មន្ត្រីគណបក្សសង្គ្រោះជាតិជាង៥០នាក់ស្វះស្វែងឲ្យដកលោកស្រី កែ សុវណ្ណរតន៍ សមាជិកសភាពីប្រធានគណបក្សនេះក្នុងខេត្តសៀមរាបដែលបានធ្វើឡើងតាមរយៈការគំរាមកំហែងថា នឹងនាំយកករណីរបស់ខ្លួនមកកាន់រាជធានីភ្នំពេញ ដោយបានធ្វើការតវ៉ាកាលពីម្សិលមិញរយៈពេលពីរម៉ោងនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សប្រឆាំងស្ថិតក្នុងខណ្ឌមានជ័យ។
ក្រុមអ្នកតវ៉ារួមមានមន្ត្រីដែលមានតួនាទីប្រតិបត្តិថ្នាក់ស្រុកនិងថ្នាក់ខេត្តរបស់គណបក្សសង្គ្រោះជាតិ ហើយបានចោទប្រកាន់លោកស្រី សុវណ្ណរតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សថា បក្ខពួកនិយម និងចាយវាយថវិកាខុសប្រក្រតី។
លោក សេង រដ្ឋា អនុប្រធានក្រុមសម្របសម្រួលគណបក្សប្រឆាំងក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបបានមានប្រសាសន៍ថាមន្ត្រីគណបក្សបានធ្វើដំណើរមករាជធានីភ្នំពេញស្នាក់នៅមួយយប់ដើម្បីដាក់ករណីរបស់ខ្លួនដោយផ្ទាល់ទៅមេដឹកនាំគណបក្ស។
លោកបានមានប្រសាសន៍ថា “គោលបំណងសំខាន់របស់យើងនៅថ្ងៃនេះ គឺមកជួបលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស ដើម្បីសុំឲ្យលោកទាំងពីរផ្លាស់ប្ដូរលោកស្រី កែ សុវណ្ណរតន៍ សមាជិកសភាមណ្ឌលសៀមរាប ដោយដកលោកស្រីចេញពីប្រធានក្រុមការងារ ហើយដាក់ជំនួសដោយសមាជិកសភាមួយរូបផ្សេងទៀត”។
លោក រដ្ឋា បានមានប្រសាសន៍ថា លោកបារម្ភថា លោកស្រី សុវណ្ណរតន៍ នឹងដឹកនាំគណបក្សសង្គ្រោះជាតិតាមលំអានដូចគ្នានឹងគណបក្សប្រជាជនកម្ពុជា។
លោក រដ្ឋា បានមានប្រសាសន៍ថា “យើងបានឃើញគណបក្សប្រជាជនកម្ពុជាដឹកនាំដោយមានការប្រកាន់បក្ខពួកនិយម និងបំផ្លាញប្រទេសជាតិ ហើយយើងក៏បានឃើញចំណុចតូចៗមួយចំនួនទៀតផងដែរនៅក្នុងគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប ដែលពួកគេចង់ធ្វើដូចនេះដែរ ប៉ុន្តែយើងចង់ឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យ”។
លោក ប្លេក សុធា សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តសៀមរាបបានមានប្រសាសន៍ថា បើទោះជាលោកស្រី សុវណ្ណរតន៍ បានដឹកនាំគណបក្សប្រឆាំងរយៈពេលជាង១ទសវត្សរ៍ក្នុងខេត្តនេះក៏ដោយ ក៏លោកស្រីបានធ្វើការងារតិចតួចតែប៉ុណ្ណោះដើម្បីកែលម្អគណៈរចនាសម្ព័ន្ធគណបក្សនៅទីនោះ។
លោក សុធា បានមានប្រសាសន៍ថា លោកស្រីបានដឹកនាំបីអាណត្តិមកហើយ ប៉ុន្តែមិនបានអភិវឌ្ឍអ្វីទេ។ លោកស្រីបក្ខពួកនិយម ហើយលោកស្រីតែងតាំងអ្នកដែលជិតស្និទ្ធ ឬគាំទ្រលោកស្រី។ លោកស្រីចោទសមាជិកដទៃទៀតថា បានគាំទ្រគណបក្សនេះ ឬគណបក្សនោះ”។
លោកបានបន្ថែមថា “លោកស្រីបានដកសកម្មជនជាង១០នាក់ ដែលបានបូជាកម្លាំងកាយចិត្ត និងលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីគណបក្ស ហើយបានតែងតាំងមន្ត្រីរបស់ខ្លួន ពីព្រោះពួកគេជាមន្ត្រីដែលចាំតែ ‘ហៃអើ’ ប៉ុណ្ណោះ”។
បន្ទាប់ពីការតវ៉ានៅមុខការិយាល័យរបស់លោករយៈពេលប្រហែលពីរម៉ោងមក លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចេញមកនិយាយជាមួយអ្នកតវ៉ា ដោយអបអរសាទរដល់ពួកគាត់ដែលបានមកដល់រាជធានីភ្នំពេញ ប៉ុន្តែបានលើកឡើងថា លោកត្រូវពិចារណាពីយោបល់របស់អ្នកផ្សេងទៀតនៅក្នុងខេត្តសៀមរាបសិន។
លោក សម រង្ស៊ី បាននិយាយទៅកាន់អ្នកតវ៉ាថា “អរគុណបងប្អូនទាំងអស់ដែលស្រឡាញ់គណបក្ស ហើយមានយោបល់ថាតើត្រូវពង្រឹងគណបក្សរបៀបណាឲ្យទទួលបានជ័យជម្នះនៅការបោះឆ្នោតលើកក្រោយ” ដោយលោកបានពន្យល់ថា លោកនឹងធ្វើដំណើរទៅខេត្តសៀមរាបនៅពេលឆាប់ៗនេះ ដើម្បីស្ទាបស្ទង់មតិយោបល់របស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា “យើងត្រូវជួបប្រជុំគ្នាម្ដងទៀតក្នុងខេត្តសៀមរាប ហើយយើងនឹងកោះហៅមនុស្សមកពីគ្រប់ទីកន្លែងទាំងអស់ដែលមានមតិយោបល់ខុសៗគ្នា ហើយយើងនឹងស្ដាប់យោបល់ទាំងនោះទាំងអស់គ្នា”។
លោកស្រី សុវណ្ណរតន៍ បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីការតវ៉ាថា លោកស្រីបានឃើញការកើនឡើងសំឡេងឆ្នោតរបស់គណបក្សប្រឆាំងក្នុងខេត្តសៀមរាបពី២៩.០០០សំឡេងក្នុងឆ្នាំ២០០៣ ដល់ជាង១៤០.០០០សំឡេងក្នុងឆ្នាំ២០១៣ ហើយលោកស្រីមិនបារម្ភពីការស៊ើបអង្កេតលើសកម្មភាពរបស់លោកស្រីឡើយ។
លោកស្រី សុវណ្ណរតន៍ បានមានប្រសាសន៍ថា “គណបក្សប្រឆាំងមិនដែលប្រព្រឹត្តអំពើពុករលួយទេ ពីព្រោះយើងមិនបានកាប់ឈើ ឬធ្វើអ្វីខុសឡើយ”។ លោកស្រីបានបន្ថែមថា “សូមបង្ហាញភ័ស្តុតាងពីការចោទប្រកាន់ដែលថា ខ្ញុំបានចាយវាយលុយដោយគ្មានតម្លាភាពមក។ ខ្ញុំនឹងទុកឲ្យថ្នាក់ដឹកនាំមូលដ្ឋាន និងថ្នាក់ជាតិរបស់គណបក្សសង្គ្រោះជាតិវាយតម្លៃរូបខ្ញុំចុះ”៕ សារុន