អង្គការសហប្រជាជាតិ និងអ្នកភូមិមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន៣៦នាក់ ដែលបាត់ខ្លួនកាលពីសប្ដាហ៍មុន បន្ទាប់ពីពួកគេបានចាកចេញពីកន្លែងលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរី ត្រូវបានចាប់ខ្លួន និងនិរទេសត្រឡប់ទៅប្រទេសវៀតណាមវិញ។
លោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងតាមរយៈអុីម៉េលមួយថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ានេះ ដែលប៉ុនប៉ងចាកចេញពីខេត្តរតនគិរីទៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃពុធ ត្រូវបាននិរទេសនៅក្នុងថ្ងៃដដែល។
លោកស្រីបានមានប្រសាសន៍ថា “តាមអ្វីដែលយើងបានដឹងច្បាស់ ការនិរទេសខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ”។
កាលពីសប្ដាហ៍មុន លោក មឿង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តរតនគិរី បានលើកឡើងថា ជនជាតិភាគតិចម៉ុងតាញ៉ាដែលជាក្រុមជនជាតិភាគតិចមកពីតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាមចំនួនបួននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ហើយត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរវៀតណាម។
គេមិនអាចទាក់ទងលោក ស៊ីនាថ បានទេកាលពីម្សិលមិញ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចក្រែងមានការធ្វើទុក្ខបុកម្នេញពីនគរបាលបានឲ្យដឹងថា ជនជាតិភាគតិចម៉ុងតាញ៉ាទាំង៣៦នាក់នេះ បានធ្វើដំណើរដោយថ្មើជើងចាកចេញពីស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ជាពីរក្រុម ដោយមួយក្រុមៗមានគ្នា១៨នាក់។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយរូបនេះបាននិយាយថា “យើងសម្រេចបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចម៉ុងតាញ៉ាទៅភ្នំពេញ ព្រោះយើងគ្មានមនុស្សទៅមើលថែទាំពួកគេ។ អ្នកភូមិខ្លះមិនហ៊ានទៅមើលថែទាំពួកគេទេ ព្រោះខ្លាចក្រែងត្រូវបានចាប់ខ្លួនដោយសារជួយជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះ”។
អ្នកភូមិរូបនេះបានឲ្យដឹងទៀតថា នគរបាលបានចាប់ខ្លួនក្រុមទាំងពីរនេះនៅពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ នៅភាគខាងលិចស្រុកកូនមុំ។ អ្នកភូមិរូបនេះបានបន្ថែមថា នៅមានជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំនាក់ទៀតកំពុងលាក់ខ្លួនក្នុងស្រុកអូរយ៉ាដាវ។
លោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះ បានលើកឡើងថា លោក ខ្លាន ហឿន អាយុ៤២ឆ្នាំ ជាអ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ មកពីស្រុកអូរយ៉ាដាវ ត្រូវបានចាប់ខ្លួនពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃសុក្រ ខណៈប៉ុនប៉ងជួយជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះឲ្យមកភ្នំពេញ។
លោកបានមានប្រសាសន៍ថា “ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួនទាំងនេះបានទៅដល់ប្រទេសវៀតណាមហើយ ហើយបានទូរស័ព្ទប្រាប់យើងថា នគរបាលបានចាប់ខ្លួនពួកគេ ហើយបញ្ជូនចូលរថយន្ត។ ពួកគេក៏បានចាប់ខ្លួនលោក ខ្លាន ហឿន ហើយដឹកតាមរថយន្តមួយដាច់ដោយឡែកផ្សេងទៀតចេញទៅបាត់”។
លោក ឆាយ ធី បានលើកឡើងទៀតថា ប្អូនប្រុសរបស់លោក ខ្លាន ហឿន ឈ្មោះ ខ្លាន ដុំ អាយុ៣៨ឆ្នាំ បានដាក់ពាក្យបណ្ដឹងមកកាន់អង្គការសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃសៅរ៍។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ខ្លាន ដុំ បានលើកឡើងថា លោកសង្ឃឹមថា អង្គការសិទ្ធិមនុស្សនេះនឹងអាចជួយគាត់ក្នុងការស្វែងរកបងប្រុសខ្លួន។
លោកបាននិយាយថា “ខ្ញុំគិតថា នគរបាលប្រហែលជាចាប់ខ្លួនបងប្រុសរបស់ខ្ញុំ ដោយសារគាត់ដឹកនាំក្រុមភៀសខ្លួនជនជាតិភាគតិចម៉ុងតាញ៉ាទាំង៣៦នាក់នេះ។ ខ្ញុំចង់ឲ្យអង្គការអាដហុកជួយខ្ញុំរកការពិត ទោះបីជាឥឡូវនេះគាត់កំពុងស្ថិតក្រោមការចាប់ខ្លួនក៏ដោយ”។
ទាំងមន្ត្រីថ្នាក់ស្រុក និងមន្ត្រីថ្នាក់ខេត្តសុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ ឬមិនអាចទាក់ទងបានឡើយកាលពីម្សិលមិញ។
អ្នកភូមិជនជាតិភាគតិចចារ៉ាយម្នាក់ទៀតអាយុ៤៥ឆ្នាំ ដែលរស់នៅក្នុងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បានលើកឡើងថា ខ្លួនបាននិយាយជាមួយជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ឈ្មោះ សៀវ សល់ ដែលគេនិរទេសខ្លួនទៅវិញតាមរយៈទូរស័ព្ទកាលពីថ្ងៃសៅរ៍។
អ្នកភូមិរូបនេះបាននិយាយថា ” គាត់ប្រាប់ខ្ញុំថា គាត់បានទៅដល់ស្រុកកំណើតក្នុងប្រទេសវៀតណាមវិញហើយ។ ស្ត្រីរូបនេះបានប្រាប់ខ្ញុំបន្ទាប់ពីទៅដល់ស្រុកកំណើតវិញថា គាត់មិនអីទេ ប៉ុន្តែអាជ្ញាធរបានខឹងយ៉ាងខ្លាំង ដោយសារនាងរត់ចេញពីប្រទេសវៀតណាម”។
អ្នកភូមិរូបនេះបានលើកឡើងទៀតថា អ្នកស្រី សល់ បាននិយាយថា គាត់មកពីស្រុក Chu Puh ខេត្ត Gia Lai ប្រទេសវៀតណាម ហើយមិនដឹងថាអ្វីបានកើតឡើងលើជនជាតិភាគតិចម៉ុងតាញ៉ាចំនួន៣៥នាក់ផ្សេងទៀតឡើយ។
ក្រៅពីជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំនាក់ដែលកំពុងលាក់ខ្លួននៅក្នុងខេត្តរតនគិរីនៅឡើយ មានជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ សព្វថ្ងៃកំពុងរស់នៅក្នុងរាជធានីភ្នំពេញ និងកំពុងស្ថិតក្នុងដំណើរការដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនពីនាយកដ្ឋានជនភៀសខ្លួននៅក្រសួងមហាផ្ទៃ។ ហើយជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១០នាក់ផ្សេងទៀតកំពុងតែរង់ចាំនៅក្នុងរាជធានី ដើម្បីទទួលបានការអនុញ្ញាតឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោន។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
ជនជាតិភាគតិចម៉ុងតាញ៉ាជាង៧០នាក់ បានឆ្លងកាត់ព្រំដែនចូលមកប្រទេសកម្ពុជាតាំងពីខែតុលាមកម្លេ៉ះ ហើយពួកគេទាំងអស់សុទ្ធតែអះអាងថា ខ្លួនរត់គេចចេញពីការកៀបសង្កត់ផ្នែកនយោបាយ និងសាសនានៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែអាជ្ញាធរនៅក្នុងខេត្តរតនគិរីតែងតែចាត់ទុកក្រុមនេះម្ដងហើយម្ដងទៀតថា ជា “ជនអន្តោប្រវេសន៍ខុសច្បាប់” ដោយគំរាមនិរទេសពួកគេ និងចាប់ខ្លួនអ្នកភូមិមូលដ្ឋានជនជាតិខ្មែរណាដែលរកឃើញថា កំពុងជួយឬលាក់ពួកគេ។
ថ្វីបើខ្លួនខ្វះមេត្តាធម៌ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនក៏ដោយ តែកាលពីខែកញ្ញា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានការរិះគន់យ៉ាងខ្លាំងមួយជាមួយអូស្ត្រាលី ដើម្បីអនុញ្ញាតឲ្យមានការទទួលស្គាល់ជាផ្លូវការនូវជនភៀសខ្លួនដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសដែនកោះណូរូ និងដើម្បីឲ្យមានការតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជា ជាថ្នូរនឹងជំនួយជាទឹកប្រាក់បន្ថែមចំនួន៣៥លានដុល្លារសម្រាប់រយៈពេលបួនឆ្នាំក្រោយ។
លោក ភៀល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងតាមរយៈអុីម៉េលមួយកាលពីម្សិលមិញថា ជំហររបស់ប្រទេសកម្ពុជាចំពោះជនជាតិភាគតិចម៉ុងតាញ៉ា គឺទទួលរងឥទ្ធិពលតែមួយគត់ដោយទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងហាណូយ។
លោកបានមានប្រសាសន៍ថា “កម្ពុជាកំពុងវាយតម្លៃការការពារជនភៀសខ្លួន ដោយផ្អែកលើភាពមិនច្បាស់លាស់ ហើយជនជាតិភាគតិចម៉ុងតាញ៉ាមានជោគវាសនាមិនល្អ ដែលរស់នៅក្នុងប្រទេសជិតខាងក្រោមច្បាប់របស់រដ្ឋាភិបាលផ្ដាច់ការ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ តើយុត្តិធម៌នៅឯណាទៅ?”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)