28 C
Phnom Penh

​​​​ញឹក ប៊ុន​​​ឆៃ៖ សមាជិក​​​បក្ស​​​សំុ​​​ឲ្យ​​​រក្សា​​​ទុក​​​ស្លាក​​​គណបក្ស​​​ហ៊្វុនស៊ិន​​​​​​ប៉ិចដដែល​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ខ្វែង​​​គំនិត​​​រវាង​​​សម្តេច​​​ក្រុម​​​ព្រះ​​​ នរោត្តម រណ​​​ឫទ្ធិ​​​ ប្រធាន​​​បក្ស​​​ថ្មី​​​របស់​​​គណបក្ស​​​ហ៊្វុនស៊ីន​​​ប៉ិច និង​​​លោក​​​ ញឹក ប៊ុន​​​ឆៃ​​​ អនុ​​​ប្រធានបក្ស​​​ទី២​​ ទំនង​​​ជា​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ បន្ទាប់​​​ពី​​អ្នកគាំទ្រ​​​បក្ស​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ស្លាក​​​សញ្ញាបក្ស​​​​​​។

​​​នៅ​​​ក្នុង​​​សន្និសីទកាសែត​​​មួយដែល​​​រៀប​​​ចំ​​​ឡើងនៅឯ​​​គេហដ្ឋាន​​​របស់​​​លោកក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​រសៀល​​​នេះ លោក​​​ ញឹក ប៊ុន​​​ឆៃ​​​ អនុ​​​ប្រធានបក្ស​​​ទី២ បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណបក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​ សំុ​​​ឲ្យ​​​រក្សា​​​ទុក​​​​​​​​​ស្លាក​​​សញ្ញា​​​បក្ស​​​ដដែល​​​ ព្រោះ​​​ថា ស្លាក​​​សញ្ញា​​​នេះ​​​មាន​​​ប្រជាពលរដ្ឋ​​​ក្នុង​​​ស្រុក​​​និង​​​ក្រៅ​​​ស្រុក​​​ស្គាល់យូរ​​​ណាស់​​​មក​​​ហើយ ។​​​

លោក ប៊ុនឆៃ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រជា​​​ពលរដ្ឋ​​​តាម​​​មូលដ្ឋាន​​​ភាគ​​​ច្រើន​​​មិន​​​ចង់​​​ឲ្យ​​​ដូរ​​​ឡូហ្គូ​​​គណបក្ស ហើយ​​​ក៏​​​មិន​​​ឲ្យ​​​ទម្លាក់​​​ស្លាក​​​គណបក្ស​​​ហ៊្វុនស៊ិនប៉ិច​​​ដែរ។ ខ្ញំុ​​​ក៏​​​យល់​​​ដូច​​​ប្រជា​​​ពលរដ្ឋ​​​ដែរ​​​ពី​​​ព្រោះ​​​ឡូហ្គូ​​​នេះ ប្រជាពលរដ្ឋ​​​និង​​​អន្តរជាតិ​​​បាន​​​ស្គាល់​​​ច្បាស់​​​យូរ​​​ហើយ​​​”។

កាល​​​ពី​​​សប្តាហ៍​​​មុន ការ​ខ្វែង​គំនិត​គ្នា​​​​​​​ទាក់ទិន​នឹង​នរណា​មាន​សិទ្ធិ​ចេញ​លិខិត​​​​ហ៊្វុនស៊ិនប៉ិច​ជា​ផ្លូវការ​​​បាន​ផ្ទុះ​ឡើង​​​​ ចំពេល​មាន​ការ​ខិតខំ​របស់​គណបក្ស​នេះ​ដើម្បី​រួម​បញ្ចូល​អតីត​ភាគី​ ដែល​មាន​​​​ជម្លោះ​ផ្ទៃ​ក្នុង បន្ទាប់ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​មក​ធ្វើ​ជា​មេដឹកនាំ​​​​​វិញ​កាលពី​ខែ​មុន។

លោក ប៊ុនឆៃ​​​បាន​​​បញ្ជាក់​​​ថា “​​​បើ​​​យើង​​​រួបរួម​​​គ្នា​​​មិន​​​បាន​​​ទេ កំុ​​​សង្ឃឹមថា​​​​​​បាន​​​កៅ​​​អី​​​ឲ្យ​​​សោះ”។ លោក​​​ ប៊ុន​​​ឆៃ​​​បាន​​​និយាយ​​​ថា​​​ សម្តេច​​​ក្រុម​​​ព្រះ​​​ នរោត្តម រណឫទ្ធិ  គួរ​​​តែ​​​ពិភាក្សា​​​ជា​​​មួយ​​​មន្ត្រី​​​បក្ស​​​ជា​​​មុន​​​សិន​​​ មុន​​​នឹង​​​សម្រេច​​​​​​តែង​​​តាំង​​​មន្ត្រី​​​ណា​​​ម្នាក់នៅ​​​ក្នុងបក្ស។​​​​​​​​​

សម្តេច​ក្រុមព្រះ រណឫទ្ធិ បាន​យាង​ត្រឡប់​​​មក​​​​ធ្វើ​ជា​​​​ប្រធាន​​​បក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​​​​វិញ​​​ កាលពី​​​​ថ្ងៃ​ទី​១៩​ ខែ​មករា ដោយ​អតីត​ប្រធាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និង អគ្គលេខាធិការ លោក ញឹក ប៊ុនឆៃ កាន់​តួនាទីជា​​​​ប្រធាន​ទី១ និង​អនុ​ប្រធាន​ទី២។ លោក ប៊ុនឆៃ​​​បាន​​​និយាយ​​​ថា​​ លោក​​​នឹង​​​ជួប​​​ជាមួយ​​​សម្តេច​​​ក្រុមព្រះ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស