធិការ​ដ្ឋាន​គណបក្ស​​មាន​ខ្លឹម​សារ​ថា “មាន​​ថ្នាក់​ដឹក​នាំ និង​សមាជិក​ហ្វុ៊នស៊ិនប៉ិច​មួយ​ចំនួន ដែល​បាន​រិះគន់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ ចំពោះ​ការ​តែង​តាំង​លោក សាយ ហាក់ ជា​អគ្គលេខាធិការ​ប្រតិបត្តិ​របស់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​”។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​បន្ត​ថា “នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៥…ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បាន​អំពាវ​នាវ​ឲ្យ​ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី និង​លោក ញឹក ប៊ុនឆៃ បញ្ឈប់​សកម្មភាពជំទាស់​ទាំង​ស្រុង​​ ហើយ​​​ងាក​មក​រួប​រួមកម្លាំង​​គ្នា​ជាមួយ​ព្រះអង្គម្ចាស់​ ដើម្បី​​ពង្រឹង​គណបក្ស​​ហ្វុ៊នស៊ិនប៉ិច”។

ទោះ​ជាយ៉ាង​ណា លោក ញឹក ប៊ុនឆៃ ដែល​ធ្វើឲ្យមាន​ការ​​បណ្ដេញ​ព្រះអង្គម្ចាស់​ពី​មេដឹកនាំ​​គណបក្ស​រាជានិយម​នេះ​កាលពី​ឆ្នាំ​២០០៦ ហើយ​បាន​កាន់​តួនាទី​ជា​អគ្គលេខា​ធិការ​គណបក្ស​មុន​ពេល​ព្រះអង្គម្ចាស់​​យាង​ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​វិញ​កាលពី​ខែ​មុន​នោះ​​ កាលពី​ម្សិលមិញ​បាន​បញ្ជាក់​​ឡើង​វិញ​ថា ការ​តែង​តាំង​លោក សាយ ហាក់ គ្មាន​សុពល​ភាព​ទេ។

លោក ញឹក ប៊ុនឆៃ បានមាន​ប្រសាសន៍​ថា “ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​ជាតិ ហេតុ​នេះ​​ហើយ​វា​មិន​ស្រប​ច្បាប់​ឡើយ​”។

លោក​បានមាន​ប្រសាសន៍​ថា “លោក សាយ ហាក់ មិន​ទាន់​ក្លាយ​ជា​សមាជិក​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​នៅ​ឡើយ​ទេ។ ទី២ បើ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច…​បាន​ចែង​យ៉ាង​ច្បាស់​ថា ក្រុម​ប្រឹក្សា​ជាតិ​ជា​អ្នក​តែង​តាំង​អគ្គលេខាធិការ ហើយ​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ មិន​អាច​តែង​តាំង​បាន​ឡើយ​”។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា “និយាយឲ្យ​ច្បាស់ទៅ​ នេះ​គឺ​ជា​បញ្ហា​​ចម្រូងចម្រាស ហើយ​ការ​​ច្របាច់​បញ្ចូល​គ្នា​មិន​អាច​កើត​ឡើង​ទេ​”។

ព្រះអង្គម្ចាស់​ រណឫទ្ធិ មិន​អាច​ទាក់​ទង​បាន​ទេកាលពី​ម្សិលមិញ​។

កាលពី​ខែ​មុន គណបក្ស​ហ្វុ៊នស៊ិនប៉ិច​បាន​ប្រកាស​ពី ” ការ​ផ្សះផ្សាជាតិ” ជាមួយ​ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ ដែល​រម្លាយ​គណបក្ស​រាជា​និយម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​រួម​ជាមួយ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច និង​បាន​​យាង​ត្រឡប់​មក​ធ្វើជា​មេដឹកនាំ​​គណបក្ស​នេះ​វិញ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស