29 C
Phnom Penh

គ្រូ​​​បង្រៀន​​​នៅ​​​វិទ្យាល័យ​​​មួយ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ធ្វើ​​​កូដកម្ម​​​​​​​​​មិន​​​ចូល​​​បង្រៀន ​​​បន្ទាប់​​​ពី​​​មានការ​​​វាយ​​​តប់​​​គ្នា​​​នៅ​​​ពិធី​​​មង្គល​​​ការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូបង្រៀន​ប្រហែល​១៧០​នាក់​នៅ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​សៀមរាប ​បាន​បដិសេធ​មិន​ព្រម​​​ចូល​​​​បង្រៀន​​​​កាលពី​ម្សិលមិញ បន្ទាប់ពី​នាយក​សាលា​មិន​បាន​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​​ការ​ទាម​ទារ​របស់​ខ្លួន ឲ្យលោក​បណ្ដេញ​គ្រូបង្រៀន​ម្នាក់​ ចំពោះ​​​ការ​​​វាយ​នាយក​រង​នៅ​ពិធី​​មង្គល​ការ​មួយ​កាលពី​ខែ​មុន។

លោក គឹម ឡេង នាយក​វិទ្យាល័យ​១០​មករា ១៩៧៩ បាន​មាន​ប្រសាសន៍​ថា គ្រូ​ដែល​មាន​​​​កំហឹង​ទាំង​នោះ​ក៏​មានការ​​​គាំ​​​ទ្រពី​​​​មាតា​បិតា​សិស្ស​មួយ​ចំនួន​ផង​ដែរ បន្ទាប់ពី​រូប​ភាព​វីដេអូ​នៃ​ការ​វាយ​តប់​គ្នា​រវាង​លោក ជាន សន ​និង​លោក លី ប៊ុនសុផុននី ជា​នាយក​រង​ត្រូវ​បាន​ចែក​ចាយ​តាម​ប្រព័ន្ធ​ហ្វេស​​​​​​ប៊ុក​។

លោក គឹម ឡេង បាន​​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គ្រូ​ទាំង​អស់​បន្ត​ធ្វើ​កូដកម្ម​ ខ្ញុំ​អាច​​​សូម​ឲ្យ​ពួក​​​គាត់​បង្រៀន​វិញ​​​តែ​​​ប៉ុណ្ណោះ​​​។ ពួកគាត់​គួរតែ​គិត​ដល់​អនាគត​របស់​សិស្ស”។ លោក​បាន​បន្ថែម​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ថា នរណា​ដែល​ត្រូវ​បន្ទោស​ចំពោះ​​ការ​វាយ​តប់​គ្នា​នៅ​ពិធី​មង្គល​ការ​នោះ​ឡើយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “គ្រូបង្រៀន​​ទាំង​នោះ​​​ទាម​ទារ​ឲ្យ​ផ្លាស់​លោក ជាន សន ទៅ​សាលា​ផ្សេង​ ប៉ុន្តែ​វា​លំបាក​ណាស់​​​សម្រាប់​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​មិន​ចង់​បាត់​បង់​នរណា​ម្នាក់​ឡើយ​​​”។

លោក គឹម ឡេង បាន​បន្ថែម​ថា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​សុំ​ឲ្យ​គ្រូបង្រៀន​ទាំង​អស់​ត្រឡប់​មក​បង្រៀន​​​វិញ​នៅ​ថ្ងៃ​នេះ ហើយ​បាន​សន្យា​ជួយ​ដោះ​ស្រាយ​ជម្លោះ​នេះ​។

លោក ជាន សន ដែល​ស្ថិត​ក្នុង​ចំណោម​​​គ្រូបង្រៀនប្រហែល១៥​នាក់ ដែល​បាន​បន្ត​​បង្រៀន​កាលពី​ម្សិលមិញ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា លោកបាន​វាយ​តប់​គ្នា ហើយ​បាន​មាន​ប្រសាសន៍​ថា លោក​​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ជុំវិញ​ហេតុការណ៍​នេះ។

លោក ជាន សន បាន​​​មាន​ប្រសាសន៍​ថា បុរស​បួន​នាក់​បាន​វាយ​ខ្ញុំ​នៅ​ពិធី​មង្គល​ការ​នោះ រួម​ទាំង​នាយក​រង​ផង​ដែរ ដែល​ទីបំផុត​បាន​រង​របួស​ក្បាល​។

លោក ជាន សន បាន​មាន​ប្រសាសន៍​ថា “គ្មាន​មូលហេតុ​ណា​ឲ្យ​​​ខ្ញុំ​​ផ្លាស់​សាលា​​ទេ ពីព្រោះ​លោក សុផុននី ច្រណែន​ការ​ដែល​ថា គាត់​មិន​មាន​ប្រជាប្រិយ ឬ​ជា​គ្រូបង្រៀន​ល្អ​ដូច​​ខ្ញុំ”។

លោក​បាន​បន្ថែម​ថា “គ្រូបង្រៀន​ទាំង​អស់​បាន​ធ្វើ​កូដកម្ម​ ពីព្រោះ​ពួក​​​គាត់​​​ចង់​ឲ្យ​ខ្ញុំ​ផ្លាស់​ចេញ។ ទោះ​ជា​​​យ៉ាង​ណា ពួក​​​គាត់​​​មិន​ដឹង​ការ​ពិត​អំពី​បញ្ហា​នេះ​ទេ ហើយ​​ធ្វើ​ឲ្យ​កិត្តិយស​សាលា​ធ្លាក់​ចុះ”។លោក ប៊ុន សុផុននី មិន​អាច​ទាក់​ទង​បាន​ទេ។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថា ការ​ទាម​ទារ​របស់​​គ្រូបង្រៀន​ទាំង​នោះ​មិន​សម​ហេតុ​ផល​ឡើយ​។ លោក​បាន​​​មាន​ប្រសាសន៍​ថា “ការ​ផ្លាស់​លោក ជាន សន មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​វិធី​ផ្សេង​ ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​​​នោះ​​​មក​រក​ភាព​ធម្មតា​វិញ”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស