34 C
Phnom Penh

បន្ទាប់ពី​ការ​និរទេស​ អាឡិច បក្សប្រឆាំង​ចង់​ឲ្យ​បណ្តេញ​ជន​អន្តោប្រវេសន៍វៀតណាម​ខុស​ច្បាប់​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​រដ្ឋាភិបាល​បាន​និរទេស​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) កាលពី​ថ្ងៃ​ច័ន្ទ​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​បែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅលើ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​រាប់​សិប​ពាន់​នាក់ ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​មួយ​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​អង្គារ និង​ផ្ញើ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​១១​រូប​សរសេរ​ថា ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់​កំពុង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ផ្លូវ​ទឹក​របស់​ប្រទេស​កម្ពុជា បង្ក​អស្ថិរភាព​សង្គម និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ក្នុង​នោះ​មាន​ឃាតកម្ម ចោរកម្ម និង​ការ​នេសាទ​ខុស​ច្បាប់​ជាដើម។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មួយ​រូបដែល​​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឃើញ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​នេះ​ត្រូវ​បាន​ពង្រឹង​ការ​អនុវត្ត​ដោយ​ត្រឹមត្រូវ។

លោក មុនីវណ្ណ បាន​មាន​ប្រសាសន៍​ថា “នាយកដ្ឋាន​អន្តោប្រវេសន៍​[របស់​ក្រសួង​មហាផ្ទៃ]​បាន​​និរទេស លោក អាឡិច ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ ដូច្នេះ​ចំពោះ​មនុស្ស​រាប់លាន​នាក់​ដែល​ខុស​ច្បាប់ ពួកគេ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ផង”។

លោក​មាន​ប្រសាសន៍​ថា “ជនជាតិ​វៀតណាម​ជាច្រើន​នាក់​កំពុង​រស់នៅ​ទាំង​នៅ​តាម​ខេត្ត​នានា ទាំង​នៅ​ក្នុង​ក្រុង”។ លោក​បាន​បន្ថែម​ថា “ជនជាតិ​វៀតណាម​ទាំង​នោះ​កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា”។

ក្រសួង​មហាផ្ទៃ​បាន​និរទេស​ជន​បរទេស​ប្រហែល១.៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើនជាង​១.០០០​នាក់ ចាប់តាំងពី​មាន​ការ​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​មុន​មក។

លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា សូម​ស្វាគមន៍​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ការ​រាយការណ៍​ករណី​ជាក់​លាក់​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​នាយកដ្ឋាន​របស់​លោក៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស