នគរបាលក្រុងព្រះសីហនុនិយាយថា ខ្លួនបានចាប់ខ្លួនអ្នកជំនួញជនជាតិតួកគី ម្នាក់កាលពីរសៀលម្សិលមិញ ពោលគឺមិនដល់២៤ម៉ោងផងទេក្រោយពីខ្មាន់កាំភ្លើងបានបាញ់ចេញពីរថយន្តមួយគ្រឿងចំនួន១០ គ្រាប់សំដៅទៅរថយន្តរបស់គាត់ បណ្តាលឲ្យបុរសខ្មែរម្នាក់រងរបួសនៅខាងក្រៅកាស៊ីណូក្រុងកំពង់សោម កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
នគរបាលនិយាយទៀតថា ការបាញ់ប្រហារនេះគឺជាការសងសឹកពីសំណាក់ម្ចាស់អជីវកម្មបរទេសផ្សេងៗទៀតចំពោះករណីចាក់គ្នាមួយ។
ហេតុការណ៍ដែលបានកើតឡើងមិនដល់មួយខែក្រោយពីក្រុមបុរសជនជាតិរុស្ស៊ីបានប៉ះទង្គិចគ្នាយ៉ាងសាហាវនៅខាងក្រៅកាស៊ីណូមួយទៀតក្នុងក្រុងព្រះសីហនុនេះ បានកើតឡើងនៅម៉ោង១១យប់ថ្ងៃព្រហស្បតិ៍ នៅពេលរថយន្តមួយគ្រឿងបានបើកតាមពីក្រោយរថយន្តរបស់បុរសជនជាតិតួកគីរូបនេះ ហើយបានបើកការបាញ់ប្រហារតែម្តង នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមួយរូបនៅការិយាល័យអន្តរាគមន៍បទល្មើសរបស់នគរបាល។
លោកបានមានប្រសាសន៍ថា “ការបាញ់ប្រហារនេះបានធ្វើឲ្យបុរសខ្មែរម្នាក់ដែលនៅខាងមុខកាស៊ីណូក្រុងកំពង់សោមរងរបួសភ្លៅខាងស្តាំ។ ពួកគេចង់សងសឹកគ្នាប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែយើងទៅដល់យឺតពេកទើបមិនអាចចាប់ពួកគេបាន”។
លោក ឯម វលក្ខណ៍ ស្នងការរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនបុរសជនជាតិតួកគី រូបនេះកាលពីម្សិលមិញ ពីព្រោះមានពាក្យបណ្តឹងប្រឆាំងរូបគាត់កាលពីម្សិលម្ងៃ។លោកមានប្រសាសន៍ទៀតថា លោកមិនចាំឈ្មោះបុរសនេះទេ។
លោកបានលើកឡើងបន្តថា” បុរសជនជាតិតួកគីដែលត្រូវចាប់ខ្លួនថ្ងៃេនះ គឺជាជនសង្ស័យដែលបានវាយប្រហារបុរសម្នាក់ទៀតនឹងកាំបិត ដូច្នេះហើយយើងក៏បានចុះទៅដល់កន្លែងលក់សំបុត្រទូករបស់គាត់ ហើយនាំខ្លួនគាត់ទៅប៉ុស្តិ៍នគរបាលតែម្តង”។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រុមម្ចាស់ភោជនីយដ្ឋានបរទេសមានការពាក់ព័ន្ធក្នុងជម្លោះរកស៊ីជាមួយជនជាតិតួកគី រូបនេះដែលជាម្ចាស់ក្រុមហ៊ុនទូកមួយ។
លោកបានមានប្រសាសន៍ថា “យើងមិនទាន់ដឹងពីសញ្ជាតិរបស់ក្រុមដែលបានបើកការបាញ់ប្រហារនៅឡើយទេ ហើយក៏មិនដឹងថាមានសមាជិកប៉ុន្មាននាក់ ឬក៏ភោជនីយដ្ឋានមានជាប់ពាក់ព័ន្ធ ឬយ៉ាងណាទេ។ យើងចាំបាច់ត្រូវចាប់ខ្លួនពួកគេជាមុនសិន មុនពេលយើងពិនិត្យមើលអត្តសញ្ញាណរបស់ពួកគេ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា ការវាយប្រហារដ៏សាហាវមួយទៀតដែលប្រព្រឹត្តឡើងដោយជនបរទេសនៅក្នុងក្រុងព្រះសីហនុ គឺជាស្ថានភាពវិវឌ្ឍន៍ដ៏គួរឲ្យព្រួយបារម្ភ។
លោកបានលើកឡើងថា “ខ្ញុំមិនដឹងថា ជនបរទេសទាំងនេះបានកាំភ្លើងទាំងអស់នេះដោយរបៀបណា ឬកន្លែងណាទេ ប៉ុន្តែ ទោះជាយ៉ាងណា យើងមានការបារម្ភយ៉ាងខ្លាំង ហើយពេលនេះកំពុងសិក្សាថា តើយើងចាំបាច់ត្រូវចាត់វិធានការអ្វីទៅថ្ងៃអនាគត់”៕សុខុម