34 C
Phnom Penh

ស្នងការ​ប៉ូលិស​សៀមរាប​ជាប់​ឈ្មោះ​ជាអ្នក​សមគំនិត​ក្នុង​រឿង​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប លោក សត ណាឌី ត្រូវ​ជាប់​ឈ្មោះ​ជា​អ្នក​សម​គំនិត​ក្នុង​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយ​ចោទ​លោក​ស្នងការ​ខេត្ត​រូប​នេះ​ពីបទ​ទទួល​សំណូក​សម្រាប់​ការ​ឡើង​បុណ្យ​សក្តិ និង​កេង​បន្លំ​ប្រាក់​ពី​បញ្ជី​ប្រាក់​ខែ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឃុន សំបូរ បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដឹង​អំពី​”សកម្មភាពខុស​ឆ្គង”​ដែល​កើត​ឡើង​នៅ​ក្នុង​ជួរ​ប៉ូលិស​ខេត្ត​សៀមរាប ប៉ុន្តែ​នៅ​មិន​ទាន់​ចាត់​វិធានការ​នៅឡើយ ដោយ​និយាយ​ថា បណ្តឹង​ជា​សាធារណៈ​នេះ​គឺ​ជា​ការ​ព្រមាន​មួយ។

បណ្តឹង​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ ដែល​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​ពុធ ចោទ​លោក ណាឌី និង​លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក ពី​បទ​ពុក​រលួយ​ជាក់ស្តែង។

ពាក្យ​បណ្តឹង​បាន​ឲ្យ​ដឹង​ថា “មន្ត្រី​ប៉ូលិស​នាពេល​ថ្មីៗ​នេះ​បាន​ប្តឹង​លោក​ស្នងការ​ខេត្ត សត ណាឌី និង​បាន​ចោទ​គាត់​ពី​បទ​បណ្តោយ​ឲ្យ​លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក ប្រមូល​សំណូក​ពី​មន្ត្រី​ប៉ូលិស ហើយ​គ្មាន​នរណា​ហ៊ាន​ឮ​មាត់​ឡើយ”។

“មន្ត្រី​ប៉ូលិស​មួយ​ចំនួន​មាន​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​លោក សត ណាឌី ដែល​បើក​ដៃ​ឲ្យ​លោក ស៊ុន ចំណាន ធ្វើ​តាម​ទំនើង​ចិត្ត ដែល​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ធ្លាក់​សន្លឹក​ឆ្នោត​យ៉ាង​គំហ៊ុក​ក្នុង​ខេត្ត​សៀមរាប ព្រោះតែ​គ្មាន​ភាព​យុត្តិធម៌។

ពាក្យ​បណ្តឹង ដែល​សរសេរ​ដោយ​មន្ត្រី​អនាមិក​ក្នុង​ជួរ​ប៉ូលិស​ខេត្ត និយាយ​ថា តំណែង​ភាគ​ច្រើន​បំផុត​ក្នុង​កង​កម្លាំង​គឺ​បាន​ដោយ​ការ​ទិញ ដោយ​អ្នក​ទិញ​តំណែង​ទាំង​នោះ​មិន​ចាំបាច់​មក​កន្លែង​ធ្វើ​ការ​ទេ។

បណ្តឹង​ឲ្យ​ដឹង​ទៀត​ថា “មន្ត្រី​ប៉ូលិស​ខ្លះ​សក្តិ៣-៤​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​អង្គភាព និង​បើក​អាជីវកម្ម​កន្លែង​ផ្សេងទៀត នៅ​ពេល​ពិនិត្យ​ក្រប​ខណ្ឌ លោក ស៊ុន ចំណាន ហៅ​មក​ពិនិត្យ​គ្មាន​បាត់​មុខ​មួយ”។

បណ្តឹង​នោះ​ក៏​បាន​ចោទ​ថា ប្អូន​ប្រុស​របស់​លោក ចំណាន ដែល​មិន​មាន​មុខ​មក​ធ្វើការ ស្ងាត់ៗ​ស្រាប់តែ​ប្រកាស​ឡើង​ប្រធាន​ផ្នែក និង​ថា​ការ​ដំឡើង​បុណ្យសក្តិ​ត្រូវ​ចំណាយ​ប្រាក់។

បណ្តឹង​មាន​ខ្លឹមសារ​ថា “ពេល​ប្រធាន​ប៉ុស្តិ៍​ដល់​អាយុ​ចូល​និវត្តន៍ មិន​ដែល​ឲ្យ​អនុ​ប្រធាន​ឡើង​ជា​ប្រធាន​ទេ ​ទាល់តែ​មាន​លុយ​ប្រហែល​៤.000​ដុល្លារ​ទៅ​៥.០០០​ដុល្លារ​ទើប​អាច​ឡើង​បាន។ បើ​មិន​ដូច្នោះ​ទេ លោក ស៊ុន ចំណាន នឹង​យក​មន្ត្រី​នៅ​អង្គភាព​ផ្សេង​ដែល​ជា​បក្ខពួក​របស់​គេ មក​ធ្វើ​ជា​ប្រធាន​ប៉ុស្តិ៍​វិញ”។

៉ហេតុអ្វី​បាន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មើល​មិន​ឃើញ​ទង្វើ​របស់​លោក ស៊ុន ចំណាន ឬ​មួយ​លោក ស៊ុន ចំណាន​ យក​លុយ​បិទ​មាត់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាត់​ទៅ​ហើយ””។

លោក សំបូរ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផ្សព្វ​ផ្សាយ​ពាក្យ​បណ្តឹង​នេះ​ដើម្បី​ព្រមាន​លោក ណាឌី និង​លោក ចំណាន ឲ្យ​កែប្រែ​ទង្វើ​របស់​ពួកគេ។

លោក​បាន​និយាយ​ថា “យើង​ចង់​ឲ្យ​ពួកគេ​ឈប់​ធ្វើ​រឿង​ខុស​ឆ្គង​ភ្លាមៗ ពីព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ពាក្យ​បណ្តឹង​នោះ​ហើយ ប៉ុន្តែ​ប្រសិនបើ​យើង​ទទួល​បាន​ពាក្យ​បណ្តឹង​ថ្មី បន្ទាប់ពី​ការ​ព្រមាន​លើកទី​១​​តាម​វិបសាយ យើង​នឹង​កោះ​ហៅ​[លោក ចំណាន] មក​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ”។

លោក ណាឌី មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក ចំណាន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ដោយ​និយាយ​ថា លោក​មិន​មាន​អំណាច​ដំឡើង​ឋានៈ​បុគ្គលិក​បាន​ទេ ហើយ​លោក​ជឿ​ថា ពាក្យ​បណ្តឹង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ត្រី​ដែល​មិន​បាន​ឡើង​តំណែង។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​យក​លុយ​ពី​មន្ត្រី​ណាម្នាក់​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ការងារ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ពីព្រោះ​យើង​មាន​គណៈកម្មាធិការ​មួយ​មកពី​ក្រសួង​មហាផ្ទៃ​ដែល​ធ្វើការ​នេះ ពេល​ដែល​យើង​ត្រូវ​ដំឡើង​ឋានៈ​នរណា​ម្នាក់។ យើង​គ្រាន់តែ​រៀបចំ​កិច្ចការ​បច្ចេក​ទេស​សម្រាប់​ការ​ដំឡើង​តំណែង​ប៉ុណ្ណោះ ប៉ុន្តែ​គណៈ​កម្មាធិការ​នេះ​ទទួល​ខុសត្រូវ​ចំពោះ​ការ​តែងតាំង”។

លោក​បាន​និយាយ​ថា “ខ្ញុំ​យល់​ថា នេះ​ជា​បញ្ហា​បុគ្គល​ ពីព្រោះ​មនុស្ស​មួយ​ចំនួន​តូច​មិន​សប្បាយ​ចិត្ត​នឹង​ខ្ញុំ ហើយ​ពួកគេ​ប្តឹង​ខ្ញុំ​ក្នុង​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​[ខ្ញុំ]។ ខ្ញុំ​បាន​រាយការណ៍​រឿង​នេះ​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​គាត់​ចាត់​វិធាន​ការ​អ្វី​នោះ​ទេ”។

លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អនុញ្ញាត​ដោយ​ច្បាប់​ដើម្បី​ចេញ​ការ​ព្រមាន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា វិធានការ​ផ្សេងទៀត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

លោក កុល បាន​និយាយ​ថា “ម្យ៉ាង​វិញ​ទៀត​ពួកគេ​ធ្វើការ​របស់​ខ្លួន​តាម​អាណត្តិ ប៉ុន្តែ​ក្រឡេក​មើល​ប្រសិទ្ធភាព​វិញ ការ​ព្រមាន​មនុស្ស​និង​ការ​ឲ្យ​គេ​កែ​ខ្លួន គឺ​វា​មិន​ស្របគ្នា​នឹង​គោល​នយោបាយ​គ្មាន​ការ​យោគយល់​នោះ​ទេ។ លោក កុល បាន​និយាយ​បន្ថែម​ថា “យុទ្ធ​សាស្ត្រ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ត្រង់ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​អនុវត្ត​គោល​នយោបាយ​គ្មាន​ការ​យោគយល់ ហើយ​នេះ​ជាការ​យោគយល់។ ការ​មិន​យោគយល់​មាន​ន័យ​ថា ប្រសិនបើ​គេ​ទទួល​បាន​ពាក្យ​បណ្តឹង​ហើយ​រក​ឃើញ​ភ័ស្តុតាង ឬ​ស៊ើប​អង្កេត ហើយ​រក​ឃើញ​ភ័ស្តុតាង គឺ​គេ​ត្រូវ​ផ្តន្ទាទោស៕និត (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស