31 C
Phnom Penh

ការ​​​សាកសួរមន្ត្រី​​​ជាន់​​​ខ្ពស់​​​នៅ​​​រដ្ឋ​​​សភា​​​ជុំ​​​វិញ​​​ការ​​​ចំណាយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ បាន​​​រារាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក សុន ឆ័យ អនុ​​​ប្រធាន​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ចោទ​​​ប្រកាន់​​​​​​​​​លោក ជាម​​​ យៀប ប្រធាន​​​គណៈកម្មការ​​​នេះ​​​ថា ​​​មាន​​​ចេតនា​​​គេច​​​វេះ​​​មិន​​​កោះ​​​ហៅ​​​ប្រធាន​​​រដ្ឋ​​​បាល​​​នៃ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​ចំណាយ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​កុម្ភៈ​​​ លោក សុន ឆ័យ បាន​​​ចោទ​​​ប្រកាន់​​​លោក ឡេង ប៉េង​​​ឡុង អគ្គលេខាធិការ​​​នៃ​​​រដ្ឋសភា​​​​​​ថា ជា​​​អ្នក​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ថវិកា​​​​​​ជាតិ​​​ឆ្នាំ​​​២០១៥ ដែល​​​រួម​​​មាន​​​ការ​​​ចំណាយ​​​២៥.០០០​​​ដុល្លារ​​​សម្រាប់​​​បង្គោល​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​ដើម​​​​​​ និង​​​ការ​​​ទិញ​​​រថយន្ត​​​ថ្មី​​​ៗ​​​ចំនួន​​​៣០ គ្រឿង​​​ ដែល​​​ក្នុង​​​មួ​​​យ​​​គ្រឿង​​​ៗ​​​មាន​​​តម្លៃ​​​២០០.០០០ដុល្លារ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​នៃ​​​គណៈកម្មការ​​​នេះ​​​​​​ បាន​​​យល់​​​ព្រម​​​កោះ​​​ហៅ​​​លោក ឡេង ប៉េង​​​ឡុង​​​ ឲ្យ​​​ចូល​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​បក​​​ស្រាយ​​​។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ លោក​​​បាន​​​ជំរុញ​​​ឲ្យ​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ ប៉ុន្តែ ថា លោក ជាម យៀប ​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​ដែល​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​កោះ​​​ហៅ​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ មិន​​​បាន​​​ធ្វើ​​​តាម​​​ទេ​​​។

លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “លោក ជាម យៀប ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​គោរព​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​។ បន្ទាប់ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន គាត់​​​បាន​​​ចាត់​​​តាំង​​​ខ្ញុំ​​​ឲ្យ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ដើម្បី​​​ជួប​​​ជា​​​មួយ​​​លោក ឡេង ប៉េង​​​ឡុង​​​ ប៉ុន្តែ នៅ​​​ពេល​​​ខ្ញុំ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​រួច​​​ហើយ បែរ​​​ជា​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​។ ខ្ញុំ​​​បាន​​​សួរ​​​គាត់​​​អំពី​​​រឿង​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​គាត់​​​ហាក់​​​ដូច​​​ជា​​​មួម៉ៅ​​​ ហើយ​​​ធ្វើ​​​ដូច​​​ជា​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​ជាមួយ​​​ខ្ញុំ។ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បែប​​​នេះ​​​បាន​​​ទេ ពីព្រោះ​​​​​​​​​​​​​​​​​​​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​ដែល​​​សម្រេច​​​ថា ត្រូវ​​​នាំ​​​ខ្លួន​​​លោក ឡេ​​​ង​​​ ប៉េង​​​​​​ឡុង​​​ មកចំពោ​​​ះ​​​មុខ​​​គណៈកម្មការ​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ”។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យលោក​​​ជួយ​​​អន្តរាគមន៍​​​ ហើយ​​​បង្ខំ​​​ឲ្យ​​​គោរព​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​ ប្រសិន​​​បើ​​​មិន​​​ចេញ​​​លិខិត​​​​​​កោះ​​​ហៅ​​​ត្រឹម​​​សប្តាហ៍​​​ក្រោយ​​​​​​ទេ​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ប្រហែល​​​ជា​​​ត្រូវ​​​​​​ឡើង​​​ទៅ​​​ហួស​​​គណៈកម្មការ​​​នេះ​​​​​​ហើយ​​​មើល​​​ទៅ​​​ ពីព្រោ​​​ះ​​​លោក​​​​​​ ជាម យៀប​​​ កំពុង​​​រារាំង​​​វា​​​ គាត់​​​បាន​​​ប្រាប់​​​យើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​គណៈកម្មការ​​​ថា គាត់​​​យល់​​​ថា វិធាន​​​ការ​​​នេះ​​​​​​មិន​​​សូវ​​​ស្រួល​​​ ពីព្រោះ​​​គាត់​​​មិន​​​ចង់​​​ប្រឆាំង​​​អ្នក​​​ដែល​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​បក្ស​​​។ យើង​​​ប្រហែល​​​ជា​​​ត្រូវ​​​ឡើង​​​ទៅ​​​ដល់​​​លោក ហេង សំរិន ឬថ្នាក់​​​កំពូល​​​ គឺ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ យើង​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ”។

លោក ជាម យៀប មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោក​​​ស្រី​​​ លី​​​ គឹម​​​ឡេង​​​ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ទៀត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​បដិសេធ​​​ថា លោក ជាម​​ យៀប មិន​​​​​​ខ្លាច​​​លោក ឡេង​​​ ប៉េង​​​ឡុង​​​ ទេ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មការ​​​កំពុង​​​រង់​​​ចាំ​​​ឲ្យ​​​លោក សុន ឆ័យ​​​ ជ្រើស​​​រើស​​​កាល​​​បរិច្ឆេទ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “ទេ​​​ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​។ បញ្ហា​​​គឺ​​​នៅ​​​ត្រង់​​​កាល​​​បរិច្ឆេទ​​​។នោះ​​​គឺ​​​ដោយសារ​​​តែ​​​លោក​​​​​​អគ្គលេខាធិការ​​​ [នៃ​​​រដ្ឋ​​​សភា​​​]​​​ មមា​​​ញឹកខ្លាំង​​​ពេក​​​​​​ជាមួយ​​​នឹង​​​កិច្ច​​​ប្រជុំ​​​ជា​​​ច្រើន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​។ ដូច្នេះ​​​ប្រធាន​​​គណៈកម្មការ​​​ចង់​​​ឲ្យ​​​គាត់​​​ [លោក សុន ឆ័យ]​​​ កំណត់​​​កាល​​​បរិច្ឆេទ​​​ច្បាស់​​​លាស់​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​។ នៅ​​​ពេល​​​ណា​​​គាត់​​​ផ្តល់​​​កាល​​​បរិច្ឆេទ​​​ជាក់​​​លាក់​​​ហើយ​​​នោះ ពេល​​​នោះ​​​យើង​​​អាច​​​ជូន​​​ដំណឹង​​​ទៅ​​​អគ្គលេខា​​​អំពី​​​​​​កិច្ច​​​ប្រជុំ​​​នេះ​​​។ ខ្ញុំ​​​គិត​​​ថា  លោក សុន ឆ័យ​​​ អនុប្រធាន​​​គណៈកម្មការ​​​​​​មាន​​​ការ​​​​​​គោរព​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​​មក​​​ចំពោះ​​​លោក​​​ប្រធាន​​​គណៈកម្មការ​​​ ដូច្នេះ​​​ហើយ​​​គាត់​​​ចង់​​​ឲ្យ​​​លោក​​​ប្រធាន​​​ជា​​​អ្នក​​​អ្នក​​​​​​សម្រេច​​​កាល​​​បរិច្ឆេទ​​​នេះ​​​​​​”។

លោក មិត្ត​​​ ការ៉េន អនុ​​​ប្រធាន​​​របស់​​​លោក ឡេង ប៉េង​​​ឡុង​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​​​​ប្រកាន់​​​​​​លើ​​​លោក​​​ ឡេង ប៉េង​​​ឡុង ហើយ​​​បាន​​​មានប្រសាសន៍​​​ថា ប្រធាន​​​របស់​​​លោក​​​នឹង​​​ចូល​​​ខ្លួន​​​ឆ្លើយ​​​បំភ្លឺ​​​ ប្រសិន​​​បើ​​​មាន​​​ការ​​​កោះ​​​ហៅ​​​៕សុខុម​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស