28 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមាន​សកម្មជន​ជុំវិញ​បញ្ហា​អារ៉ែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់ពី​​រដ្ឋាភិបាល​​​បាន​និរទេស​សកម្មជន​​បរទេស​ម្នាក់​ ដែល​​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​​អារ៉ែង ខេត្ត​កោះកុង កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​​ជំរុញឲ្យសកម្មជន​នៅ​តំបន់​អារ៉ែង​​​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែលោក​បាន​ព្រមាន​ថា កាំភ្លើង​បាញ់​​រ៉ុក​កែត​អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​ប្រសិន​បើ​ពួកគេ​ហា៊នធ្វើ។

ថ្លែង​ទៅ​កាន់​​មន្ត្រី​រដ្ឋាភិបាល​​នៅ​​ក្នុង​ពិធី​ទិវាជាតិ​ទីក្រុង​ស្អាត​នៅ​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសំដៅ​លើ​​លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន (Alex Gonzalez-Davison) ជនជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​និរទេស​ពី​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃច័ន្ទ និង​សកម្មជន​ផ្សេងៗ​ទៀត ដែលបាន​​បិទ​ផ្លូវ​រយៈ​ពេល​ខ្លី​​រារាំង​​ក្បួន​រថយន្ត​របស់​មន្ត្រី​រដ្ឋាភិបាល​ ដែល​ធ្វើ​ដំណើរ​​ទៅកាន់​កន្លែង​គ្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ក្នុង​តំបន់​តំបន់​អារ៉ែង កាលពី​ខែ​កញ្ញា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “វា​ហួស​ហេតុ​ពេក​ដែល​ហ៊ាន​​ទៅ​ចាប់​មន្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​ទៅ​បំពេញ​ការ​ងារ​​​នៅ​ទីនោះ”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ប្រសិន​បើ​​ចង់​បង្កើត​​អបគមន៍​ សូម​អញ្ជើញ។ [យើង​នឹង​] ដាក់​ BM២១ ឥឡូវទាន់មានធុនថ្មីៗផង។ យ៉ាប់ពេកម្តង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ចោទ​​ដល់​ថ្នាក់​ហ្នឹង​ទេ”។

កាំភ្លើង​ BM២១ គឺ​ជា​​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុកកែត​​​បំពាក់​លើ​រថយន្ត​​​ផលិត​នៅ​ប្រទេស​រុស្ស៊ី ដែល​​កម្ពុជា​រាប់​បញ្ចូល​ក្នុង​ចំណោម​សព្វាវុធ​របស់​ខ្លួន​។

មុន​ពេល​​​​និយាយ​ខ្លាំងៗ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា លោក​ធុញ​​នឹង​ការ​​ជជែក​វែក​ញែក​​ដដែល​អំពី​អនាគត​នៃ​តំបន់​​អារ៉ែង ហើយ​បាន​ព្រមាន​ជន​បរទេស​កុំ​ឲ្យ​ចេះ​ផ្ដល់​ដំបូន្មាន​​ដល់​​ពលរដ្ឋខ្មែរ​អំពី​ការ​អភិវឌ្ឍ​ប្រទេស​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​ធុញ​ណាស់​។ ខ្មែរក៏​ចេះ​ដែរ​។ ​យើង​មិន​ចាំ​ឲ្យគេ​មក​ប្រដៅ​ទើប​ចេះ​ធ្វើ​នោះ​ទេ”។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថយ​មួយ​ជំហាន​ពី​អ្វី​ដែល​លោក​បាន​ការ​ពារ​កាល​ពី​លើក​មុន​​ចំពោះ​គម្រោង​​សាង​សង់​ទំនប់​វារីអគ្គិសនី ដែល​នឹង​​ធ្វើ​ឲ្យ​លិច​លង់​​តំបន់​មាន​ទំហំ​៩.៥០០​ហិកតា​ ​ជា​ជម្រក​របស់​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ប្រហែល​៣០​ប្រភេទ ហើយ​ដែល​នឹង​បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​​​ជង​ជាង​១.៣០០​នាក់ ​ត្រូវ​​បោះ​បង់​ចោល​ដី​ដូន​តា​របស់​ខ្លួន។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​បញ្ជាក់​កុំ​និយាយ​អារ៉ែង​តទៅទៀត។ សិក្សា​ឲ្យ​ច្បាស់​មើល​។ ពីនេះ​ដល់​ឆ្នាំ​២០១៨​អត់​មាន​ទេ អត់​មាន​ឲ្យ​ធ្វើ​ទេ។ គំនិត​របស់ខ្ញុំ​ចង់​ទុក​ឲ្យ​ក្មេង​ជាន់​ក្រោយ” ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើជូន​លោក តែ ចាន់មុនី សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​កាលពី​ខែ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​និយាយ​សម្រាល​ពី​ផល​ប៉ះពាល់​​នៃ​គម្រោង​នេះ​​ដែល​មាន​ទៅ​​​លើ​គ្រួសារ​អ្នកភូមិជនជាតិ​ដើម​ភាគ​តិច​ ហើយ​លោក​​បាន​​លើក​សរសើរ​អំពី​​អត្ថ​ប្រយោជន៍​របស់​វា​ រួម​មាន​ចំណូលពន្ធ ការ​បង្កើត​ការ​ងារ សក្ដា​នុពល​អេកូ​ទេសចរណ៍ និង​ការ​កាត់​បន្ថយ​ការ​​​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ពេល​អ្នក​ភូមិ​មូលដ្ឋាន​ប្ដូរ​ពី​ការ​​ដុត​​​ធ្យូង​​មក​ប្រើ​ថាមពល​វារីអគ្គិសនី​វិញ។

​​ដោយ​បន្ត​​និយាយ​អំពី​​បញ្ហា​បរិស្ថាន​កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​ក៏​បាន​និយាយ​ឡើង​វិញ​ផង​ដែរ​​​អំពី​កិច្ច​ប្រជុំ​កាលពី​ឆ្នាំ​២០១៤ ជាមួយលោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នៅ​​ភូមិគ្រឹះ​​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​ ​ដែល​ពួកគាត់​បាន​ពិភាក្សា​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​តំបន់​អាស៊ី​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ពេល​ខ្ញុំ​បាន​ជួប​ឯក​ឧត្ដម​ដំបូង ខ្ញុំ​និយាយ​ថា អឺរ៉ុប​បាន​កាប់​ឈើ​តាំងពី​ណា​ពីណី​មក​ហើយ ​ហើយ​ចង់​មក​ប្រដៅ​គេ​។ ​កម្ពុជា​មិន​ធ្វើ​ដូច​អឺរ៉ុប​ដែល​កាប់​ព្រៃ​ឈើ​ខ្ទេច​អស់​អ៊ីចឹង​ទេ”។

នៅ​ពេល​ទាក់​​ទង​តាម​ទូរស័ព្ទ លោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង​​ បាន​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ចោទ​ប្រកាន់​លោក​​ ហ្គន់ហ្សាឡេស ដេវីត​សុន ​​និង​អង្គការ​មាតា​ធម្មជាតិ​របស់​លោក​អំពី​ការ​បិទ​ផ្លូវ​កាលពី​ខែ​កញ្ញា។

លោក​បាន​មាន​ប្រសាសន៍​ថា “សកម្មភាព​របស់​គាត់​វា​មិន​ជ្រុល​ហួស​ហេតុ​ពេក​ទេ ព្រោះ​មាន​អ្នកភូមិ​នៅ​ក្នុង​សហគមន៍ ដែល​ការ​ពារ​តំបន់​អារ៉ែង​បាន​ចូល​រួម​ជាមួយ​លោក អាឡិច ដែរ។ មន្ត្រី​មិន​បាន​ជូន​ដំណឹង​ណាមួយ​ឡើយ​មុន​ពេល​ពួកគេ​ទៅ​ទីនោះ”។

លោក គង់ចិត្រ បាន​​លើក​ឡើង​ថា សកម្មជន និង​សហគមន៍​នៅ​តំបន់​​អារ៉ែង​​គ្មាន​ផែន​ការ​ ឬក៏ចង់​បង្កើត​តំបន់​អបគមន៍​ណាមួយ​ឡើយ​ ប៉ុន្តែ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការ​ពារ​តំបន់​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​នឹង​តស៊ូ​​រហូត​ដល់​ស្លាប់​ប្រសិន​បើ​ក្រុម​ហុ៊ុន​ចូល​មក​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅទីនេះ”។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ហ្គន់ហ្សាឡេស ដេវីតសុន ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ បាន​បញ្ជាក់​នៅ​ក្នុង​អុីម៉េល​មួយ​ថា លោក​បាន​ទៅ​ដល់​​ទីក្រុង​ម៉ាឌ្រីត​ដោយ​សុវត្ថិភាព​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ ដែល​អាជ្ញាធរ​​កម្ពុជា​ជា​អ្នក​រ៉ាប់​រង។

នៅ​ពេល​​សួរ​អំពី​ផែន​ការ​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ លោក​បាន​សរសេរ​ថា ” ការ​ងារ​នឹង​បន្ត​ ហើយកាន់​តែ​​ខ្លាំង​ជាង​មុន​ទៀត​ ខណៈ​​អង្គការ​មាតា​ធម្មជាតិ​​ទទួល​បាន​​កេរ្តិ៍​ឈ្មោះ​​យ៉ាង​ខ្លាំង​ [ដោយ​សារ​លោក ហ៊ុន សែន]​ នោះ​ ហេតុ​ដូច្នេះ យើង​​គ្មាន​ផ្លូវ​​ឈប់​ទេ”។

លោក​បាន​សរសេរ​បន្ត​ថា “បើ​និយាយ​អំពី​ជំហាន​បន្ទាប់​របស់​ខ្ញុំ និយាយ​ឲ្យ​ត្រង់​ទៅ​ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ។ ខ្ញុំ​នៅ​មាន​ការ​តក់​ស្លុត​នៅ​ឡើយ​ ព្រោះ​​ខ្ញុំ​​រង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ ដោយ​ត្រូវ​បាន​​និរទេស​ចេញពី​ប្រទេស​​របស់​ខ្ញុំ ដោយ​សារ​ការ​តស៊ូ​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ​នោះ ប៉ុន្តែ​​បើ​​ខ្ញុំ​​ក្រឡេក​មើល​អ្វី​ដែល​​ពលរដ្ឋខ្មែរ​ផ្សេងៗ​​ទៀត​ [ដូចជា​លោក ជា វិជ្ជា លោក ឈុត វុទ្ធី ជា​ដើម​] បាន​​​​ទទួល​រង​វិញ​ ​គឺ​វា​មាន​កម្រិត​ធ្ងន់​ធ្ងរ​ជាង​បញ្ហា​របស់​ខ្ញុំទៅ​ទៀត។ ខ្ញុំ​ក៏​ខ្មាស់​ខ្លួនឯង​ដែរ តែ​គ្មាន​ជម្រើស​ ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ទៅ​មុខ​ទៀត​”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Holly Roberson)​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស