30 C
Phnom Penh

សកម្ម​​​ជន​​​អារ៉ែង​​​​​​ម្នាក់ ត្រូវ​​​បាន​​​កោះហៅ​​​មក​​​សាក​​​សួរ​​​ជុំវិញ ​​​ពាក្យ​​​បណ្តឹង​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​កោះ​ហៅ​សកម្មជន​ការ​ពារ​បរិស្ថាន​ម្នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ជ្រលង​អា​​​រ៉ែង​មក​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​គាត់​បាន​កាប់​ឈើ​ក្នុង​ព្រៃ​ដើម្បី​យក​ទៅ​សាង​សង់​មជ្ឈមណ្ឌល​សហគមន៍។

ដីកា​​កោះហៅ​ចុះ​​​ថ្ងៃ​​​ទី​២៥ ខែ​កុម្ភៈ និង​ចុះ​ហត្ថលេខា​ដោយ​​ព្រះរាជអាជ្ញា ប៊ូ ប៊ុន​​​ហាំង ​បង្គាប់​ឲ្យ​លោក វ៉ែន វ៉ន អាយុ​៣៦​ឆ្នាំ ជា​អ្នក​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ជង ដែល​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក អាឡិច ​​ហ្គន់​​​ហ្សា​​​ឡេស ដាវីដ​​​សុន សកម្មជន​​ជនជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​និរទេស​កាល​​​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដើម្បី​ឆ្លើយ​សំណួរ​ជុំវិញ​ពាក្យ​បណ្ដឹង​ដែល​​ត្រូវ​បាន​ប្ដឹង​រូប​លោក ដោយ​​ខណ្ឌ​រដ្ឋបាល​ព្រៃ​​​ឈើ​ខេត្ត​កុង​កាល​​​ពី​ខែ​មករា។

ដីកា​កោះ​​​ហៅ​នេះ​​មិន​បាន​លើក​​​ឡើង​​​ថា តើ​លោក​ វ៉ែន វ៉ន ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​​​បទ​អ្វី​នោះ​ឡើយ ហើយ​មន្ត្រី​តុលាការ​មិន​អាច​ទាក់​ទង​បាន​ទេ។

ទោះ​ជា​​​យ៉ាង​ណា លោក អុិន គង់​​​ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លី​​​កា​​​ដូ​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​ព្រៃឈើ​អះអាង​ថា លោក វ៉ែន វ៉ន បាន​កាប់​ឈើ​ក្នុង​ព្រៃ​​ការ​ពារ​ដើម្បី​​​យក​ទៅ​សាង​សង់​មជ្ឈមណ្ឌល​សហគមន៍​ក្នុង​ឃុំ​​​ជំនា​ប់ ស្រុក​ថ្មបាំង។

លោក​បាន​​​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ឡើយ ហើយ​មាន​​​បំណង​​​​បំភិត​បំភ័យ​ដល់​សកម្មជន​ដែល​ជំទាស់​ទៅ​នឹង​គម្រោង​សាង​សង់​ទំនប់​​​វារី​​​អគ្គិសនី ដែល​នឹង​ជន់​​​លិច​ដំបន់​ជ្រលង​អារ៉ែង ហើយ​បង្ខំ​ឲ្យ​រូប​គាត់ និង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ជង​រាប់​រយ​នាក់​ទៀត​ចាក​​​ចេញ​​​ពី​​​ដី​​​ដូន​តា​របស់​ខ្លួន។

លោក អុិន គង់​​​ចិត្រ បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​រូប​គាត់។ ប៉ុន្តែ​ គាត់​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់​ឡើយ។ គាត់​គ្រាន់​តែ​កាប់​ឈើ​ធម្មតា​យក​ទៅ​សាង​សង់​មជ្ឈមណ្ឌល​សហគមន៍ ដើម្បី​រៀបចំ​ការ​ប្រជុំ​តែប៉ុណ្ណោះ”។

លោក​បាន​បន្ថែម​ថា “លោក វ៉ែន វ៉ន បាន​រួម​គ្នា​ជាមួយ​លោក អាឡិច ដើម្បី​ការ​ពារ​ព្រៃឈើ ពីព្រោះ​គាត់​មិន​ចង់​ឲ្យ​មាន​ការ​សាង​សង់​​​ទំនប់​វារី​​​អគ្គិ​​​សនី​នៅ​ក្នុង​តំបន់​ជ្រលង​អារ៉ែង​​​ទេ។ នេះ​គឺ​ជា​​សកម្មភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​រូប​គាត់​ដើម្បី​បំបាក់​ទឹក​ចិត្តគាត់​​​​​​​តែប៉ុណ្ណោះ​”។

លោក អ៊ុំ មាគារី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង បាន​បដិសេធ​ការ​ដែល​ថា មាន​នរណា​ម្នាក់​នៅ​ក្នុង​ការិយាល័យ​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក វ៉ែន វ៉ន។

ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម លោក​បាន​​​លើក​ឡើង​ថា “ប្រសិន​បើ​​​គាត់​​​​ឡើង​តុលាការ​ គាត់​​នឹង​ស្វែង​រក​អ្នក​ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​​រូប​គាត់”។

លោក ស៊ុន ម៉ាឡា ជា​សហ​​​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាមួយ​លោក ហ្គន់​ហ្សា​​​ឡេស ដាវីដសុន ដែល​ត្រូវ​បាន​និរទេស​កាលពី​ខែ​មុន ដោយ​មូល​ហេតុ​ថា​លោក​បាន​​ដាក់​របាំង​បិទ​ផ្លូវ​ខុស​ច្បាប់​នៅ​តាម​ផ្លូវ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​កាន់​ជ្រលង​នេះ​កាលពី​ខែ​កញ្ញា​ ដើម្បី​រារាំង​​មិន​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​ស្ទឹង​ឆាយ​អា​​​រ៉ែង​កម្លាំង​១០៨​មេហ្គា​​​វ៉ាត់​នោះ​បាន​មាន​ប្រសាសន៍​ថា ការ​​​ចុះ​​​ពេល​​​វេលា​​​​នៃ​ពាក្យ​បណ្ដឹង​​របស់​រដ្ឋ​​​បាល​​​​ព្រៃឈើ​​ ដែល​ប្ដឹង​លោក វ៉ែន វ៉ន នោះ​គួរ​ឲ្យ​សង្ស័យ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “នេះ​អាច​ជា​យុទ្ធសាស្ត្រ​បំភិត​បំភ័យ ពីព្រោះ​នៅ​ពេល​លោក អាឡិច នៅ​ទីនោះ មិន​មាន​ពាក្យ​បណ្ដឹង​ទេ។ លោក​បាន​​បន្ថែម​ថា “នេះ​គឺ​ជា​យុទ្ធសាស្ត្រ​គំរាម​កំហែង និង​បំបែក​សំឡេង​សហគមន៍ ដើម្បី​ក្រុម​ហ៊ុន​អាច​បន្ត​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​​ក្នុង​តំបន់​ជ្រលង​អារ៉ែង”។

លោក វ៉ែន វ៉ន មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក អុិន គង់ចិត្រ និង​លោក ស៊ុន ម៉ាឡា បាន​មាន​ប្រសាសន៍​ថា គាត់​​​​​នឹង​​​គោរព​​​ដីកា​កោះ​ហៅ​របស់​តុលាការ​៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស