អ្នកថតរូប នីកូឡាស អាហ្សែលរ៉ដ ចងក្រងជាឯកសារនូវការវាយកម្ទេចចោលលំនៅដ្ឋាន និងការអភិវឌ្ឍរយៈពេល៧ឆ្នាំនៅក្នុងទីក្រុងដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស
ការដើរមើលទេសភាពនៅក្នុងបឹងកក់នៅពាក់កណ្តាលឆ្នាំ២០០៨ ដោយអ្នកថតរូបជនជាតិស្វីសអូស្ត្រាលី លោក នីកូឡាស អាហ្សែលរ៉ដ បានបង្កើតឲ្យមានគម្រោងរយៈពេល៧ឆ្នាំ ដែលកត់ត្រាការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីដោយបង្ខិតបង្ខំនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាស្ថានភាពទីក្រុងដែលកំពុងតែវិវត្តន៍។

ធ្វើដំណើរមកដល់ក្រុងភ្នំពេញពីទីក្រុងបាងកក ដើម្បីយកព័ត៌មានទាក់ទងនឹងការបោះឆ្នោតជាតិកាលពីខែកក្កដានៅឆ្នាំនោះ លោក អាហ្សែលរ៉ដ ក៏បានសម្រេចចិត្តរស់នៅកម្ពុជា និងក្រោយពីប្រជាពលរដ្ឋសហគមន៍ ដែលត្រូវបានបណ្តេញចេញពីដីធ្លីក្នុងចុងទសវត្សរ៍ឆ្នាំ២០០០ និងនៅដើមទសវត្សរ៍ឆ្នាំ២០១០ រួមមានបឹងកក់ ដីក្រហម បូរីកីឡា និងក្រុម៧៨។
អ្នកថតរូបមានវ័យ៣២ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំចំណាយពេលមួយសប្តាហ៍ធ្វើដំណើររាល់ព្រឹកនៅម៉ោង៦ព្រឹកទៅបូរីកីឡា ពីព្រោះមានពាក្យចចាមអារាមថា ពួកគេនឹងបណ្តេញប្រជាជនឲ្យចេញពីផ្ទះសំបែង”។
មានប្រជាពលរដ្ឋចំនួន៥០គ្រួសារ រស់នៅក្នុងលំនៅដ្ឋាននោះ ហើយមួយគ្រួសារៗ ក៏មានសមាជិកដែលផ្ទុកមេរោគអេដស៍ផងដែរ។ ទីបំផុត ពួកគេត្រូវអាជ្ញាធរដឹកតាមឡានឲ្យទៅរស់នៅចម្ងាយរាប់សិបគីឡូម៉ែត្រឆ្ងាយពីទីក្រុង ដែលជាហេតុធ្វើឲ្យពួកគេមិនអាចមានលទ្ធភាពរកស៊ីចិញ្ចឹមជីវិតដូចសព្វដងបានទេ ជាពិសេសនៅក្នុងក្រុងភ្នំពេញតែម្តង។
លោក អាហ្សែលរ៉ដ បាននិយាយថា “ការអភិវឌ្ឍនេះ….គឺជាការវិវត្តន៍ធម្មតារបស់ទីក្រុងមួយ”។

អ្នកថតរូបរូបនេះ បាននិយាយថា “បញ្ហាគឺត្រង់ថាអ្វីដែលគេបានធ្វើ….ប្រសិនបើពួកគេពិតជាធ្វើការបានល្អប្រសើរទាក់ទងនឹងការតាំងទីលំនៅជាថ្មីរបស់ប្រជាពលរដ្ឋទាំងនេះ វានឹងក្លាយជាការអភិវឌ្ឍមួយដ៏ធំធេងសម្រាប់ទីក្រុង ពីព្រោះវានឹងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋដែលគ្មានឱកាសកាលពីមុនមកនោះ”។
លោក អាហ្សែលរ៉ដ ក៏បានចងក្រងជាឯកសារនូវការអភិវឌ្ឍនៅក្នុងទីតាំងដែលមានការបណ្តេញចេញ វប្បធម៌យុវវ័យខ្មែរ និងការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល។
រូបថតប្រហែល១៥០សន្លឹកនៃរូបថតរាប់ពាន់សន្លឹក ដែលអ្នកថតរូបនេះបានថតនៅក្នុងប្រទេសខ្មែរ នឹងចងក្រងទៅក្នុងសៀវភៅរបស់គាត់ និងសៀវភៅអេឡិកត្រូនិក ដែលមានចំណងជើងថា “ប្រទេសកម្ពុជាដែលកំពុងតែមានការវិវត្តន៍” ដែលនឹងចេញផ្សាយនៅក្នុងចុងខែមេសាខាងមុខនេះ៕រើន