មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ាបួននាក់ ត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅប្រទេសវៀតណាមវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីនគរបាលបានរកឃើញពួកគេលាក់ខ្លួនក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
ដោយសំដៅដល់ពួកគេថា ជា “ជនជាតិចារ៉ាយវៀតណាម” នោះ លោក មឿង ស៊ីនាត អ្នកនាំពាក្យសាលាខេត្តបានមានប្រសាសន៍ថា នគរបាលស្រុកលំផាត់ បានចាប់ខ្លួនជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងបួននាក់នេះកាលពីថ្ងៃអង្គារ។
លោក ស៊ីនាត បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនជនជាតិចារ៉ាយវៀតណាមបួននាក់ ហើយបានបញ្ជូនពួកគេទៅប្រទេសវៀតណាមនៅថ្ងៃដដែល ពីព្រោះយើងត្រូវគោរពកិច្ចព្រមព្រៀងនៃការសហការរវាងប្រទេសរបស់យើងទាំងពីរ”។
លោកបានបន្ថែមថា “ខ្ញុំសូមបញ្ជាក់ថា នគរបាលមិនបានរកអ្នកទាំងនោះឃើញនៅក្នុងព្រៃ ប៉ុន្តែបានចាប់ខ្លួនពួកគេនៅតាមផ្លូវ ខណៈពេលធ្វើការល្បាតកាលពីរសៀលម្សិលមិញ”។
បើទោះណាជាលោក ស៊ីនាត បានកំណត់អត្តសញ្ញាណអ្នកទាំងបួនថា ជាជនជាតិចារ៉ាយវៀតណាមក៏ដោយ ក៏កុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធប្រហែល៣០ ដែលបង្កើតជាជនជាតិដើមភាគតិចម៉ុងតាញ៉ានៅប្រទេសវៀតណាមនោះ លោក ស៊ីនាត បានអះអាងថា ពួកគេមិនមែនជាអ្នកស្វែងរកសិទ្ធិជ្រកកោនទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ថា…អ្នកទាំងបួនមិនមែនជាជនភៀសខ្លួនម៉ុងតាញ៉ាឡើយ។ ពួកគេជាជនជាតិវៀតណាម ដែលឆ្លងព្រំដែនខុសច្បាប់”។
ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយជាច្រើនលើកច្រើនសានោះឡើយ។
ជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងបួននាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ គឺជាផ្នែកមួយនៃមនុស្សមួយក្រុមមានគ្នាប្រាំបួននាក់ ដែលបានមកដល់ខេត្តរតនគិរីកាលពីថ្ងៃទី១០ ខែកុម្ភៈ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចការរករឿងបាននិយាយថា មនុស្សប្រាំនាក់ទៀតដែលនៅសេសសល់អាចរត់គេចពីនគរបាល ហើយឥឡូវនេះកំពុងលាក់ខ្លួនក្នុងព្រៃ។
អ្នកភូមិរូបនេះដែលបានជួយអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ាជាង៦០នាក់ ដែលបានឆ្លងចូលខេត្តនេះចាប់តាំងពីខែតុលាមក ក៏បានលើកឡើងផងដែរថា គេអ្នកភូមិស្រុកអូរយ៉ាដាវរាយការណ៍ថា បានឃើញការដាក់ពង្រាយនគរបាលនៅក្នុងតំបន់នេះកាលពីម្សិលមិញ។
គាត់បាននិយាយថា “ខ្ញុំទទួលបានព័ត៌មានថា នគរបាលបានជិះម៉ូតូ១៦គ្រឿងទៅក្នុងព្រៃក្នុងភូមិខ្វែង ស្ថិតក្នុងស្រុកអូរយ៉ាដាវ ដើម្បីស្វែងរកជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងនេះ”។
គាត់បានបន្ថែមថា “ពួកគេក៏បានយកអង្ករមួយបាវទៅដាំបាយហូបក្នុងព្រៃផងដែរ ដូច្នេះពួកគេអាចឃ្លាំមើលជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងនោះនៅពេលយប់”។ មន្ត្រីនគរបាលស្រុក និងខេត្តមិនអាចទាក់ទងបានទេ។
ឥឡូវនេះមានម៉ុងតាញ៉ាយ៉ាងតិច៤១នាក់ កំពុងលាក់ខ្លួនក្នុងក្រុមផ្សេងគ្នាក្នុងស្រុកលំផាត់ និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ពួកគេទាំងអស់លើកឡើងថា ពួកគេរត់គេចខ្លួនពីការគាបសង្កត់របស់រដ្ឋាភិបាលវៀតណាម ហើយបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យជួយពួកគេឲ្យបានមករាជធានីភ្នំពេញដោយសុវត្ថិភាព ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោន។
បេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីជួបម៉ុងតាញ៉ាក្នុងខេត្តរតនគិរីនោះ បានបញ្ចប់កាលពីសប្ដាហ៍មុន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបដិសេធមិនអនុញ្ញាតឲ្យអង្គការសហប្រជាជាតិធ្វើដំណើរក្នុងខេត្តនេះ បើគ្មានការអនុញ្ញាតពីលោកអភិបាលខេត្ត និងក្រសួងមហាផ្ទៃ។
នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះកំពុងដំណើរការពិនិត្យពាក្យសុំសិទ្ធិជ្រកកោនរបស់ម៉ុងតាញ៉ា១៣នាក់ ចំណែកឯ១០នាក់ទៀតស្ថិតក្នុងរាជធានីរង់ចាំដាក់ពាក្យសុំសិទ្ធិជ្រកកោន៕ សារុន