31 C
Phnom Penh

​​​ស្ត្រី​​​១៦​​​នាក់​​​នឹងត្រូវដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​មុន​​​ពេល​​​កំណត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា មិនដល់​​​មួយ​​​សប្តាហ៍​​​ផង​​​ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រសួង​​​ចំនួន​​​បី​​​រៀប​​​ចំ​​​សម្រាប់​​​ការ​​​ដោះ​​​លែង​​​ស្ត្រី​​​ជាប់​​​ពន្ធនាគារ​​​ចំនួន​​​៤០​​​នាក់ ដែល​​​អ្នក​​​ខ្លះ​​​កំពុង​​​មាន​​​ផ្ទៃ​​​ពោះ​​​ ឬ​​​ទើប​​​តែ​​​សម្រាល​​​កូន​​​ថ្មី​​​ៗ​​​ក្នុង​​​ពន្ធនាគារ​​​នោះ​​​ កាល​​​ពីម្សិលមិញ គណៈកម្មការ​​​របស់​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​សម្រេច​​​ថា ស្ត្រី​​​ចំនួន​​​១៦​​​នាក់ នឹង​​​ត្រូវ​​​ដោះ​​​លែង​​​មុន​​​ថ្ងៃ​​​ទី​​​៨ខែមីនា ។

ពេល​​​ថ្លែង​​​​​​​​​​​​សុន្ទរកថា​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​​ក្រសួង​​​​​​យុត្តិធម៌ និង​​​ក្រសួង​​​កិច្ច​​​ការ​​​នារី​​​​​​រៀប​​​ចំ​​​សម្រាប់​​​ការ​​​ដោះ​​​លែង​​​ស្ត្រី​​​ចំនួន​​​៤០​​​នាក់​​​មុន​​​ចូល​​​ឆ្នាំ​​ខ្មែរ​​​នៅ​ខែ​​​មេសា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ហ៊ាន​​​ធ្វើ​​​ដូច្នេះ ព្រោះ​​​​​​ខ្ញុំ​​ក៏​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​ដៃ​​​​ដែរ​​​”។

លោក គឹម សន្តិភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ក្រោយ​​​ពេល​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ថ្លែង​​​សុន្ទរកថា​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ក្រសួង​​​កាល​​​ពីម្សិលមិញ​​​ ដើម្បី​​​ពិភាក្សា​​​​​​ថា តើ​​​ស្ត្រី​​​ជាប់​​​ពន្ធនាគារ​​​ណា​​​ខ្លះ​​​ដែល​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​មុន​​​ទិវា​​​សិទ្ធិ​​​នារី​​​អន្តរ​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មីនា។

លោក សន្តិភាព បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ជ្រើស​​​រើស​​​ស្ត្រី មាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​ និង​​​ស្ត្រី​​​១៥​​​នាក់​​​ទៀត​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ជា​​​មួយ​​​កូន​​​។ យើង​​​នឹង​​​ត្រួត​​​ពិនិត្យ​​​ស្វែង​​​រក​​​ស្ត្រី​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​លើក​​​លែង​​​ទោស​​​មុន​​​ពេល​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ក្នុង​​​ចំណោម​​​ពន្ធនាគារ​​​​​​​​​​​​ទាំង​​​២៨​​​ទូទាំង​​​ប្រទេស​​​ ក្រសួង​​​យុត្តិធម៌​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​ជាង​​​២០​​​នាក់ និង​​​ស្ត្រី​​​ជាង​​​៤០​​​នាក់​​​ទៀត​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ជា​​​មួយ​​​កូន​​​។

លោក សន្តិភាព បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គណៈកម្មការ​​​ជ្រើស​​​រើស​​​តែ​​​ស្ត្រី​​​ណា​​​ដែលបាន​​​អនុវត្ត​​​ទោស​​​​​​ជាប់​​​ពន្ធនាគារ​​​យ៉ាង​​​តិច​​​​​​ពីរ​​​ភាគ​​​បី​​​នៃ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​របស់​​​ខ្លួន​​​រួច​​​ហើយ​​​តែ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​និយាយ​​​ថា តើ​​​លក្ខខណ្ឌ​​​អ្វី​​​ផ្សេង​​​ទៀតដែល​​​ស្ត្រី​​​ទាំង​​​នេះ​​​ត្រូវ​​​មាន​​​​​​ ឬក៏​​​ថា តើ​​​បទ​​​ល្មើស​​​អ្វី​​​ដែល​​ពួក​​​គាត់​​​បាន​​​ប្រព្រឹត្ត​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ស្ត្រី​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ជា​​​បណ្តោះ​​​អាសន្ន​​​មិន​​​រាប់​​​បញ្ចូល​​​​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​ដែល​​​ត្រូវ​​​លើក​​​លែង​​​ទោស​​​ឡើយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​នឹង​​​ផ្ញើ​​​របាយការណ៍​​​ជូន​​​សម្តេច​​​នាយក​​​រដ្ឋ​​​មន្ត្រី [ហ៊ុន សែន]​​​​ ដើម្បី​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​​​ព្រះ​​​មហាក្សត្រ​​​​​​ចេញ​​​ព្រះរាជក្រឹត្យ​​​ដែល​​​នឹង​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ស្ត្រី​​​ទាំង​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា រដ្ឋាភិបាល​​​មាន​​​ផែនការ​​​ដោះ​​​លែង​​​ស្ត្រី មានផ្ទៃពោះ និង​​​ស្ត្រី​​​​​​ទើប​​​តែ​​​សម្រាល​​​កូន​​​ពី​​​ពន្ធនាគារ​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​។

អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​បាន​​​ចេញ​​​របាយការណ៍​​​មួយ​​​កាល​​​ពីខែ​​​មុន​​​ដែល​​​លើក​​​ឡើង​​​ថា ស្ត្រី​​​មានផ្ទៃ​​​ពោះ​​​ និងស្ត្រី​​​​​​​​​ទើប​​​តែ​​​ស​​​ម្រាល​​​កូន​​​​​​ទទួល​​​បាន​​​ការ​​​ថែ​​​ទាំ​​​សុខភាព​​​តិច​​​តួច ឬក៏​​​គ្មាន​​​​​​​​​តែ​​​ម្តង​​​ក៏​​​មាន​​​ដែរ​​​​​​ក្នុង​​​ពន្ធនាគារ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​។

លោក នូ សំអាន អ្នក​​​គ្រប់គ្រង​​​គម្រោង​​​ស្តី​​​ពី​​​ពន្ធនាគារ​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ្​​​ថា ការ​​​លើក​​​លែង​​​ទោស​​​មិន​​​មែន​​​ជា​​​ដំណោះ​​​ស្រាយ​​​យូរ​​​អង្វែង​​​ដែល​​​ជា​​​ជម្រើស​​​ដ៏​​​ល្អ​​​ប្រសើរ​​​សម្រាប់​​​ស្ត្រី​​​ទាំង​​​េនះ​​​ឡើយ​​​។

លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ពួក​​​គេ​​​គួរ​​​តែ​​​មាន​​​ផែនការ​​​ច្បាស់​​​លាស់​​​ដើម្បី​​​ជួយ​​​ស្ត្រី និង​​​ក្មេង​​​ៗ ដែល​​​រស់​​​នៅ​​​ជា​​​មួយ​​​ម្តាយ​​​។ យើង​​​គិត​​​ថា ពន្ធនាគារ​​​គួរ​​​តែ​​​មាន​​​ទី​​​កន្លែង​​​ដែល​​​ស្ត្រី​​​ និង​​​ក្មេង​​​អាច​​​នៅ​​​ដាច់​​​ឆ្ងាយ​​​អ្នកទោស​​​​​​​​​​​​ផ្សេង​​​ៗ​​​ទៀត ហើយ​​​ទទួល​​​បាន​​​ការ​​​ថែ​​​ទាំ​​​សុខភាព​​​គ្រប់​​​គ្រាន់​​​”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស