កាលពីម្សិលមិញ ព្រះសង្ឃពីរអង្គបានបង្ហាញវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញសម្រាប់ការសាកសួរទាក់ទងទៅនឹងការធ្វើគតព្រះតេជគុណ ថាច់ ខាន់ ព្រះសង្ឃជាន់ខ្ពស់គង់នៅវត្តសាមគ្គីរង្សី ដោយអតីតសាមណេរម្នាក់កាលពីខែមករា។
អតីតសាមណេរឈ្មោះ ចាន់ សុភក្ត្រ អាយុ១៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទធ្វើគតព្រះតេជគុណ ថាច់ ខាន់ គ្រូសូត្រឆ្វេងគង់នៅវត្តនេះដោយប្រើកូនកាំបិតអំឡុងពេលមានអធិករណ៍កើតឡើងនៅវត្តនេះស្ថិតនៅក្នុងខណ្ឌមានជ័យកាលពីថ្ងៃទី១២ ខែមករា។
កាលពីម្សិលមិញ ព្រះតេជគុណ ថាច់ សុធន ព្រះជន្ម៣៤វស្សាត្រូវជាបងប្អូនជីដូនមួយនឹងជនរងគ្រោះ ដែលក៏ជាព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សីដែរ ប៉ុន្តែមិនបានឃើញហេតុការណ៍នេះដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ បានបង្ហាញវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញក្នុងនាមជាភាគីដើមបណ្តឹងរដ្ឋប្បវេណី ចំពោះករណីនេះ។
នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទនៅពេលក្រោយមក ព្រះតេជគុណ ថាច់ សុធន បានមានសង្ឃដីកាថា ព្រះសង្ឃទាំងពីរអង្គនេះមិនដែលមានមានបញ្ហាណាមួយទេ មុនពេល ព្រះតេជគុណ ថាច់ ខាន់ បានហៅអតីតសាមណេរនោះមកសួរនាំបន្ទាប់ពីអតីតសាមណេររូបនេះបានហែកសេចក្តីប្រកាសរបស់សង្ឃដែលហាមឃាត់ អាចារ្យម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានប្រើឈ្មោះវត្តទៅរៃអង្គាសបច្ច័យសម្រាប់ខ្លួនឯង មិនឲ្យចូលក្នុងវត្ត។
ព្រះតេជគុណបានមានសង្ឃដីកាថា “វាជាការធម្មតាទេសម្រាប់គ្រូសូត្រឆ្វេងក្នុងការហៅព្រះសង្ឃមកណែនាំនៅពេលព្រះសង្ឃធ្វើខុសនោះ”។
ព្រះតេជគុណ ថាច់ សុធន បានមានសង្ឃដីកាថា ព្រះអង្គក៏បានអំពាវនាវឲ្យតុលាការជំរុញករណីនេះឲ្យបានឆាប់ដើម្បីស្វែងរកយុត្តិធម៌ជូនបងប្អូនជីដូនមួយរបស់ព្រះអង្គ ដែលព្រះអង្គជឿថា ជាជនរងគ្រោះដោយសារការរៀបចំផែនការទុកជាមុន ហើយបានស្នើសុំប្រាក់សំណងចំនួន២០.០០០ដុល្លារ។
ព្រះតេជគុណ ថាច់ សុធន បានមានសង្ឃដីកាថា “អាត្មាបានទាមទារសំណងចំនួន២០.០០០ដុល្លារដើម្បីយកទៅសាងសង់ចេតិយសម្រាប់ដាក់អដ្ឋិធាតុរបស់ព្រះអង្គ”។
ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា “អាចមាននរណាម្នាក់នៅពីក្រោយរឿងនេះ ពីព្រោះអាត្មាគិតថា លោកតែមួយអង្គឯងមិនអាចធ្វើរឿងនេះកើតទេ។ព្រះសង្ឃអង្គនេះនៅក្មេង ហើយទើបតែមកគង់នៅក្នុងវត្តនេះថ្មីៗតែប៉ុណ្ណោះ”។
ព្រះសង្ឃមួយអង្គទៀតគង់នៅវត្តនេះដែរ ព្រះនាម ថាច់ វណ្ណា ព្រះជន្ម២០វស្សា ដែលមិនមែនជាសាច់ញាតិរបស់ព្រះសង្ឃរងគ្រោះនោះ បានមានវត្តមាននៅតុលាការដែរកាលពីម្សិលមិញក្នុងនាមជាសាក្សី។
ព្រះអង្គបានមានសង្ឃដីកាបន្ទាប់ពីការសាកសួរថា ព្រះអង្គមិនបានឃើញហេតុការណ៍នេះកើតឡើងទេ ប៉ុន្តែដឹងថា ព្រះសង្ឃទាំងពីរអង្គមានអធិករណ៍នឹងគ្នាពីមុនមក។
ព្រះតេជគុណ ថាច់ វណ្ណា បានមានសង្ឃដីកាប្រាប់តុលាការថា “អាត្មាបានរត់ចេញមកក្រៅ ហើយបានឃើញព្រះតេជគុណ ថាច់ ខាន់ ជាគ្រូសូត្រឆ្វេង។ ព្រះអង្គដេកដួលលើដី ហើយមានឈាមហូរទៀតផង”៕សារុន