អ្នកភូមិប្រហែល៥០នាក់ ដែលអះអាងសិទ្ធិកាន់កាប់ដីកំពង់អភិវឌ្ឍនៅតំបន់ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ បានធ្វើការតវ៉ានៅខាងមុខសាលារាជធានីកាលពីម្សិលមិញ ដោយដាក់ញត្តិជួសមុខឲ្យអ្នកភូមិជាង១០០គ្រួសារ ដើម្បីទាមទារឲ្យមានការធ្វើអន្តរាគមន៍នៅក្នុងវិវាទដីធ្លីរបស់ខ្លួនជាមួយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)។
នៅម៉ោងប្រហែល៩ព្រឹកម្សិលមិញ អ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដោយមានលើកបដាទាមទារឲ្យមានការផ្ដល់ប្រាក់សំណងសម្រាប់ដីដែលខ្លួនអះអាងថា បានរស់នៅតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកក្នុង១ម៉ែត្រការ៉េចំនួន៤០០ដុល្លារ។ ក្រុមអ្នកតវ៉ាទាំងនេះក៏បានជំទាស់ទៅនឹងការលើកឡើងរបស់លោក ពុង ខៀវសែ ប្រធានក្រុមហ៊ុន OCIC ដែលត្រូវបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយលើកឡើងថា ការអភិវឌ្ឍកំពុងមានដំណើរការទៅមុខ “យ៉ាងរលូន” នោះផងដែរ។
កាលពីខែមុន សាលារាជធានីបានប្រកាសថា ខ្លួននឹងដោះស្រាយវិវាទដីធ្លីនេះ ដោយបែងចែកដីមួយភាគធំនៅក្នុងតំបន់អភិវឌ្ឍន៍ទំហំ៣៨៧ហិកតា ក្នុងនោះផ្ដល់១០ភាគរយទៅឲ្យអ្នកភូមិ ៤០ភាគរយទៅឲ្យក្រុមហ៊ុន OCIC និង៥០ភាគរយទុកសម្រាប់សាលារាជធានី។ តែទោះជាយ៉ាងណា សាលារាជធានីនៅមិនទាន់ប្រាប់ឲ្យដឹងថា តើដីដែលត្រូវបែងចែកនោះមានទំហំប៉ុន្មាន ឬថាតើសាលារាជធានីនឹងយកដីចំណែក៥០ភាគរយរបស់ខ្លួនទៅធ្វើអ្វីនោះនៅឡើយទេ។
លោក ជា សុផាត អាយុ៦២ឆ្នាំ តំណាងរបស់សហគមន៍ដែលរងការគំរាមកំហែងនៅតំបន់ជ្រោយចង្វារ បានលើកឡើងថា ញត្តិរបស់អ្នកតវ៉ាបានអំពាវនាវឲ្យសាលារាជធានីពន្លឿនការងាររបស់ខ្លួន ដោយសម្របសម្រួលនៅក្នុងវិវាទដីធ្លីនេះ។
លោក សុផាត បាននិយាយថា “ប្រសិនបើសាលារាជធានីកាត់ដី៥០ភាគរយសម្រាប់រដ្ឋ ៤០ភាគរយសម្រាប់ក្រុមហ៊ុន និង១០ភាគរយសម្រាប់យើង ខ្ញុំនឹងមិនយល់ព្រមឡើយ ព្រោះខ្ញុំមិនមែនរានយកដីនេះដោយខុសច្បាប់ទេ។ ខ្ញុំមិនដឹងថា តើលោក ពុង ខៀវសែ អាចនិយាយថា ការអភិវឌ្ឍកំពុងមានដំណើរការទៅមុខដោយរលូនយ៉ាងដូចម្ដេចឡើយ បើឥឡូវយើងកំពុងតែធ្វើដំណើរលើផ្លូវមួយដ៏រដិបរដុបនោះ”។
លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន OCIC បានលើកឡើងថា សាលារាជធានីគឺជាអ្នកទទួលខុសត្រូវសម្រាប់ការចរចាប្រាក់សំណងជាមួយគ្រួសារអ្នកភូមិ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា មន្ត្រីកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីវិវាទដីធ្លីនេះនៅឡើយ ប៉ុន្តែថា គ្រួសារស្ទើរទាំងអស់គ្មានឯកសារផ្លូវច្បាប់ ដើម្បីបញ្ជាក់ពីសិទ្ធិកាន់កាប់ដីរបស់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា “តើយើងអាចបែងចែកដីឲ្យអ្នកភូមិម្ដេចនឹងកើតទៅ ប្រសិនបើពួកគាត់ស្ទើរទាំងអស់គ្មានឯកសារ ឬប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់យើងដើម្បីអនុម័តនោះ?”៕ ស៊ុយឈាង