38.8 C
Phnom Penh

គណបក្ស​ធំជាង​គេ​ទាំងពីរ​​បង្កើត​​ក្រុម​​ការ​ងារ​ជា​ផ្លូវ​ការ​ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ការ​ជួល​ផ្ទះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​បាន​​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​​ធំជាង​គេ​ទាំងពីរ​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ក្រុម​ការ​ងារ​មួយ​ជា​ផុ្លូវ​ការ​កាលពី​ថ្ងៃសុក្រ ដើម្បីពិភាក្សា​អំពី​ច្បាប់​ថ្មី​​ដែល​នឹង​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​ខ្លួន​រាល់​ពេល​កម្មករ​ ដែល​ភាគ​ច្រើន​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​​ជា​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឯកភាព​គ្នា​លើ​ការ​បង្កើត​​ក្រុម​​ការ​ងារ​មួយ​មាន​សមាជិក​ចំនួន​ប្រាំបី​នាក់ ដោយ​គណបក្ស​នីមួយ​មាន​សមាជិក​ចំនួន​បួន​នាក់​ចូល​រួម​ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​បន្ទាប់ពី​កិច្ច​ពិភាក្សា​រវាង​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃសុក្រ។ លោក ប៉ែន បញ្ញា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ការ​ងារ​នេះ។

សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ក្រុម​ការ​ងារ​នេះ​​មាន​តួនាទី​ត្រួត​ពិនិត្យ​ សិក្សា​ និង​ស្នើ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីអំពី​ការ​គ្រប់​គ្រង​ការ​ជួល​ផ្ទះ​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សង្គមកិច្ច​ សម្រាប់​​ប្រធាន​រដ្ឋសភា​ត្រួតពិនិត្យ​ និង​ធ្វើ​ការ​សម្រេច​”។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា ក្រុម​ការ​ងារ​នេះ​​នឹង​ជួប​ជុំគ្នាពិភាក្សា​​នៅ​ពេល​ណា​ប្រធាន​ក្រុម​​​​​កោះ​ហៅ។

ទោះបីជា​ផែន​ការ​របស់​គណបក្ស​ទាំងពីរ​​ ដែល​នឹង​​ចាត់​វិធានការ​តឹង​រ៉ឹង​ចំពោះ​ម្ចាស់ផ្ទះ​ ដែល​ចេះ​តែ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះនោះ​​ ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ដើម​ខែ​​នេះ​ក៏​ដោយ តែ​វា​ត្រូវ​បាន​ទទួល​យក​យ៉ាង​ឆាប់​រហ័ស​ដោយ​លោក សម រង្ស៊ី ​​ដែល​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ទៅ​​តាម​តំបន់​ឧស្សាហកម្ម​​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ផែន​ការ​នេះ​។

លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​នៃ​ក្រុម​ការ​ងារ​ដែល​ទើប​បង្កើត​ថ្មី បាន​មាន​ប្រសាសន៍​ថា ” សមាជិក​សភា​មើល​ឃើញ​ពីការ​លំបាក​ ដែល​កម្មករ​កំពុង​ប្រឈម​ ព្រោះ​ម្ចាស់​ផ្ទះនឹង​ដំឡើង​ថ្លៃឈ្នួល​ផ្ទះ​នៅពេល​ប្រាក់​ខែ​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​”។

នៅ​ពេល​ច្បាប់​គ្រប់គ្រង​ការ​ជួល​ផ្ទះ​​ត្រូវ​បាន​ស្នើ​ឡើង​ជា​លើក​ដំបូង​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មាន​ច្បាប់​ថ្មី​ណាមួយ​ដើម្បីធ្វើ​យ៉ាង​ណា​​រារាំង​ម្ចាស់​ផ្ទះ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​លើស​ពី​អត្រា​នៃ​អតិផរណា​ ហើយ​ថា ច្បាប់​ថ្មី​នេះ​​គួរ​តែ​អនុវត្ត​លើ​ម្ចាស់​ផ្ទះ​ទាំង​អស់​ មិន​មែន​គ្រាន់​តែ​លើ​ម្ចាស់​ផ្ទះ​ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ផ្ទះ​ទាប​ប៉ុណ្ណោះ​ទេ។

ប៉ុន្តែ​ គណបក្ស​​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​នៅឡើង​ទេ​ថា តើ​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​ចំណាយ​​ពេល​ប៉ុន្មាន​ ដើម្បី​តាក់​តែង​ឡើង​នោះ​។

លោក ប៉ាល់ សំអឿន សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​នៃ​ក្រុម​ការងារ​នេះ​ដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ហ៊ាន​ប្រាប់​អំពី​ទំហំ​នៃ​ច្បាប់​នេះ​ឡើយ”។ លោក​បាន​បន្ថែម​ថា ក្រុម​ការ​ងារ​នេះ​នឹង​ចាប់​ផ្ដើម​​បើក​ការ​ពិភាក្សា​​នៅ​សប្ដាហ៍​​នេះ៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស