ធនាគារពិភពលោកបានច្រានចោលសំណើមួយដែលស្នើឲ្យខ្លួនរៀបចំកិច្ចប្រជុំនៅកន្លែងមួយក្រៅប្រទេសកម្ពុជាជាមួយតែគ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំពីដីធ្លីរបស់ខ្លួនមុនពេលធនាគារសម្រេចថា តើត្រូវលុបចោលឬមិនលុបចោលការផ្អាកការផ្តល់ប្រាក់កម្ចីថ្មីដល់ប្រទេសកម្ពុជា។
ធនាគារពិភពលោកបានប្រកាសផ្អាកផ្តល់ប្រាក់កម្ចីថ្មីនៅក្នុងខែសីហា ឆ្នាំ២០១១ ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់រដ្ឋាភិបាលមិនព្រមចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់គ្រួសារដែលរស់នៅសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញជាតំបន់ដែលអ្នកភូមិភាគច្រើនក្នុងចំណោមអ្នកភូមិប្រមាណ៣.០០០គ្រួសារ ត្រូវបានបណ្តេញដោយបង្ខំ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យឯកជនរបស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ថ្មីៗនេះ ធនាគារនេះកំពុងពិចារណាគម្រោងថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលនឹងឈានដល់ការលុបចោលការផ្អាកការផ្តល់ប្រាក់កម្ចីថ្មីនេះ ហើយបានប្រកាសពីផែនការរៀបចំកិច្ចប្រជុំចំនួន១១នៅទូទាំងប្រទេសកម្ពុជាជាមួយភាគីពាក់ព័ន្ធសំខាន់ៗចំនួនប្រាំពីរ ប៉ុន្តែ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងនេះមិនរួមបញ្ចូលគ្រួសារដែលត្រូវគេបណ្តេញចេញឡើយ។
នៅក្នុងលិខិតចុះថ្ងៃទី៣ ខែកុម្ភៈ ផ្ញើជូនធនាគារពិភពលោក លោក Morton Sklar មេធាវីជនជាតិអាមេរិកដែលធ្វើការជាមួយអង្គការសិទ្ធិមនុស្សក្នុងស្រុកបានស្នើឲ្យធនាគាររៀបចំកិច្ចប្រជុំបន្ថែមជាមួយគ្រួសារដែលត្រូវគេបណ្តេញចេញពីដីធ្លីនៅក្រៅប្រទេសកម្ពុជា ហេតុដូច្នេះពួកគាត់ហ៊ាននិយាយស្តីដោយមិនខ្លាចការបំភិតបំភ័យពីរដ្ឋាភិបាល។
នៅក្នុងលិខិតឆ្លើយតបចុះថ្ងៃទី២០ ខែកុម្ភៈ ដែលទទួលបាននៅក្នុងសប្តាហ៍នេះ លោក Alassane Sow អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកបានប្រាប់លោក Sklar ថា ធនាគារនឹងបន្តផែនការដំបូងរបស់ខ្លួន។
លោក Sow បានមានប្រសាសន៍ថា “ការពិភាក្សាពិគ្រោះយោបល់ទាំងអស់នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចប្រជុំនឹងត្រូវធ្វើឡើងជាមួយភាគីពាក់ព័ន្ធដូចដែលបានបង្ហាញនៅក្នុងផែនការពិភាក្សាពិគ្រោះយោបល់”។
លិខិតឆ្លើយតបនេះមិនបានផ្តល់ការពន្យល់អំពីសេចក្តីសម្រេចរបស់ធនាគារឡើយ។ ហើយនៅពេលត្រូវបានសួរទាក់ទិននឹងសេចក្តីសម្រេច លោក ប៊ូ សារឿន អ្នកនាំពាក្យប្រចាំប្រទេសរបស់ធនាគារពិភពលោកបានលើកឡើងថា លិខិតរបស់លោក Sow “បាននិយាយរួចហើយ”។
ដោយមានប្រតិកម្មតបទៅនឹងលិខិតឆ្លើយតបនេះ លោក Sklar បានលើកឡើងថា សេចក្តីសម្រេចរបស់ធនាគារពិភពលោកមិនព្រមរៀបចំកិច្ចប្រជុំជាមួយគ្រួសារដែលត្រូវគេបណ្តេញចេញពីដីធ្លី គឺជា “លទ្ធផលដ៏គួរឲ្យព្រួយបារម្ភ និងតក់ស្លុតបំផុត”។
លោក Sklar បានមានប្រសាសន៍ថា “របាយការណ៍របស់ក្រុមអធិការកិច្ចនៃធនាគារពិភពផ្ទាល់ដែលប្រើជាមូលដ្ឋានដើម្បីផ្អាកការផ្តល់ប្រាក់កម្ចីកាលពីឆ្នាំ២០១១ បានចាត់ទុកបញ្ហាបណ្តេញចេញពីដីធ្លីជាបញ្ហាចម្បង ចុះហេតុអ្វីធនាគារពិភពលោកមិនរង់ចាំរដ្ឋាភិបាលធ្វើកំណែទម្រង់គោលនយោបាយដីធ្លីសិនទៅ មុននឹងផ្ដល់ការគាំទ្របន្ថែមដល់ប្រទេសកម្ពុជា”។
កាលពីឆ្នាំមុនធនាគារពិភពលោកបានលើកឡើងថា កិច្ចប្រជុំនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០១៤ ឬដើមឆ្នាំ២០១៥ ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំណាមួយនៅឡើយទេ៕ស៊ុយឈាង