34 C
Phnom Penh

កម្មករ​សំណង់​ម្នាក់​ត្រូវ​កាត់​ជើង​ទាំង​ពីរ​បន្ទាប់​ពី​បាក់​ប្លង់សេ​សង្កត់​លើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា កម្មករ​​​សំណង់​​​ម្នាក់​​​ត្រូវ​​​កាត់​​​ជើង​​​ទាំង​​​ពីរ​​​ត្រឹម​​​ជង្គង់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​​​​ប្លង់​​​សេ​​​ទម្ងន់​​​៦​​​តោន​​​​​​នៅ​​​ភោជនីយដ្ឋាន​​​មិន​​​ទាន់​​​សាង​​​សង់​​​​​​រួច​​​មួយ​​​ក្នុង​​​រាជធានីភ្នំពេញ​​​បាន​​​បាក់​​​សង្កត់​​​លើ​​​គាត់​​​ ខណៈ​​​ដែល​​​គាត់​​​បាន​​​រុះ​​​រន្ទា​​​មុនពេល​កំណត់​។

លោក ហម គា ចៅ​​​សង្កាត់​​​បឹង​​​កក់​​​១​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក វង វុ៉ន អាយុ​​​២៦​​​ឆ្នាំ​​​ ត្រូវប្លង់​​​សេ​​​ដែល​​​បាក់​​​នោះសង្កត់​ជាប់​​​​បន្ទាប់​​​ពី​​​គាត់​​​បាន​​​យក​​​ញញួរ​​​ទៅ​​​វាយ​​​​​​រន្ទា ដែលទ្រ​ផ្ទាំង​ស៊ីម៉ង់ត៍ដែល​​​បាន​​​ចាក់​​​នៅ​​​លើ​​​បន្ទះ​​​ក្តា​​​រអគារ​​​ថ្មី​​​​​​​​​នោះប្រាំ​​​បួន​​​ថ្ងៃ​​​មុន​​​។

លោក ហម គា បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​គាត់​​​វាយ​​​ក្តា​​​ររន្ទានោះ​​​ស្រាប់តែប្លង់​​​សេ​​​បាន​​​បាក់ភ្លាម​​​​​​​ខណៈ​​​ពេល​​​គាត់​​​​​​អង្គុយ​​​ ហើយ​​​បុរស​​​ម្នាក់​​​ទៀត​​​មិន​​​បាន​​​រង​​​របួស​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជើង​​​របស់​​​លោក​​​ វង វុ៉ន ត្រូវ​បាន​សង្កត់​ជាប់អស់​​​រយៈ​​​ពេល​​​៣​​​ម៉ោង​​​។

ចៅ​​​សង្កាត់​​​រូប​​​នេះ​​​បាន​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​ និង​​​កម្មករ​​​បាន​​​ព្យាយាម​​​រំកិល​​​ប្លង់​​​សេ​​​នោះ ប៉ុន្តែ វា​​​មាន​​​ទម្ងន់​​​ជិត​​​៦​​​តោន​​​ឯណោះ បន្ទាប់​​​មក​​​រថយន្ត​​​ស្ទួច​​​បាន​​​មក​​​ដល់ ហើយ​​​ជន​​​រងគ្រោះ​​​នៅ​​​រស់​​​នៅ​​​ឡើយ ដោយសារ​​ប្លង់​​​សេ​​​នោះ​​​មិន​​​បាន​​​សង្កត់​​​លើ​​​ខ្លួន​​​របស់​​​គាត់​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​មន្ទីរ​​​ពេទ្យ​​​ព្រះ​​​កុសុមៈ​​​ គ្រូពេទ្យ​​​បាន​​​សម្រេច​​​កាត់​​​ជើង​​​លោក​​​ វង​​​ វុ៉ន ទាំងពីរ​​​​។

លោក សែម​​​ ពិសិដ្ឋ អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌ​​​ទួល​​​គោល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​គ្រប់​​​គ្រង​​​សំណង់​​​ពី​​​រ​​​នាក់​​​ឈ្មោះ ធឿន ធូ អាយុ​​​៤២​​​ឆ្នាំ និង​​​ លាង ប៊ុនលាភ​​​ អាយុ​​​៤៤​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន​​​​​​ និង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ករបួសស្នាម​​​​ដោយអ​​​ចេតនា​​​​​​ចំពោះ​​​តួនាទីរបស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​បាក់​​​ប្លង​​​់​​​សេនេះ​​​​។

លោក ពិសិដ្ឋ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ទាំង​​​ពីរ​​​នេះ​បាន​​​បញ្ជា​​​ឲ្យ​​​ដោះ​​​ធ្នឹម​​​ទ្រ​​​នេះ​​​បណ្តោះ​​​អាសន្ន​​​ដែលធម្មតា​ទុក​​​​​​​រយៈ​​​ពេល​​​១៨​​​ថ្ងៃ​​​សម្រាប់បង្ល់សេដ៏ធំបែបនេ​​​ះ​​។

លោក ពិសិដ្ឋ​​​ បាន​​​ពន្យល់​​​ថា “អ្នក​​​ទាំង​​​ពីរ​​​នាក់​​​ត្រូវ​​​តែ​​​ចាប់ខ្លួន ហើយ​​​​​​ផ្តន្ទាទោស​​​ពីព្រោះ​​​ពួក​​​គេ​​​​​​ធ្វើ​​​ការ​​​សាង​​​សង់​​​ដោយ​​​ធ្វេស​​​ប្រហែស​​​។ វា​​​ជាការ​​​ធ្វេសប្រហែស​​​បំផុត​​​របស់​​​ពួក​​​គេ បើ​​​ទោះ​​​វាមិន​​​មែនជា​​​ករណី​​​កើតឡើង​ដោយ​​​ចេតនា​​​ក៏​​​ដោយ​​​។ ប្រសិន​​​បើ​​​យើង​​​បណ្តោយ​​​ឲ្យ​​​ពួក​​​គេ​​​រួច​​​ខ្លួន​​​នោះ​​​នៅ​​​ពេល​​​ក្រោយ​​​ពួក​​​គេ​​​នឹង​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដល់​​​សុវត្ថិភាព​​​របស់​​​កម្មករ​​​ឡើយ​​​”។

លោក ឯក ឃុនឌឿន អភិបាល​​​ខណ្ឌ បាន​​​មាន​​​ប្រសាសន៍ថា ការ​សាងសង់​ភោជនីយដ្ឋាន​​​​ថ្មី​​​នេះ​​​ត្រូវ​​​បាន​​​ផ្អាក​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ការ​​​សាង់​​​សង់​​​ត្រូ​​​វ​​​បាន​​​ផ្អាក​​​បណ្តោះ​​​អាសន្ន​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​មាន​​​​​​អ្នក​គ្រប់គ្រង​សំណង់​​​​ថ្មី​​​ ហើយ​​​ចង់​​​ចាប់​​​ផ្តើម​​​​​​សង់​​​បន្តនោះ ​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី និង​​​មន្ត្រី​​​ខណ្ឌ​​​​​​ត្រូវ​​​ពិនិត្យ​​​ជា​​​មុន​​​សិន​​​”៕សារុន​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស