27 C
Phnom Penh

លោក​​​ នួន​​​ នៅ ឧត្តម​​​សេនីយ៍​​​យោធា​​​ស្លាប់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​រថយន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នួន​​​ នៅ ដែល​​​ត្រូវ​​​បាន​​​ដំឡើង​​​ឋានន្តរ​​​ស័ក្តិ​​​​​​ជា​​​ឧត្តម​​​សេនីយ៍​​​ទោ ក្នុង​​​ជួរ​​​កង​​​យោ​​​ធ​​​ពល​​​ខេមរ​​​ភូមិន្ទ​​​​​​បន្ទាប់ពី​​​ផ្តាច់​​​ខ្លួន​​​ពី​​​ខ្មែរក្រហម​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៨​​​នោះ​​​ បាន​​​ស្លាប់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​រថយន្ត​​​​​​តាម​​​ផ្លូវ​​​ពេល​​​លោក​​​ទៅ​​​ចូល​​​រួម​​​​​​ប្រជុំ​​​ជាមួយ​​​​​​មន្ត្រី​​​យោធា​​​ថៃ​​​ជិត​​​ព្រំដែន​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

យោង​​​តាម​​លោក តូច​​​ រ៉ា ប្រធាន​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​​​​នៅ​​​ច្រក​​​ទ្វារ​​​អន្តរ​​​ជាតិ​​​ជាំ​​​សាងាំ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នួន នៅ អាយុ​​​៥៦ឆ្នាំ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​ក្នុង​​​តំបន់​​​​​ភ្នំ​​​ដង​​​រែក​​​​​​ នៅពេល​​​​​​នោះ​​​​​​​​រថយន្ត​​​របស់​​​លោក ម៉ាក ហ៊ីលុច ភីក​​​អាប់ បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​មួយ​​​គ្រឿង​​​ទៀត​​​​​​​​​បណ្តាល​​​ឲ្យ​​​រថយន្ត​​​ទាំង​​​ពីរ​​ធ្លាក់​ចូល​​​ជ្រលង​​​ភ្នំ​ជម្រៅ​២០ម៉ែត្រ ធ្វើ​ឲ្យ​លោក និង​អ្នក​បើក​បរ​ស្លាប់​។

លោក តូច រ៉ា បាន​​​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​ធុន​​​ធំ​មួយ​គ្រឿង​ទៀត​ជា​​​កម្ម​​​សិទ្ធិ​របស់​​​ក្រុម​ហ៊ុន លឹម ហេង កាស៊ីណូ ​ក៏​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ​ផង​ដែរ​។

លោក តូច រ៉ា បាន​​​មាន​ប្រសាសន៍​ថា “គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​បាន​កើត​ឡើង​នៅ​ម៉ោង​១និង​៤០​នាទី​រសៀល បណ្ដាល​ឲ្យ​​​ពួកគេ​ស្លាប់​ បន្ទាប់​​​ពី​​​រថយន្ត​ទាំង​ពីរ​បាន​ធ្លាក់​ចូល​​​ជ្រលង​​​ភ្នំ​ជម្រៅ​២០​​​ម៉ែត្រ”។

លោក នួន នៅ ដែល​ត្រូវ​បាន​ដំឡើង​ឋានន្តរ​​​ស័ក្ដិ​ជា​ឧត្ដម​សេនីយ៍​​​ឯក​កាលពី​ចុង​សប្ដាហ៍ ស្ថិត​ក្នុង​ចំណោម​ក្រុម​ផ្ដាច់​ខ្លួន​ខ្មែរ​ក្រហម​ចុង​ក្រោយ​ពី​ស្រុក​អន្លង់វែង ជា​ទីតាំង​រឹង​មាំ​ចុង​ក្រោយ​របស់​របប​នេះ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​​​​នៃ​ប្រទេស​។

លោក តូច រ៉ា ដែល​ធ្លាប់​​បម្រើ​ការ​ក្នុង​​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ដែរ​នោះ បាន​មាន​ប្រសា​​​សន៍​ថា បន្ទាប់ពី​ចូល​រួម​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ លោក នួន នៅ នៅតែ​ជា​​ឥស្សរជន​ដ៏​​​ឆ្នើម​ក្នុង​មូលដ្ឋាន ជា​មេ​​​បញ្ជាការ​​​​​​រង​ក្នុង​​​តំបន់​​​នោះ។

លោក តូច រ៉ា បាន​​​មាន​ប្រសាសន៍​ថា “យើង​បាន​បាត់​បង់​មេ​​​ដឹក​នាំ​ដ៏​​​ឆ្នើម​មួយ​រូប​ក្នុង​ស្រុក​អន្លង់​​​វែង​”។ លោក​បាន​បន្ថែម​ថា លោក​ នួន នៅ បាន​ស្លាប់​ចោល​ប្រពន្ធ​ និង​កូន​ប្រុស​ពីរ​​​នាក់ ហើយ​សព​របស់​លោក​​នឹង​បញ្ចុះ​ក្នុង​វត្ត​ស្រះ​​​ឈូក ក្នុងស្រុក​អន្លង់វែង​នៅ​ថ្ងៃ​នេះ​។

លោក ម៉េង លី ស្នង​ការ​​​នគរ​បាល​ខេត្ត​ឧត្ដរមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​លោក នួន នៅ និង​ក្រុម​ហ៊ុន​កាស៊ីណូ​កំពុង​​​​ចរចា​ពី​ការ​ផ្ដល់​សំណង​បន្ទាប់ពី​គ្រោះ​ថ្នាក់​រថយន្ត ប៉ុន្តែ​បាន​កត់​សម្គាល់​ថា វា​ជា​ការ​លំបាក​ណាស់​សម្រាប់​នគរ​បាល​ក្នុង​ការ​សម្រេច​ថា តើ​នរណា​មាន​កំហុស​នោះ ដោយ​សារ​​មិន​មាន​សាក្សី​នៅ​រស់​ឡើយ​។

លោក នួន នៅ គឺ​ជា​​ឧត្ដម​សេនីយ៍​យោធា​ជាន់​ខ្ពស់​ទី២ និង​អតីត​ឥស្សរជន​​​កង​ទ័ព​ខ្មែរ​ក្រហម បាន​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

កាលពី​ខែ​សីហា ឆ្នាំ​មុន លោក យឹម ពឹម ​មេបញ្ជាការ​ឧទ្ទាម​ខ្មែរ​ក្រហម​​ ដែល​ជា​មេ​​​បញ្ជា​ការ​អង្គភាព​កង​យោធពល​ខេ​​​ម​​​រ​​​ភូមិន្ទ​ឈរជើង​​​នៅ​ប្រាសាទ​​​ព្រះវិហារ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​​ក្រុង​បាង​​​កក​៕ សារុន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស