33 C
Phnom Penh

​អ្នកភូមិ​អារ៉ែង​​នៅ​តែ​សម្ដែង​ការគាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មជន​​និរទេស​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ថ្មបាំង,​ខេត្តកោះកុង-រដ្ឋាភិបាល​ប្រហែល​ជា​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​កា​រ​និរទេស​លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន (Alex Gonzalez-Davidson) ​សកម្មជន​​និយាយ​ឥត​សំចៃ​កាលពី​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​​​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​​សកម្មជន​ការ​ពារ​បរិស្ថានរូប​នេះ​​នៅ​តែ​មាន​ស​​ភាព​ខ្លាំងក្លា​ក្នុង​តំបន់​​ដាច់​ស្រយាល​​ ដែល​​សកម្មជន​រូប​នេះ​បាន​តស៊ូ​​ដើម្បី​ឲ្យរួច​ផុត​ពី​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​។Areng

កាលពី​​ឆ្នាំ​កន្លង​មក​នេះ លោក ហ្គន់ហ្សាឡេស ដេវីតសុន និង​អង្គការ​មាតា​ធម្មជាតិ​របស់លោក​​​បាន​ធ្វើ​យុទ្ធនា​ការ​​​ប្រឆាំង​​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​​គាំទ្រ​ដោយ​ជនជាតិ​ចិន ដែល​នឹង​ធ្វើ​ឲ្យ​លិច​លង់​​​តំបន់​​អារ៉ែង​មួយ​ភាគ​ធំ ដោយ​អាច​ធ្វើ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ជង​រាប់​រយ​គ្រួសារ​​បោះ​បង់​ចោល​ដីដូន​តា​របស់​ខ្លួន និង​អាច​ធ្វើ​​ឲ្យ​បាត់​បង់​ជម្រក​សត្វ​ជិត​ផុតពូជ​​ប្រហែល​៣០​ប្រភេទ។

ក្រសួង​មហាផ្ទៃ​​បាន​និរទេស​ជនជាតិ​អេស្បា៉ញ​រូប​នេះ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បាន​បដិសេធ​មិន​បន្ត​ទិដ្ឋាការ​​ឲ្យ​សកម្មជន​រូប​នេះ​ ដោយ​លើក​ពីមូលហេតុ​ថា ​​សកម្មជន​រូប​នេះ​​បាន​ជួយ​ក្នុង​​ការ​បិទ​ផ្លូវ​ដោយ​ខុស​ច្បាប់​នៅ​លើ​ផ្លូវ​ដ៏​សំខាន់ឆ្ពោះ​ទៅ​កាន់​តំបន់​​អារ៉ែង​កាលពី​ខែ​កញ្ញា ដោយ​សង្ឃឹម​ថា នឹង​អាច​រារាំង​មិន​ឲ្យ​អ្នក​អភិវឌ្ឍ​​ចូល​ទៅ​ក្នុង​តំបន់​នេះ​។

អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហជីព​​ដែលគាំទ្រ​លោក​​ ហ្គន់ហ្សាឡេស ដេវីតសុន បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​លោក​​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ហេតុ​ដូច្នេះ​ខ្លួន​​អាច​បន្ត​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​តទៅមុខ​ទៀត​។

យ៉ាង​ណា​មិញ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ជង​នៅ​ក្នុង​តំបន់​​អារ៉ែង​នេះ​ បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា ពួកគាត់​​មិន​សប្បាយ​ចិត្ត​ទេ​ដែល​ទទួល​បាន​ដំណឹង​ថា លោក ហ្គន់ហ្សាឡេស ដេវីតសុន ត្រូវ​បាន​និរទេស​ខ្លួន​ ហើយ​ថា ពួកគាត់​គាំទ្រ​សកម្មភាព​របស់​លោក​​ដែល​ធ្វើ​ការ​ជួស​មុខ​ឲ្យ​ពួកគាត់ ទោះបី​ជា​អាជ្ញាធរ​យក​ញត្តិ​ទៅ​ឲ្យ​អ្នកភូមិ​​ផ្ដិត​មេដៃ​ដើម្បី​គាំទ្រ​ការ​និរទេស​ខ្លួន​​នេះ​ក្ដី​។

លោក ហ៊ាង ពៅ ដែល​ជា​រឿយៗ​តែង​តែ​ធ្វើ​ការ​កៀក​នឹង​​សកម្មជន​រូប​នេះ​បាន​លើក​ឡើង​ថា មន្ត្រី​ថ្នាក់​ស្រុក​​បានមក​​កាន់​ឃុំ​ជំនាប់​ ជា​ឃុំមួយ​ក្នុង​ចំណោម​ឃុំ​ចំនួន​បី​​ក្នុង​តំបន់​​អារ៉ែង អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បី​ស្វែង​រក​អ្នកភូមិឲ្យ​​​ផ្ដិត​មេដៃ​លើ​ញត្តិ​ដែល​គាំទ្រ​​​ការ​និរទេស​ខ្លួន​លោក ហ្គន់ហ្សាឡេស ដេវីតសុន។

លោក​បាន​និយាយ​ថា ” គ្មាន​នរណា​ម្នាក់​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ​ឡើយ​។ យើង​ដឹង​ថា អាជ្ញាធរ​ [មូលដ្ឋាន​] ជា​អ្នក​ចុះ​ហត្ថ​លេខា​ មិន​មែនអ្នកភូមិទេ”។ ប៉ុន្តែ​មាន​អ្នក​ភូមិ​យ៉ាង​តិច​ម្នាក់​បាន​​យល់​ព្រម​​ផ្ដិត​មេដៃ​​។

​​​​​​​​​​​​​ អ្នកស្រី​ ប៉ាន វឿន អ្នកភូមិ​ម្នាក់​ទៀត​នៅ​ក្នុង​ឃុំ​ដដែល​នេះ​បាន​និយាយ​ថា “ពួកគេ​ [អាជ្ញា​ធរ​] កំពុង​​តែ​សួរ​អ្នកភូមិ​ថា តើ​ពួកគាត់​ចង់​បណ្ដេញ​លោក អាឡិច ដែរ​ឬទេ”។ អ្នកស្រី​បាន​និយាយ​បន្ត​ថា “ខ្ញុំ​គាំទ្រ​អ្វី​ដែល​លោក អាឡិច កំពុង​ធ្វើ​ដើម្បី​បញ្ឈប់ជនជាតិ​ចិន។ ប៉ុន្តែ​​នៅ​ពេល​ពួកគេ​បាន​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ ខ្ញុំ​ក៏​ផ្ដិត​ទៅ​ ព្រោះ​​ខ្ញុំ​​គ្មាន​ការ​អប់រំ​ច្រើន​ឡើយ។ យើង​មិន​ហា៊ន​ប្រកែក​នឹង​អាជ្ញាធរ​ទេ។ យើង​មិនហ៊ាន​ប្រកែកព្រោះ​យើង​ស្ថិត​នៅ​ខាង​ពួកគេ យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​”។

គេមិន​អាច​ដឹង​ឡើយ​ថា តើ​មាន​អ្នកភូមិ​ប៉ុន្មាន​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ។ មេភូមិ​ និង​ជំទប់​ឃុំ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ពួកគាត់​គ្រាន់​តែ​​ទទួល​បាន​​ដំណឹង​អំពី​បញ្ហា​នេះ​ពី​អ្នកភូមិ ប៉ុន្តែ​មិន​បាន​ចូលរួម​ពាក់ព័ន្ធ​ ហើយ​គ្មាន​នរណា​មក​ជួប​ពួកគាត់​ឡើយ។

លោក ហាស់ ម៉ន ជាមេភូមិ​មួយ​រូប​បាន​និយាយ​ថា “យើង​មាន​ការ​សោក​ស្ដាយ​ដែល​គេ​បណ្ដេញ​គាត់​ចេញពី​ប្រទេស ព្រោះ​គាត់​មក​ទីនេះ​ដើម្បី​សង្គ្រោះ​​តំបន់​នេះ​”។ លោក​បាន​បន្ថែម​ថា អ្នកភូមិភាគ​ច្រើន​នៅ​តំបន់នេះ​ក៏គិត​ដូច្នេះ​ដែរ។

តែ​ទោះ​ជាយ៉ាង​ណា លោក កែវ នីបូរ៉ា អភិបាល​រង​ស្រុក​បាន​អះអាង​ថា ញត្តិ​នេះ​គឺ​ផុស​ចេញ​​គំនិត​របស់​អ្នក​ភូមិ។

លោក​បាន​និយាយ​ថា “ពួកគាត់​ [អ្នកភូមិ​​] ស្ម័គ្រ​ចិត្ត​ធ្វើ​ដូច្នេះ​ដោយ​ខ្លួនឯង។ អាជ្ញាធរ​មិន​ពាក់ព័ន្ធឡើយ”។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​មាន​​ច្បាប់​ចម្លង​នៃ​ញត្តិ​នេះ​ដែរ​ឬទេ ហើយ​ថា តើ​អ្នកភូមិ​ប៉ុន្មាន​នាក់​បាន​​ផ្ដិត​មេដៃ​គាំទ្រ​ លោក​គ្រាន់​តែ​និយាយ​ថា ” ខ្ញុំ​អត់​ដឹង​ទេ”។

ប្រសិន​បើ​​ញត្តិ​នេះ​ពិត​ជាមាន​ការ​គាំទ្រមែន​នោះ ​ម្លេ៉ះ​រដ្ឋាភិបាល​​ផ្សាយ​ជា​សាធារណៈ​បាត់ទៅហើយ។ គ្មាន​នរណា​ម្នាក់​នៅ​​ក្រសួង​មហាផ្ទៃ​និយាយ​អំពី​ញត្តិ​នេះ​ឡើយ​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​និង​ក្រោយ​លោក​ ហ្គន់ហ្សាឡេស ដេវីតសុន ត្រូវ​បាន​និរទេស​ខ្លួន​។

បើ​និយាយ​អំពី​​ទំនប់​វារីអគ្គិសនី​វិញ គម្រោង​នេះ​កំពុង​បោះ​ជំហាន​​ទៅ​មុខ​ហើយ។

កាលពី​ថ្ងៃអង្គារ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ថ្មីៗ​នេះ​បាន​លើក​សរសើរ​អំពី​អត្ថប្រយោជន៍​ដ៏​មាន​សក្ដានុពល​នៃ​គម្រោង​នេះ​ បាន​លើក​ឡើង​ថា វា​នឹង​គ្មាន​ការ​សាង​សង់​ឡើយ​រហូត​ដល់​ឆ្នាំ​២០១៨។

ប៉ុន្តែ​​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ ខណៈ​អ្នកភូមិ​នៅ​ក្នុង​ឃុំជំនាប់​​កំពុង​​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ​ការ​និរទេស​​លោក ហ្គន់ហ្សាឡេស ដេវីតសុន អ្នកភូមិ​​នៅ​ក្នុង​ឃុំ​ថ្មដូនពៅ ដែល​ក៏​ស្ថិត​នៅ​​ចំកន្លែង​គ្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ដែរ​នោះ កំពុង​ត្រូវ​បាន​ស្នើ​ឲ្យ​គាំទ្រ​ការ​សិក្សា​ថ្មី​មួយ​ស្ដីអំពី​ផលប៉ះពាល់​នៃ​គម្រោង​នេះ​។

អ្នកស្រី មាជ ពេញ បាន​រៀបរាប់​ពីអ្វី​ដែល​ខ្លួន​ចាំ​ថា “មេភូមិ​បាន​មក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​គាំទ្រ​ការ​សិក្សា​នេះ​ឬក៏អត់។ ខ្ញុំ​និយាយ​ថា អត់​គាំទ្រ​ទេ”។ អ្នកស្រី​បាន​និយាយ​បន្ត​ថា “ប្រសិន​បើ​ពួកគេ​សិក្សា​ វា​មាន​ន័យ​ថា ទំនប់វារីអគ្គិសនី​នេះ​នឹង​ត្រូវ​សាង​សង់​ហើយ។ ហើយ​ប្រសិន​បើ​ទំនប់​នេះ​ត្រូវ​បាន​សាង​សង់មែន​នោះ​ ទឹក​នឹង​ល្អក់​ ហើយ​នឹង​បាត់​បង់​សត្វ​ក្រពើ និង​ត្រី​នាគ ព្រមទាំង​ព្រៃឈើ​ផង​ដែរ”។

តែ​ទោះ​ជាយ៉ាង​ណា ម្ដាយ​មីង​របស់​អ្នកស្រី ពេញ បាន​​ផ្ដិត​មេដៃ​គាំទ្រ​។

អ្នកស្រី​ ញៀក ជី មិន​អាច​អាន និង​សរសេរ​ខ្មែរ​បាន​ឡើយ។ ប៉ុន្តែ​នៅពេល​មេភូមិ​​​យក​លិខិត​មួយ​ច្បាប់​​ដែល​សរសេរ​ជា​អក្ស​ខ្មែរ​មក​ជួប​គាត់ គាត់​ក៏​បាន​ផ្ដិត​មេដៃ​ទៅ​។ អ្នកស្រី ជី បាន​និយាយ​ថា “ខ្ញុំ​មិន​គាំទ្រ​ទេ ប៉ុន្តែ​គេ​ប្រាប់​ខ្ញុំ​ថា គ្រួសារ​ទាំង​អស់​សុទ្ធតែ​ផ្ដិត​មេដៃ​​រួច​ហើយ​ ហេតុ​ដូច្នេះ​ខ្ញុំ​ក៏​​ផ្ដិត​តាម​ទៅ”។ អ្នកស្រី​បាន​បន្ថែម​ថា ​អ្នកស្រី​​មិន​ចង់​បាត់​បង់​ដីដូនតា​របស់​ខ្លួនឡើយ​​។ អ្នកស្រី​បាន​និយាយ​បន្ថែមទៀត​ថា “ខ្ញុំ​ធ្វើ​តាម​ព្រោះខ្ញុំ​អត់​ចេះ​អក្ស​ទេ ហេតុ​ដូច្នេះខ្ញុំ​ក៏​ធ្វើ​តាម​អ្វី​ដែល​គេ​បាន​ប្រាប់​ទៅ​​​”។

គេ​មិន​អាច​ទាក់​ទង​មេភូមិ​​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ ប៉ុន្តែ​លោក កែវ សារុន មេឃុំ​ថ្មដូនពៅ បាន​អះអាង​ថា ភាគច្រើន​នៃ​អ្នកភូមិ​​ប្រហែល​១៥០​គ្រួសារ​ក្នុង​ឃុំ​របស់​លោក​បាន​គាំទ្រ​ការ​សិក្សា​នេះ។ ក្នុង​ចំណោម​អ្នកភូមិ​ចំនួន​១០០​គ្រួសារ​ដែល​លោក​បាន​​ទៅ​ជួប​មាន​​តែ​៥គ្រួសារ​ប៉ុណ្ណោះ​មិន​គាំទ្រ​។ លោក​បាន​និយាយ​ថា “យើង​មិន​បាន​បង្ខំ​ពួកគាត់​ទេ វា​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត”។

តែ​ទោះ​ជាយ៉ាង​ណា លោក សារុន បាន​លើក​ឡើង​ថា លោក​គ្មាន​លិខិត​ច្បាប់​ចម្លង​​​ ឬ​ស្នាម​មេដៃ​ឡើយ ព្រោះ​លោក​បាន​បញ្ជូន​ទៅ​មន្ត្រី​ថ្នាក់​ស្រុក​បាត់​ហើយ​។

លោក នីបូរ៉ា ​បាន​លើក​ឡើង​ទៀត​ថា លោក​អត់​ដឹង​អំពី​លិខិត​នេះ​ទេ ប៉ុន្តែ​ថា អ្នក​សិក្សា​ស្រាវ​ជ្រាវ​នឹង​មក​កាន់​តំបន់​អារ៉ែង​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​វាយ​តម្លៃ​​​អំពី​ផល​ប៉ះពាល់​ក្នុង​ពេល​ឆាប់ៗ៕ ស៊ុយឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស