សកម្មជនបរិស្ថានម្នាក់ក្នុងតំបន់អារ៉ែងក្នុងខេត្តកោះកុង កាលពីម្សិលមិញបានបដិសេធថា មិនបានសាងសង់មជ្ឈមណ្ឌលព័ត៌មានអេកូទេសចរណ៍ដោយការកាប់ឈើខុសច្បាប់នោះឡើយ បន្ទាប់ពីលោកត្រូវបានកោះហៅឲ្យបង្ហាញនៅតុលាការដើម្បីឆ្លើយសំណួរជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋព្រៃឈើ។
លោក វ៉ែន វ៉ន អាយុ៣៦ឆ្នាំ ដែលជាជនជាតិដើមភាគតិចជង និងបានធ្វើការជិតស្និទ្ធជាមួយ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន សកម្មជនជនជាតិអេស៉្បាញដែលត្រូវបាននិរទេសកាលពីពេលថ្មីៗនេះ ជំទាស់នឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់
ជ្រលងនេះនោះ ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅសាលាដំបូងខេត្តកោះកុងនៅថ្ងៃទី១០ ខែមីនា។
បើទោះជាដីកាកោះនេះចែងយ៉ាងច្បាស់ថា ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុងបានដាក់ពាក្យបណ្តឹងប្តឹងលោក វ៉ែន វ៉ន កាលពីខែមករាក៏ដោយ ក៏លោក អ៊ុំ មាគារី នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធទេ។
បុគ្គលិកអង្គការសិទ្ធិមនុស្សដែលបានដឹងករណីនេះបានលើកឡើងថា រដ្ឋបាលព្រៃឈើបានចោទ ប្រកាន់គាត់ថា បានកាប់ឈើនៅក្នុងព្រៃការពារដើម្បីយកទៅសាងសង់មជ្ឈមណ្ឌលព័ត៌មាន។
លោក វ៉ែន វ៉ន បានលើកឡើងកាលពីម្សិលមិញថា “ខ្ញុំមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់ឡើយ។ ឈើនោះខ្ញុំបានទិញពីអ្នកភូមិក្នុងមូលដ្ឋានសម្រាប់សាងសង់ការិយាល័យសហគមន៍អេកូទេសចរណ៍”។
សកម្មជនរូបនេះបានលើកឡើងទៀតថា ការសាងសង់មជ្ឈមណ្ឌលនេះបានចាប់ផ្តើមកាលពីខែមករា ហើយបានបញ្ចប់នៅថ្ងៃនេះ ដោយប្រើឈើអស់តែ១០ម៉ែត្រគូបប៉ុណ្ណោះ ហើយសាងសង់អស់ទឹកប្រាក់១.៥០០ដុល្លារ។
លោក វ៉ែន វ៉ន បាននិយាយថា លោកនឹងគោរពតាមដីកាកោះ បើទោះជាភាពមិនយុត្តិធម៌នៃពាក្យបណ្តឹងប្តឹងរូបលោកក៏ដោយ។ “ខ្ញុំមិនខ្លាចការចាប់ខ្លួនឡើយ ពីព្រោះខ្ញុំធ្វើដើម្បីផលប្រយោជន៍សាធារណៈ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ៕សារុន