ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍បានប្រកាសថា ខ្លួននឹងជួយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់ប្រទេសអូស្ត្រាលីដែលបច្ចុប្បន្ននេះកំពុងត្រុវឃុំខ្លួននៅក្នុងប្រទេសណូរូ ជាប្រទេសដែនកោះបាស៊ីហ្វិក នៅក្នុងប្រទេសកម្ពុជានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានទទួលស្គាល់ការរិះគន់នៃកិច្ចព្រមព្រៀងនេះនៅក្នុងនិងក្រៅប្រទេស។
កាលពីខែកញ្ញា ប្រទេសកម្ពុជាបានយល់ព្រមទទួលយកជនភៀសខ្លួនមួយចំនួនជាថ្នូរនឹងកញ្ចប់ជំនួយ៣៥លានដុល្លារពីប្រទេសអូស្ត្រាលីនៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងសមាជិកសភាគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរ។
កាលពីថ្ងៃច័ន្ទ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានលើកឡើងថា ខ្លួនបានទទួលសំណើឲ្យជួយក្នុងការតាំងទីលំនៅនេះ។
ថ្លែងនៅសន្និសីទក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីជំហររបស់រដ្ឋាភិបាលថា មានតែជនភៀសខ្លួនដែលស្ម័គ្រចិត្តមកប្រទេសកម្ពុជាប៉ុណ្ណោះនឹងត្រូវបានតាំងទីលំនៅ។
លោកនាយករដ្ឋមន្ត្រីថ្លែងទៅកាន់អ្នកចូលរួមថា “និយាយតាមត្រង់ ប្រទេសអូស្ត្រាលីបានជួបខ្ញុំ ហើយបានស្នើឲ្យទទួលយកជនភៀសខ្លួនមួយចំនួន។ មនុស្សមួយចំនួនបានរិះគន់បញ្ហានេះនៅក្នុងប្រទេសអូស្ត្រាលី ហើយវាក៏ត្រូវបានរិះគន់ក្នុងប្រទេសកម្ពុជាផងដែរ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងធ្វើរឿងនេះផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ។ អ្នកដែលមក យើងនឹងទទួលយកពួកគេ។ វាផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះគ្មាននរណាម្នាក់បង្ខំពួកគេឲ្យមកឡើយ”៕សារុន