លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកនឹងមិនអនុញ្ញាតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ទ្វេបក្សថ្មីបង្កើតឡើងបានទេ លុះត្រាតែបក្សប្រឆាំងយល់ព្រមទៅនឹងច្បាប់ថ្មីដែលនឹងបែងចែកជាថ្មីនូវអាសនៈសភារបស់គណបក្សណាមួយដែលធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួនបន្ទាប់ពីការបោះឆ្នោត។
លោកក៏បានព្រមានជាថ្មីដល់គណបក្សសង្គ្រោះជាតិកុំបង្កឲ្យមានបដិវត្ត ដោយលោកនិយាយថា ពួកគេនឹងប្រឈមនឹងកំហឹងដ៏ខ្លាំងពីកងទ័ព ប្រសិនបើពួកគេធ្វើមែននោះ។
ថ្នាក់ដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំតំណាងរាស្ត្រ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួនរយៈពេល១០ខែ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដែលពួកគេនិយាយថា មានការលួចបន្លំសន្លឹកឆ្នោតច្រើន ហើយបានបញ្ចប់ពហិការទៅវិញ នៅពេលដែលលោក ហ៊ុន សែន បានសន្យាកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកក្រោយ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកមិនបណ្តោយឲ្យមានពហិការបែបនេះកើតឡើងជាថ្មីទេ ហើយថា លោកនឹងប្រើសំឡេងភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជានៅសភាជាតិ ដើម្បីរារាំងកំណែទម្រង់ដែលបានសន្យាហើយនោះមិនឲ្យអនុម័តបានទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា “ច្បាប់បោះឆ្នោតដែលនឹងដាក់សុំការអនុម័តនៅពេលខាងមុខ គួរតែដាក់ឲ្យហើយទៅ សមាជិកសភានៃគណបក្សណាដែលមិនចូលរួម[សភា] តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ចាត់ទុកថាជាការបោះបង់ចោលអាសនៈ”។
លោកមានប្រសាសន៍ថា “បើឯងមិនចូល[សភា] គជបនឹងបែងចែកអាសនៈរបស់អ្នកទៅឲ្យបក្សផ្សេងទៅ។ ឲ្យវាឆាប់ចប់។ បើមិនអ៊ីចឹងទេ វានឹងមិនឆាប់ចប់ទេ។ [អ្នកចាញ់] មិនដែលយល់ព្រម[ទទួលលទ្ធផល]ទេ”។
លោកមានប្រសាសន៍ថា “រឿងទី២គឺថា បើអ្នកឯងមិនយល់ព្រម នឹងប្រើអាចាស់ដដែល។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងជាគណៈកម្មាធិការចាស់ ហើយច្បាប់ផ្សេងទៀតនឹងនៅជាច្បាប់ចាស់ ពីព្រោះនឹងមិនមានអ្វីថ្មីជំនួសទេ”។
ក្រុមការងារមកពីខាងគណបក្សប្រជាជនកម្ពុជានិងខាងគណបក្សសង្គ្រោះជាតិ សព្វថ្ងៃកំពុងព្រាងការប្តូរឲ្យមានច្បាប់បោះឆ្នោតថ្មី។ លោក សម រង្ស៊ី មានគម្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃសៅរ៍ ដើម្បីចរចា១០ចំណុចនៃការមិនព្រមព្រៀងគ្នាដែលនៅសេសសល់ទាក់ទិននឹងច្បាប់បោះឆ្នោតថ្មី និងបាននិយាយកាលពីថ្ងៃពុធថា ការគំរាមរបស់លោក ហ៊ុន សែន បានធ្វើឲ្យលោកភ្ញាក់ផ្អើល។
លោក រង្ស៊ី បាននិយាយថា “ស្តាប់ទៅចម្លែកបន្តិច ពីព្រោះនេះជាលើកដំបូងហើយដែលខ្ញុំបានឮគំនិតបែបនេះ។ ខ្ញុំកំពុងតាមដានការចរចាពីក្រុមការងារ ហើយពួកគេមិនដែលបង្ហាញលក្ខខណ្ឌបែបហ្នឹងទេ”។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបាននិយាយថា លោកមិនមានជំហរអំពីសំណើនេះទេ ប៉ុន្តែថា វាអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកបាននិយាយថា “យោងតាមរដ្ឋធម្មនុញ្ញ ពេលណាគណបក្សមួយបានទទួលសំឡេងឆ្នោតនិងអាសនៈពីមណ្ឌលបោះឆ្នោត តើតាមលក្ខណៈផ្លូវច្បាប់ គណបក្សនោះនឹងបាត់បង់អាសនៈទាំងអស់របស់ខ្លួនយ៉ាងម៉េចកើតទៅ?”។
“ខ្ញុំត្រូវពិគ្រោះជាមួយសហសេវិកនិងមេធាវីរបស់ខ្ញុំ ដើម្បីឲ្យដឹង ថាតើការនេះផ្ទុយនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ឆន្ទៈប្រជាពលរដ្ឋឬយ៉ាងណា”។
ក្នុងសុន្ទរកថារបស់លោក ហ៊ុន សែន ដែលថ្លែងនៅពេលបិទបញ្ចប់ការប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់កម្លាំងសន្តិសុខនៅទីនោះឲ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការការពាររដ្ឋាភិបាលរបស់លោក។
លោកបានមានប្រសាសន៍ថា “ទាំងកងទ័ព នគរបាល រាជអាវុធហត្ថ និងរដ្ឋបាលស៊ីវិលទាំងអស់មិនអាចអព្យាក្រិត្យរវាងគណបក្សនយោបាយនិងរដ្ឋបានទេ។ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ឲ្យច្បាស់”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រសិនបើគណបក្សឈ្លោះគ្នា អ្នកទាំងអស់គ្នាអាចទៅបញ្ឈប់ជម្លោះដោយមិនកាន់ជើងខាងណា។ ប៉ុន្តែពេលដែលគណបក្សមួយបំពានរដ្ឋ ត្រូវមានការឆ្លើយតបភ្លាម”។
លោក ហ៊ុន សែន ក៏បានឡកឡាយដាក់គណបក្សសង្គ្រោះជាតិ ដោយនិយាយថា ប្រសិនបើខ្លួនព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក ខ្លួននឹងទទួលបរាជ័យភ្លាម។
ក្នុងពេលធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន លោក រង្ស៊ី បានឡកឡាយជាសាធារណៈដាក់លោក ហ៊ុន សែន ដោយនិយាយថា គាត់អាចដើរផ្លូវរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ិកទ័រ យ៉ាណូកូវិច ដែលត្រូវគេបណ្តេញចេញពីអំណាច។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃពុធថា “ពេលអ្នកឯងឮអំពីអ៊ុយក្រែន អ្នកឯងចង់ធ្វើតាមអ៊ុយក្រែន។ មានអី បើអ្នកឯងធ្វើតាមអ៊ុយក្រែន ការប្រយុទ្ធគ្នានឹងកើតឡើង”។
លោកបានមានប្រសាសន៍ថា “ប្រទេសជាច្រើនដែលមានបដិវត្តពណ៌កំពុងតែងាប់…។ ប្រទេសលីប៊ីម៉េចហើយ? ប្រទេសអេហ្ស៊ីបម៉េចហើយ? ប្រទេសទុយនីស៊ីគ្រាន់បើជាងប្រទេសផ្សេងបន្តិច ហើយអេហ្ស៊ីបគ្រប់គ្រងដោយកងទ័ព”។ “ទីនេះមិនមែនជាអ៊ុយក្រែនទេ។ ទីនេះមិនមែនជាលីប៊ីទេ”៕និត (រាយការណ៍បន្ថែមដោយ Alex Willemyns)