ដោយលើកឡើងវិញអំពីការត្អួញត្អែរដែលនិយាយជាញឹកញាប់របស់លោកប្រឆាំងនឹងតុលាការខ្មែរក្រហមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀតកាលពីម្សិលមិញថា សង្គ្រាមនិងភាពចលាចលនឹងកើតឡើង ប្រសិនបើតុលាការបន្តវិសាលភាពបន្ថែមទៀត។
នៅក្នុងសុន្ទរកថាមួយ នៅឯសន្និសីទអន្តរជាតិស្តីពីការទទួលខុសត្រូវក្នុងការការពារមនុស្សជាតិ នៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគិត្រា លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការស៊ើបអង្កេតរបស់តុលាការ គឺ “ទៅជាកាត់ចង់ជ្រុល” ហើយអាចបណ្តាលឲ្យអតីតទាហានខ្មែរក្រហមរត់ចូលព្រៃវិញនិងចាប់ផ្តើមសង្គ្រាមស៊ីវិល។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “[តុលាការ] ពង្រីកវិសាលភាពស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃវិញ។ រឿងទៅទៀត វាអ៊ីចឹង វិសាលភាពពង្រីកចេះតែពង្រីក ត្រូវគិតពីតម្លៃសន្តិភាពនិងតម្លៃជីវិតមនុស្ស”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា “ប្រសិនបើសង្គ្រាមកើតឡើងវិញ តើប៉ុន្មាននាក់ដែលត្រូវស្លាប់ យើងដកពិសោធហើយ”។
លោក ហ៊ុន សែន ដែលតែងតែមានប្រសាសន៍ថា មេដឹកនាំខ្មែរក្រហមមិនឲ្យលើសពីប្រាំនាក់ទេ គួរកាត់ទោសនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាយទុកមិនល្អបែបហ្នឹងកាលពីមុនផងដែរ។
កាលពីឆ្នាំ២០០៩ ពោលគឺរយៈពេលមិនយូរប៉ុន្មានមុននឹងសំណំុរឿងពីរបន្ថែមទៀត បើកស៊ើបអង្កេតដោយព្រះរាជអាជ្ញាអន្តរជាតិនោះ លោកនាយករដ្ឋមន្ត្រី បានធ្វើការសន្និដ្ឋានជាសាធារណៈថា សំណំុរឿងទាំងនោះ អាចបញ្ឆេះសង្គ្រាមស៊ីវិល ដែលនឹងសម្លាប់មនុស្ស ៉២០០.០០០នាក់ដល់៣០០.០០០នាក់។៉
សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី បានទទួលប្រតិកម្មជាច្រើនពីសំណាក់មេធាវីការពារក្តី ដែលមានទឡ្ហីករណ៍ថា សេចក្តីថ្លែងការណ៍នោះ ជ្រៀតជ្រែកប្រព័ន្ធតុលាការ ជាពិសេសដោយសារតែបុគ្គលិកតុលាការកម្ពុជា បានបដិសេធមិនប៉ះពាល់សំណំុរឿងដ៏ចម្រូងចម្រាស ដែលគេហៅថា ០០៣ និង ០០៤ ដែលបង្ខំឲ្យព្រះរាជអាជ្ញានិងអ្នកស៊ើបអង្កេតសហប្រជាជាតិធ្វើការលើសំណំុរឿងនេះតែម្នាក់ឯង។
ក្រុមអ្នកច្បាប់សហប្រជាជាតិខ្លះ ថែមទាំងបានចោទដៃគូកម្ពុជារបស់ខ្លួនថា រារាំងកិច្ចការរបស់ខ្លួននៅលើសំណំុរឿង០០៣ និង ០០៤។
ទោះជាយ៉ាងនេះក្តី សុន្ទរកថារបស់លោក ហ៊ុន សែន កាលពីម្សិលមិញ បានធ្វើឡើងក្នុងពេលមួយដ៏សំខាន់។ ចៅក្រមស៊ើបអង្កេតសហប្រជាជាតិនៃតុលាការនេះ គឺលោក ម៉ាក ហាមុ៉ន (Mark Harmon) ទំនងជាបញ្ចប់ការស៊ើបអង្កេតសំណំុរឿងរបស់លោក ដែលស្ថិតនៅក្នុងដៃការិយាល័យសហចៅក្រមស៊ើបអង្កេត អស់រយៈពេលជាងប្រាំឆ្នាំមកហើយ។
ដោយសារតែភាពសម្ងាត់ដ៏តឹងតែង ដែលចៅក្រម ហាម៉ុន បានអនុវត្តនោះ គឺស្ទើរតែមិនមានព័ត៌មានជាសាធារណៈបានបញ្ចេញឲ្យដឹងទាក់ទងនឹងស្ថានភាពនៃសំណំុរឿងនេះណាស់ ដែលនៅក្នុងនោះមានមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមម្នាក់ និងមន្ត្រីថ្នាក់កណ្តាលបីនាក់ទៀត ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍។
ព្រះរាជអាជ្ញា អ.វ.ត.ក. បានបញ្ជាក់នៅក្នុងសំណំុរឿងមួយកាលពីខែធ្នូ ថា ការស៊ើបអង្កេតនៅក្នុងសំណំុរឿង០០៣ និង០០៤ គឺ “កាន់តែសកម្ម” នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ។
នៅពេលដែលការស៊ើបអង្កេតបញ្ចប់នោះ ចៅក្រម ហាម៉ុន នឹងត្រូវសម្រេចថា តើត្រូវចោទជនសង្ស័យមួយចំនួន ឬទាំងអស់ ឬត្រូវច្រានចោលសំណំុរឿងនោះ ដោយពន្យល់ហេតុផលរបស់លោក នៅក្នុងឯកសារមួយដែលគេហៅថា ដីកាដំណោះស្រាយ។
ឯកសារមួយច្បាប់ថ្មីៗបំផុតរបស់តុលាការនិយាយថា ដីកាដំណោះស្រាយនៅក្នុងសំណំុរឿងមួយ ឬក៏ សំណំុរឿងទាំងពីរ សង្ឃឹមថា នឹងចេញនៅពាក់កណ្តាលឆ្នាំ២០១៥។
លោក ឡាស អូលហ្ស៊ិន អ្នកនាំពាក្យតុលាការ បាននិយាយថា លោកមិនអាចអត្ថាធិប្បាយត្រង់ៗចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក ហ៊ុន សែន អំពីសង្គ្រាមស៊ីវិលបានទេ។
អ្នកនាំពាក្យតុលាការរូបនេះ បាននិយាយថា “ខ្ញុំមិនដឹងពីសេចក្តីលម្អិតនៃសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែ ជាទូទៅគេមិនគួរធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលគេអាចចាត់ទុកថា ជាការប៉ុនប៉ងប្រើឥទ្ធិពលលើដំណើរការតុលាការ ដែលកំពុងតែកើតឡើងបានទេ”។
លោក យឹម ផាន់ណា ជាអតីតទាហានខ្មែរក្រហម ហើយឥឡូវជាចៅហ្វាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារចុងក្រោយរបស់ខ្មែរក្រហម បាននិយាយថា បន្ទាប់ពីសុន្ទរកថារបស់លោក ហ៊ុន សែន លោកយល់ស្របនឹងការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រីក្នុងអារម្មណ៍របស់អតីតទាហានខ្មែរក្រហម។
លោក ផាន់ណា បាននិយាយតាមទូរស័ព្ទថា “ការបន្តពង្រីកវិសាលភាពសំណំុរឿងនេះ កាន់តែធ្វើឲ្យយើងព្រួយបារម្ភ ហើយយើងមានអារម្មណ៍ថា គ្មានសុវត្ថិភាព ជាពិសេស ដោយសារតែការចំណាយច្រើនហួសហេតុពេក ដែលរដ្ឋាភិបាលមិនអាចបំពេញបាន”។
ទោះជាយ៉ាងនេះក្តី លោក អ៊ុំ ម៉ក់ អាយុ៤៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យជាភាគីរដ្ឋប្បវេណីក្នុងសំណំុរឿង០០៤ បាននិយាយថា លោកសង្ស័យថា នេះមិនដូច្នោះទេ ហើយថា លោកនៅតែសង្ឃឹមថា នឹងឃើញជនសង្ស័យ អឹម ឆែម ជាអ្នកមើលការខុសត្រូវចំពោះពលកម្មទាសករលើកទំនប់ទឹក ដែលម្តាយរបស់លោក ម៉ក់ ធ្វើការទីនោះ នឹងត្រូវយកមកកាត់ទោស។
លោក ម៉ក់ បាននិយាយថា “ខ្ញុំគិតថា នឹងមិនមានសង្គ្រាមអីទេ ប្រសិនបើតុលាការខ្មែរក្រហមពង្រីកវិសាលភាព នាំយកខ្មែរក្រហមបន្ថែមទៀតមកកាត់ទោស។ គ្មាននរណារត់ចូលព្រៃទៀតទេ ហើយក៏គ្មានអ្នកណាមានសមត្ថភាពរកបានអាវុធដើម្បីបង្កអសន្តិសុខនៅក្នុងប្រទេសដែរ។ គឺ [លោក ហ៊ុន សែន] ដែលធ្វើសង្គ្រាម មិនមែនជាអ្នកស្រុក ឬក៏អតីតខ្មែរក្រហមអ្វីទេ”។
មានប្រសាសន៍ផងដែរកាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក ហ្គារ៉ែដ អេវិនស៍ ដែលបានចូលរួមក្នុងសន្និសីទនោះដែរ ដោយសារតែអត្ថបទវិភាគដែលរិះគន់ធ្ងន់ៗសរសេរដោយអតីតអ្នកការទូតរូបនេះកាលពីឆ្នាំទៅមិញ នៅក្នុងអត្ថបទនោះ លោកបានចោទលោកនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់។
លោក ហ៊ុន សែន បានមានប្រសាសន៍សំដៅទៅលើលោក អេវិនស៍ ត្រង់ៗថា “ខ្ញុំមិនដឹងថា ឯកឧត្តមកើតជំងឺអីទេ បានជាកាលពីឆ្នាំទៅរិះគន់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនដឹងថា ឯកឧត្តម ហ្គារ៉ែដ អេវិនស៍ បាននិយាយអ៊ីចឹង ឬក៏កាសែតចុះខុស”។(រាយការណ៍បន្ថែមដោយ Julia Wallace)រើន