26 C
Phnom Penh

ខណៈ​យុទ្ធនាការ​អក្ខរកម្ម​​​​ចាប់​ផ្ដើម​​​ ​លោក​ ហ៊ុន សែន ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ចូល​រួម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​រួម​គ្នា​មួយ ដែល​មាន​រយៈ​ពេល​២ខែ​ ដើម្បី​បង្កើន​​អត្រា​អក្ខរកម្ម​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​​ឲ្យ​ដល់​៨៤,៤​ភាគរយ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ តាម​រយៈ​ការ​ផ្សាយ​​ស្ប៉ត​តាម​កញ្ចក់ទូរទស្សន៍ និង​វិទ្យុ​ដើម្បី​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​អក្ខរកម្ម​។

អំឡុង​​​​សុន្ទរកថា​នៅ​វិទ្យាស្ថានជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដែលមាន​​ ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​ដល់​គំនិត​ផ្ដួច​ផ្ដើម​នេះ។

ដោយ​គូស​បញ្ជាក់​ថា ​ការ​ចូល​រួម​ពី​បណ្ដា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​មែន​ចេញ​ពីការ​ស្ម័គ្រ​ចិត្ត​នោះ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​”សូម​ជួយ​រក​លុយ​ដើម្បី​ផលិត​ស្ប៉ត​ឲ្យ​បាន​​ច្រើន​សម្រាប់​ផ្សាយ​​តាម​វិទ្យុ​ ទូរទស្សន៍ និង​កន្លែង​ផ្សេង​ៗ​ទៀត​។ បណ្ដាញ​​ផ្សព្វ​ផ្សាយ​ទាំង​អស់​​ត្រូវ​តែ​ចូល​រួម។ កុំភ្លេច​ចាក់​ស្ប៉ត​ទាំង​នេះ​”។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ឲ្យ​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ចូល​រួម​ចំណែក​ផង​ដែរ។ លោក​បាន​បន្តថា “ជា​ពិសេស​ សូម​អ្នក​​ទាំង​អស់​ជួយ​ប្រាប់​អ្នក​មិន​ចេះ​អក្សរ​ឲ្យ​ទៅ​រៀន រួម​ទាំង​ឪពុក​ម្ដាយ​ដែល​មិន​ចេះ​អក្សរ​របស់​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ​”។

យោង​តាម​ក្រសួង​ផែន​ការ​​បាន​​ឲ្យ​ដឹង​ថា អត្រា​អក្ខរកម្ម​ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ មាន​៧៩,៤​ភាគរយ​គិត​មក​ទល់​​ឆ្នាំ​២០១៣។

លោក​ស្រី អាន ឡឺម៉េស​ (Anne Lemaistre) នាយក​អង្គការ​យូណេស្កូ​​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​​​​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​នេះ​​មាន​គោល​បំណង​បង្កើន​តួលេខ​នេះ​​ឲ្យ​ដល់​៨៤,៤​​ភាគរយ​​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​ តាម​រយៈ​ការ​ចុះ​ឈ្មោះ​សិស្ស​​ចំនួន​៩២.១២៥​នាក់​នៅ​ក្នុង​ថ្នាក់​រៀន​អក្ខរកម្ម​ចំនួន​៣.៦៨៥​ថ្នាក់​។

ពេល​ទាក់​ទង​តាម​​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​មក លោកស្រី អាន ឡឺម៉េស បាន​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះថ្នាក់​រៀន​អក្ខរកម្ម​​ត្រូវ​បាន​បើក​​នៅ​តាម​សាលា​បឋមសិក្សា​របស់​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ ហើយមាន​ចំនួន​​ច្រើន​ជាង​ប្រហែល​២.៥០០​ថ្នាក់​ធៀប​នឹង​ឆ្នាំ​២០១៤ ជា​ការ​កើន​ឡើង​ដែល​មាន​សារៈសំខាន់​ចំពោះការ​ត្រៀម​ខ្លួន​ប្រជាពល​រដ្ឋខ្មែរ​​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ស្ប៉ត​តាម​ទូរទស្សន៍​ និង​វិទ្យុ​នឹង​ជួយ​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​​ថ្នាក់​រៀន​អក្ខរកម្ម​បន្ថែម​ទៀត ហើយ​នឹង​ត្រូវ​ផ្សាយ​ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​​។

លោកស្រី​បាន​លើក​ឡើង​បន្ត​ថា “យើង​ចាំបាច់​ត្រូវ​ផ្សព្វ​ផ្សាយ​យុទ្ធនាការ​អក្ខរកកម្ម​នេះ​ រយៈ​ពេល​ពីរ​ខែ​ ដើម្បី​ឲ្យ​ពួកគេ​​​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​អក្ខរកកម្ម។ យើង​មាន​ស្ប៉ត​ទូរទស្សន៍​រួច​ហើយ ហើយ​សម្រាប់​ស្ប៉ត​វិទ្យុ​ យើង​កំពុង​តែ​ផលិត”៕ សុខុម​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស