27 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​កសិករ​​​ម្នាក់​​​បន្ទាប់​​​ពី​​​កាប់​​​បង​​​ថ្លៃ​​​ស្រី​​​របស់​​​ខ្លួន​រហូត​​​ដល់​​​ស្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ចោទ​ប្រកាន់​កសិករ​ម្នាក់​ពី​​​បទ​​មនុស្ស​ឃាត បន្ទាប់​​​ពី​​​តាម​ចោទ​ថា ជន​​​នេះ​​​បាន​កាប់​បង​ថ្លៃ​ស្រី​​របស់​ខ្លួន​រហូត​ដល់​​​ស្លាប់​ជុំវិញ​វិវាទ​​ដីធ្លី​តូច​តាច​មួយ​ក្នុង​ស្រុក​កំពង់សៀម កាលពី​ថ្ងៃ​ច័ន្ទ។

លោក ប៉ក់ ជាតិ អធិការ​នគរ​បាល​ស្រុក​បាន​​​មាន​ប្រសាសន៍​ថា ជន​សង្ស័​យ​​​ឈ្មោះ ពិន វ៉ារ៉ា អាយុ​៤១​ឆ្នាំ បាន​​យក​កាំបិត​ផ្គាក់​​​កាប់​បង​ថ្លៃ​ស្រី​របស់​ខ្លួន​​​ឈ្មោះ​ សេក ស្រី អាយុ​៤៨​ឆ្នាំ នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ជនរងគ្រោះ​នៅ​ម៉ោង​ប្រហែល​៥និង​៣០​នាទី​ល្ងាច បន្ទាប់ពី​​មាន​កំហឹង​ពី​​​រឿង​​​បងថ្លៃ​ស្រី​នេះ​អះ​​អាង​សិទ្ធិ​កាន់​កាប់​ដី​​​ទំហំ​​៣ម៉ែត្រ​​​គុណ៨ម៉ែត្រ​ ស្ថិត​​​នៅ​ចន្លោះ​ផ្ទះ​របស់​ពួកគេ​ក្នុង​ឃុំ​កោះ​​​រកា។

លោក ជាតិ បាន​មាន​ប្រសាសន៍​ថា “មុន​​​ពេល​​​រឿង​​​នេះ​​​កើត​​​ឡើង ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​ផឹក​​​ស្រា​​​នៅផ្ទះ​​​របស់​​​ខ្លួន។ នៅ​​​ពេល​បុរស​រូប​នេះ​ឃើញ​ជន​រងគ្រោះ​ទៅ​​បត់​ជើង​តូច​នៅ​ខាង​ក្រោយ​ផ្ទះ ជន​​​នេះ​បាន​យក​កាំបិត​ផ្គាក់​​​កាប់​​​ជន​រងគ្រោះ​តែ​ម្ដង​​”។

លោក ជាតិ បាន​​​មាន​ប្រសាសន៍​ថា កសិករ​រូប​នេះ​បាន​កាប់​អ្នកស្រី សេក ស្រី បួន​កាំបិត​ចំក្បាល​ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

លោក ហេង វុទ្ធី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​មាន​ទំនាស់​ជុំវិញ​ដី​មួយ​ក្បាល​តូច​នេះ​រយៈ​​​ពេល​ប្រហែល​១ឆ្នាំ​មក​ហើយ។

​លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​បាន​សារភាព​ថា គាត់​បាន​កាប់​ជន​រងគ្រោះ​ដោយ​សារ​គាត់​ស្រវឹង​ស្រា​ ហើយ​ខឹង​ពី​ការ​ដែល​ជន​រងគ្រោះ​យក​​ដី​របស់​គាត់”។ លោក​បាន​បន្ថែម​ថា “មន្ត្រី​តុលាការ​បាន​ចោទ​ប្រកាន់​ជន​នេះ​ពី​​​បទ​មនុស្ស​ឃាត”៕​​​សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស