29 C
Phnom Penh

ម៉ុងតាញ៉ា៣៦​​​នាក់​​​​​​បាត់​​​ខ្លួន​​​អស់​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​និង​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ម៉ុងតាញ៉ា​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​៣៦នាក់ ដែល​​​បាន​​​ប៉ុនប៉ង​​​គេច​​​ចេញពី​​​ក​​ន្លែង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃនៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី ដោយ​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ឆ្ពោះ​​​មកកាន់​​​ក្រុង​​​ភ្នំពេញ បាន​​​បាត់​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​មក​​​ហើយ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី បាន​​​និយាយ​​​ថា អ្នក​​​ភូមិជនជាតិ​​​ភាគតិច​​​ចារ៉ាយ​​​បាន​​​ប្រាប់​​​លោក​​​ថា ពួកគេ​​​បាន​​​បាត់​​​ដំណឹង​​​ពី​​​អ្នកស្វែងរក​​​សិទ្ធិ​​​ជ្រកកោន បន្ទាប់ពី​​​ក្រុម​​​ម៉ុងតាញ៉ា​​​នេះ​​​បាន​​​ព្យាយាម​​​គេច​​​ខ្លួន​​​ពី​​​ខេត្ត​​​ភាគឦសាន​​​មួយ​​​នេះ​​​កាលពី​​​យប់​​​ថ្ងៃ​​​ពុធ។

លោក ធី បាន​​​និយាយ​​​ថា “មាន​​​ចារ៉ាយ​​​វៀតណាម​​​ចំនួន​​​៣៦​​​នាក់ រួម​​​មាន​​​ស្ត្រី​​​៣​​​នាក់​​ផង​​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត ដើម្បី​​​ចាកចេញ​​​ពី​​​ខេត្ត​​​រតនគិរី ប្រហែល​​​ពាក់​​​កណ្តាល​​​អធ្រាត្រ​​​ថ្ងៃ​​​ពុធ​​​មក​​​កាន់​​​ភ្នំពេញ”។ លោក ធី បាន​​​និយាយ​​​ថា “រហូត​​​មកដល់​​​ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ព័ត៌មានណា​​​​​​មួយ​​​ពី​​​ពួកគេ​​​នៅ​​​ឡើយ​​​ទេ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា គេ​​​បាត់​​​ខ្លួន​​​នៅ​​​កន្លែង​​​ណា​​​ដែរ”។ អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា លោក​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អង្គការ​​​សហ​​​ប្រជាជាតិ និង​​​ស្ថានទូត​​​អាមេរិក​​​អំពី​​​ការ​​​បាត់​​​ខ្លួន​​​នេះ។

អ្នក​​​ភូមិ​​​ជនជាតិ​​​ចារ៉ាយ​​​អាយុ​​​៤៨​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ ព្រោះ​​​ខ្លាច​​​អាជ្ញាធរ​​​ធ្វើ​​​បាប បាន​​​និយាយ​​​ថា មិត្តភក្តិ​​​របស់​​​គាត់​​​ម្នាក់​​​ជាចារ៉ាយ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​ក្រុម​​​ម៉ុងតាញ៉ា​​​ដែល​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្តនោះ​​​ដែរ។

អ្នកភូមិ​​​ចារ៉ាយ​​​រូបនេះ​​​បាន​​​និយាយ​​​ថា “គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​បាន​​​នាំ​​​ចារ៉ាយ​​​វៀតណាម​​​៣៦​​​នាក់​​​មក​​​ភ្នំពេញ ប៉ុន្តែ​​​គាត់​​​មិន​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ហេតុ​​​អី​​​បាន​​​ជា​​​គាត់​​​យក​​​ពួកគេ​​​មក​​​ទី​​​នោះ”។ អ្នកភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​បើកបរ​​​រថយន្ត​​​បាន​​​ទៅ​​​ទទួល​​​យក​​​មនុស្ស​​​១៨​​​នាក់​​​ពី​​​ស្រុក​​​អូរយ៉ាដាវ ៨​​​នាក់​​​មក​​​ពី​​​ស្រុក​​​បរកែវ និង​​​១០​​​នាក់​​​ផ្សេង​​​ទៀតពី​​​ស្រុក​​​លំផាត់។

អ្នកភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ពួកគេ​​​បាន​​​បាត់​​​ខ្លួន ខ្ញុំ​​​បាន​​​ព្យាយាម​​​ទាក់ទង​​​ពួកគេ​​​តាម​​​ទូរស័ព្ទ ប៉ុន្តែ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ”។

លោក ម៉ឹង ស៊ីនាត អ្នកនាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ដំណឹង​​​អំពី​​​ការ​​​បាត់​​​ខ្លួន​​​របស់​​​ពួកគេ​​​ទេ ប៉ុន្តែ​​​​​​អាជ្ញាធរ​​​កំពុង​​​បន្ត​​​ស្វែង​​​រក​​​ម៉ុងតាញ៉ា​​​នៅ​​​ក្នុង​​​ព្រៃ។

លោក ស៊ីនាត បាន​​​និយាយ​​​ថា “ឥឡូវ​​​ហាក់ដូចជា​​​ស្ងាត់​​​ឈឹង។ អាជ្ញាធរ​​​កំពុង​​​ស្វែង​​​រក​​​ពួកគេ​​​ដើម្បី​​​ធានា​​​សុវត្ថិភាព​​​​​​និង​​​ផ្តល់​​​ម្ហូប​​​អាហារ​​​ដល់​​​​​​ពួកគេ”។

ការ​​​បាត់​​​ខ្លួនម៉ុងតាញ៉ា​​​មួយ​​​រថយន្ត​​​បាន​​​កើត​​​ឡើង​​​ក្រោយ​​​ពីម៉ុងតាញ៉ា​​​៤​​​នាក់​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​វៀតណាម​​​វិញ​​​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ក្រោយពី​​​ការ​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​លំផាត់។

លោក ស៊ីនាត បាន​​​អះអាង​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ថា ក្រុម​​​នោះ​​​មិន​​​មែន​​​ជា​​​ម៉ុងតាញ៉ា​​​ទេ ប៉ុន្តែ​​​”ជា​​​វៀតណាម​​​ដែល​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់”។

ក្រុម​​​របស់​​​ពួកគេ​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​ម៉ុងតាញ៉ា​​​៤១​​​នាក់​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ខេត្ត​​​រតនគិរី បន្ទាប់ពី​​​ឆ្លង​​​ដែន​​​ពី​​​ប្រទេស​​​វៀតណាម​​​កាលពី​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ។ ពួកគេ​​​អះអាង​​​ថា ពួកគេ​​​រត់​​​គេចពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​នៅក្នុង​​​មាតុប្រទេសរបស់​​​គេ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នូវ​​​ជំនួយ​​​សហ​​​ប្រជាជាតិ​​​ក្នុង​​​ការ​​​ជួយ​​​ពួកគេ​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​មក​​​ដល់​​​ភ្នំពេញ​​​ដោយ​​​សុវត្ថិភាព ដើម្បី​​​ឲ្យ​​​ពួកគេ​​​អាច​​​ចាប់​​​ផ្តើម​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន។

បេសកកម្ម​​​សហ​​​ប្រជាជាតិ​​​ថ្មីៗ​​​បំផុត​​​ដើម្បី​​​ទាក់ទង​​​ម៉ុងតាញ៉ា​​​នៅ​​​ខេត្ត​​​រតនគិរី បាន​​​បញ្ចប់​​​កាលពី​​​សប្តាហ៍​​​មុន ក្រោយពី​​​អាជ្ញាធរ​​​មូលដ្ឋាន​​​បាន​​​រារាំង​​​មន្ត្រី​​​សហ​​​ប្រជាជាតិ​​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ ដោយ​​​និយាយ​​​ថា បេសកកម្ម​​​នោះ​​​មិន​​​ទទួល​​​បាន​​​​​​ការ​​​អនុញ្ញាត​​​ពី​​​ចៅហ្វាយ​​​ខេត្ត ឬ ពីក្រសួង​​​មហាផ្ទៃ​​​ទេ។

ការ​​​ហូរ​​​ចូល​​​នៃ​​​ក្រុម​​​ម៉ុងតាញ៉ា​​​ថ្មីៗ​​​បំផុត​​​ពី​​​ប្រទេស​​​វៀតណាម​​​បាន​​​ចាប់​​​ផ្តើ​​ម​​​នៅ​​​ខែ​​​តុលា ហើយ​​​គេ​​​ឃើញ​​​មាន​​​ពួកគេ​​​ជាង​​​៦០​​​នាក់​​​ដែល​​​បាន​​​ឆ្លងច្រក​​​ព្រំដែន ដើម្បី​​​ស្វែងរក​​​សិទ្ធិ​​​ជ្រកកោន។

អគ្គ​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ដំណើរការ​​​លើពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រកកោន​​​របស់​​​ម៉ុងតាញ៉ា​​​១៣​​​នាក់ ចំណែកឯ​​​១០​​​នាក់​​​ផ្សេងទៀត​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ភ្នំពេញ ដោយ​​​រង់​​​ចាំ​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រកកោន។

លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​មាន​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ការ​​​បាត់ខ្លួន​​​ក្រុម​​​ម៉ុងតាញ៉ា​​​ទេ ប៉ុន្តែ​​​ប្រសិនបើ​​​ពួកគេ​​​ត្រូវ​​​រក​​​ឃើញ​​​នឹង​​​ចាត់​​​ទុក​​​ជា​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​នោះ នាយក​​​ដ្ឋាន​​​របស់​​​លោក “នឹង​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់”។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រី​ផ្នែក​ព័ត៌មាន​ប្រចាំ​តំបន់​​នៅ​​​ការិយាល័យ​ឧត្ដម​ស្នង​ការ​​​​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​ទទួល​​​បាន​​​ព័ត៌មាន​​​ណាមួយ​​​ដែល​​​ទាក់ទង​​​នឹង​​​ម៉ុងតាញ៉ា​​​៣៦​​​នាក់​​​នោះ​​​ទេ។ ការិយាល័យ​​​​​​ឧត្តម​​​ស្នងការ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​របស់​​​សហ​​​ប្រជាជាតិ​​​នៅក្រុង​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ឡើយ៕ ​​​(រាយការណ៍​​​បន្ថែម​​​ដោយ George Wright) រើន​​​ និង និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស