38 C
Phnom Penh

កម្មករ​​​កាត់​​​ដេរ២០នាក់​​​​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​​​រោង​​​ចក្រ​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​សហជីព​​​និយាយ​​​ថា កម្មករ​​​កាត់​​​ដេរ​​​ប្រហែល​​​២០០នាក់​​​ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​  បន្ទាប់​​​ពី​​​កម្មករ​​​២០​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​ដេញ​​​ចេញ​​​នៅ​​​ពេល​​​ព្យាយាម​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ ស្មាត សើុត (Smart Shirts) នៅ​​​មុន​​​នេះ​​​ក្នុង​​​ព្រឹក​​​ថ្ងៃ​​​ដដែល​​​។

កាល​​​ពីថ្ងៃ​​​ទី​​​៣ ខែកុម្ភៈ​​​ កម្មករ​​​ប្រហែល​​​៧០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ដែលស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​នេះ ​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ឲ្យ​​​គណៈគ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់​​​ខែ​​​២៨​​​ដុល្លារ​​​សម្រាប់​​​កម្មករ​​​ដែល​​​ធ្វើ​​​ការ​​​ច្រើន​​​ឆ្នាំ​​​ប្រហែល​​​៣០០នាក់​​​ បន្ទាប់​​​ពីសេចក្តី​​​សម្រេច​​​របស់​​​​​​រដ្ឋាភិបាលក្នុង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​ដល់​​​១២៨​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​មករា មិន​​​បាន​​​រាប់​​​បញ្ចូលកម្មករ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ប្រាក់ខែ​​​គោល​​​នេះ​​​រួច​​​ទៅ​​​ហើយ​​​​​​។

រោង​​​ច្រក​​​​​​ស្មាត សើុត​​​ បាន​​​ដាក់​​​សំណើ​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​២៣​​​ ខែ​​​កុម្ភៈ សុំ​​​ឲ្យ​​​ចេញ​​​អធិបញ្ជា​​​ប្រឆាំង​​​កម្មករ​​​ទាំង​​​នេះ​​​ដើម្បី​​​អនុវត្ត​​​សេចក្តី​​​សម្រេច​​​​​​​​​​​​​​​​​​របស់​​​​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាល​​កាល​​​ពី​​​ថ្ងៃទី​​​៦ ខែ​​​កុម្ភៈ​​​ដែល​​​បញ្ជា​​​ឲ្យ​​​​​​ពួកគេ​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

នៅ​​​ឯតុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ មេដឹក​​​នាំ​​​សហជីព​​​ទទួល​​​បាន​​​ច្បាប់​​​ចម្លង​​​នៃ​​​អធិបញ្ជា​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ចៅ​​​ក្រម​​​ ម៉ុង មុនីសោភា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កុម្ភៈ​​​ដែល​​​បញ្ជា​​​ឲ្យ​​​កម្មករ​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ ប៉ុន្តែ បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​ក្រុមហ៊ុន​​​​​​ដែល​​​សុំ​​​ហាម​​​ឃាត់​​​កម្មករ​​​មួយ​​​ចំនួន​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​។

មេធាវី​​​ ជិន វណ្ណា ដែល​​​តំណាង​​​ឲ្យ​​​ររោង​​​ចក្រ​​​ ស្មាត ស៊ើត ត្រូវ​​​បាន​​​ដក​​​ស្រង់​​​សម្តីនៅ​​​ក្នុង​​​អធិបញ្ជា​​​នោះ​​​ដែល​​​​​លើក​​​ឡើង​​​ថា កម្មករ​​​២០នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​ដែល​​​ចាប់​​​តាំង​​​ពីថ្ងៃ​​​ទី​​​៣ ខែ​​​កុម្ភៈ​​​មក​​​ “បាន​​​ញុះញុង​​​កម្មករ​​​ឲ្យធ្វើ​​​កូដកម្ម​​​ និង​​​បាន​​​ដឹក​​​នាំ​​​កម្មករ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​អំពើ​​​ហិង្សា​​​ដោយ​​​​​ការ​​​គប់​​​ដុំ​​​ថ្ម​​​ វាយ​​​ទ្វារ​​​របង​​​ និង​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​មួយ​​​ចំនួន​​​របស់​​​ក្រុម​​​ហ៊ុន​​​”។

លោក កែម ចាន់ អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រោង​​​ចក្រ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។

គាត់​​​បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពីបទ​​​ញុះ​​​ញុង​​​កម្មករ​​​ និង​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ខ្លួន​​​។ តាម​​​ពិត​​​កម្មករ​​​ជា​​​អ្នក​​​ស្ម័គ​​​ចិត្ត​​​ចូល​​​រួម​​​ធ្វើ​​​កូដ​​​កម្ម ហើយ​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​អ្វី​​​ដូច​​​ដែល​​​ពួកគេ​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ទេ​​​”។ ​​​

លោក ឃិន ណាំ​​​ហោ អនុ​​​ប្រធាន​​​សហព័ន្ធ​​​សហជីព​​​សំឡេង​​​កម្មករ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​ក៏​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ដែរ​​​ដើម្បីប្តឹង​​​ប្រធាន​​​សហជីព​​​របស់​​​លោក​​​ និង​​​កម្មករ​​​បួន​​​នាក់​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ក្រុមហ៊ុន​​​បាន​​​ចោទ​​​ប្រកាន់​​​យើង​​​ពីបទញុះ​​​ញុង​​​កម្មករ​​​ឲ្យធ្វើ​​​កូដ​​​កម្ម​​​ និង​​​បទ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​។ ប៉ុន្តែ យើង​​​គ្មាន​​​ព័ត៌មាន​​​ណា​​​មួយ​​​ពី​​​មន្ត្រី​​​តុលាការ​​​ទេ​​​”។

ទាំង​​​តំណាង​​​ក្រុមហ៊ុន​​​ និង​​​​​​មន្ត្រី​​​តុលាការ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ជុំ​​​វិញ​​​បញ្ហា​​​នេះ ៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស