មួយថ្ងៃបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងជាសាធារណៈនោះ ស្ត្រីនិងក្មេងស្រីខ្មែរឥស្លាមពីរនាក់ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃអង្គារ ក្រោយពីពួកគេត្រូវបានគេជួញដូរឲ្យលក់ផ្លូវភេទនៅប្រទេសម៉ាឡេស៊ី ហើយអ្នកទាំងពីរទទួលបានការស្វាគមន៍ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
ជនរងគ្រោះ មានអាយុ១៥ឆ្នាំនិង២៣ឆ្នាំ បានត្រឡប់មកដល់ស្រុកវិញនៅម៉ោង៨ព្រឹកថ្ងៃអង្គារ ហើយនៅក្រុងភ្នំពេញ ពួកគេបានជួបម្តាយរបស់ខ្លួន និងលោក រង្ស៊ី ដែលបានធ្វើយុទ្ធនាការក្នុងនាមពួកគេកាលពីថ្ងៃច័ន្ទ បន្ទាប់ពីឮថា អាជ្ញាធរមិនយកចិត្តទុកដាក់នឹងការអង្វរករសុំជំនួយពីគ្រួសាររបស់ជនរងគ្រោះ។
បន្ទាប់ពីជួបជាមួយលោក ហោ ណាំហុង នៅក្រសួងការបរទេសនាម៉ោងប្រហែល៩ព្រឹក លោក កុយ គួង អ្នកនាំពាក្យក្រសួង បានប្រាប់អ្នកកាសែតថា ការធ្វើមាតុភូមិនិវត្តន៍នេះជាគំរូមួយនៃ “ការពង្រឹងវប្បធម៌សន្ទនា” រវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង។
លោកបាននិយាយថា “[លោក ណាំហុង] បានបញ្ជាក់ថា ជារឿយៗលោកណែនាំស្ថានទូតនិងអគ្គស្ថានកុងស៊ុលកម្ពុជា ជាពិសេសក្នុងតំបន់ដែលមានពលរដ្ឋកម្ពុជារស់នៅ និងកន្លែងដែលពលរដ្ឋកម្ពុជាងាយរងគ្រោះនិងមានគ្រោះថ្នាក់បំផុត ឲ្យយកចិត្តទុកដាក់ជួយ សង្គ្រោះ និងថែរក្សាពួកគេឲ្យអស់ពីចិត្ត”។
យោងតាមម្តាយរបស់ក្មេងស្រីអាយុ១៥ឆ្នាំបានឲ្យដឹងថា ទោះជាយ៉ាងនេះក្តី ការវិលមកស្រុកវិញកាលពីព្រឹកថ្ងៃអង្គារនឹងមិនកើតឡើងទេ ប្រសិនបើមិនមានលោក រង្ស៊ី ជួយជ្រោមជ្រែងទេនោះ។
អ្នកស្រីបាននិយាយថា “កូនស្រីរបស់ខ្ញុំបានវិលមកវិញដោយសុវត្ថិភាពព្រោះមានការជួយពី[លោក រង្ស៊ី] ដែលបានចេញថ្លៃសំបុត្រយន្តហោះសម្រាប់ការត្រឡប់មកវិញរបស់ពួកគេ”។ អ្នកស្រីបានបន្ថែមថា ស្ត្រីខ្មែរម្នាក់នៅប្រទេសម៉ាឡេស៊ីបានជួយរកឃើញកូនស្រីរបស់អ្នកស្រី។
ពេលនិយាយតាមទូរស័ព្ទ ក្មេងស្រីអាយុ១៥ឆ្នាំបានឲ្យដឹងថា គេបានលក់នាងទៅឲ្យគ្រួសារចិន ហើយត្រូវគេប្រើជាទាសករផ្លូវភេទ មុនពេលលក់បន្តទៅឲ្យបុរសចិនពីរនាក់ផ្សេងទៀត។
នាងបាននិយាយថា “ពេលដែលស្ត្រីម្នាក់ប្រាប់ខ្ញុំនៅប្រទេសម៉ាឡេស៊ីថា ខ្ញុំអាចត្រឡប់មកប្រទេសកម្ពុជាវិញនោះ ខ្ញុំគិតថា ‘ខ្ញុំកើតជាថ្មីហើយ’ “។
កាលពីព្រឹកថ្ងៃអង្គារ លោក រង្ស៊ី បានមានប្រសាសន៍ថា លោកនិងលោក ណាំហុង បានព្រមព្រៀងគ្នាក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃនោះថា មានតម្រូវការបន្ទាន់ដើម្បីប្រយុទ្ធនឹងបណ្តាញឧក្រិដ្ឋកម្មដែលមានការចាត់តាំង ដែលធ្វើឲ្យមានការរងទុក្ខដល់អ្នកទាំងពីរ។
មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា “ខ្ញុំបានទទួលការហៅទូរស័ព្ទពីឯកឧត្តម ហោ ណាំហុង ប្រាប់ខ្ញុំថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុតលើករណីនេះ ហើយគាត់បានបង្គាប់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចាប់ពួកមេខ្លោង”។
លោក រង្ស៊ី បាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារមួយសន្យាគាំទ្ររបស់លោកដែរ។ លោកបាននិយាយថា “ក្រោយមកទៀត ខ្ញុំបានទទួលសារ SMS ពីសម្តេច ហ៊ុន សែន ប្រាប់ខ្ញុំថា គាត់បានបញ្ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យអន្តរាគមន៍ក្នុងករណីនេះ”។លោកបានបន្ថែមថា “នេះបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាលមិនមែនមិនអើពើនឹងករណីនេះទេ ហើយពួកគេយកចិត្តទុកដាក់ណាស់ក្នុងការជួយជនរងគ្រោះ”៕ និត