38 C
Phnom Penh

នគរ​បាល​តាម​ប្រមាញ់​​បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​​សម្លាប់​កម្មការិនី​រោងចក្រ​​រូប​ស្រស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពេល​នេះ​ខ្លួន​កំពុង​តាម​ប្រមាញ់​បុរស​ម្នាក់​ដែល​ជាប់​សង្ស័យពីបទ​ប្លន់ រំលោភ ហើយ​សម្លាប់​កម្មការិនី​រោងចក្រ​កាត់​ដេរ​វ័យ​២២​ឆ្នាំ​ម្នាក់ ដែលសាក​សព​នាង​ត្រូវ​​គេ​ប្រទះឃើញ​​​នៅ​ជិត​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៦១​ ក្នុង​ខេត្ត​កណ្ដាល​​កាលពី​ថ្ងៃសៅរ៍។

បុរស​ដែល​មាន​ឈ្មោះ​ថា សំអុល មុនី អាយុ​៣០​ឆ្នាំ បាន​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​ស្ត្រី​រងគ្រោះ​ឈ្មោះ សាន់ អាស្រស់ ជា​កម្មការិនី​នៅ​រោងចក្រ​តាក់​សាន់ ក្នុង​រាជធានី​ភ្នំពេញ ដែល​សាក​សព​នាង​ត្រូវ​​គេ​ប្រទះ​ឃើញ​នៅ​ចម្ងាយ​បី​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៦១​ ក្នុងឃុំកោះចិន ស្រុក​ពញាឮ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចៅ វុទ្ធី នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​កណ្ដាល​។

លោក​បានមាន​ប្រសាសន៍​ថា “សាកសព​ត្រូវ​បាន​ប្រទះឃើញ​ដោយ​សារ​តែ​បុរស​ម្នាក់​ដែល​​ទៅ​ជុះនោម ធុំក្លិន​ស្អុយ ហើយ​ក៏​រាយ​ការណ៍​​មក​នគរ​បាល។ ជន​សង្ស័យ​អាច​នឹង​រំលោភ​ ហើយ​សម្លាប់​នាង​ចោល ពីព្រោះ​​រាង​កាយ​ជនរងគ្រោះ​អាក្រាត​”។

លោក​បាន​បន្ត​ថា ប្រាក់​ចំនួន​១.៥០០​ដុល្លារ បាន​​បាត់​ពីបន្ទប់ជួល​​របស់​ជន​​រងគ្រោះ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ព្រម​ទាំង​ម៉ូតូ​ហុង​ដា​ស៊េរី​ឆ្នាំ​២០១៣​មួយគ្រឿង ទូរស័ព្ទ​ស្មាត​ហ្វូនពីរគ្រឿង និង​គ្រឿង​អលង្កា​ផង​ដែរ​ដែល​មាន​តម្លៃ​សរុប​ជាង​៤.០០០​ដុល្លារ​។

សំអុល មុនី គឺ​ជា​អ្នក​ជិត​ខាង​​របស់​ស្ត្រី​រងគ្រោះ​ ហើយ​ត្រូវ​គេ​ជឿ​ថា បាន​គេច​ខ្លួន​​ក្រោយ​ពី​ប្រព្រឹត្ត​បទ​ល្មើស។

យោង​តាម​លោក លី សាន់ ដែល​ត្រូវ​ជា​ឪពុក​របស់​កញ្ញា សាន់ អាស្រស់ បាន​ឲ្យ​ដឹង​ថា នាង​បាន​បាត​់​ដំណឹង​ចុង​ក្រោយ​បង្អស់​​នៅ​ម៉ោង​៨យប់​ថ្ងៃ​ទី២០ ខែ​កុម្ភៈ។ គាត់​បាន​និយាយ​ទៀត​ថា ​”យើង​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​នាង​នៅ​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ដោយ​សារ​តែ​ទូរស័ព្ទ​របស់​នាង​បិទ។ កូនស្រី​របស់​ខ្ញុំ​មិន​ដែល​បិទ​ទូរស័ព្ទ​បែប​នេះ​ទេ​ ដូច្នេះ​ហើយ​យើង​ក៏​ឆ្ងល់​ថា​ហេតុ​អី ហើយ​នៅ​ពេល​ព្រឹក​ឡើង​ យើង​ក៏ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ហើយ​នៅ​តែ​រក​នាង​មិន​ឃើញ”។

នៅ​ថ្ងៃទី២៣ ខែកុម្ភៈ ​គ្រួសារ​ជនរងគ្រោះ​បានទទួល​ដំណឹង​ពី​ប្រពន្ធ​របស់​ជន​សង្ស័យ សំអុល មុនី។ លោក លី សាន់ បាន​និយាយ​ថា “ប្រពន្ធ​របស់​ជន​សង្ស័យ​បាន​ប្រាប់​យើង​ថា ប្ដី​របស់​នាង​ដែល​កំពុង​រត់គេច​ខ្លួន បាន​ទូរស័ព្ទ​មក​ផ្ទះ​​​ហើយ​ប្រាប់​នាង​ថា វា​បាន​សម្លាប់​កូនស្រី​របស់​ខ្ញុំ ហើយ​យក​សព​ទៅ​បោះ​ចោល​នៅ​ខេត្ត​កណ្ដាល”។

គាត់​បាន​និយាយ​ទៀត​ថា បន្ទាប់ពី​ទទួល​បានព័ត៌មាន​នេះ​ គ្រួសារ​របស់​គាត់​បាន​ប្ដឹង​​ទៅ​នគរ​បាល​ឲ្យ​ជួយ​​រុក​រក​នៅ​​ចំណុច​ដែល​ឈ្មោះ សំអុល មុនី និយាយថាខ្លួន​បាន​បោះ​សាក​សព​ចោល ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ​។

លោក ចៅ វុទ្ធី នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​កណ្ដាល ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​មិន​​បាន​ចាត់​វិធានការ​​តាម​ព័ត៌មាន​ចេញពី​ប្រព័ន្ធ​របស់​ឈ្មោះ សំអុល មុនី ទេ ពីព្រោះ​សាក​សព​កញ្ញា សាន់ អាស្រស់ មិន​ទាន់​រក​ឃើញ​នៅឡើយ​។ លោក​បាន​ពន្យល់​ថា “មុន​ពេល​រក​ឃើញ​សាក​សព​ យើង​មិន​ដឹង​ថា វា​ជា​ករណី​ឃាតកម្ម​ឬមិន​មែន​នោះ​ទេ វា​គ្រាន់​តែ​ជាពាក្យ​បណ្ដឹង​​​ប្ដឹង​ថាមាន​ស្ត្រី​ម្នាក់​បាត់​ខ្លួន​ប៉ុណ្ណោះ​។ បន្ទាប់ពី​យើង​ប្រទះ​ឃើញ​សាក​សព​ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ស៊ើបអង្កេត”៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស