41.3 C
Phnom Penh

កាក​​​បាទ​​​ក្រហម​​​ចែក​​​អំណោយ​​​អង្ករ​​​ផ្អួរ​​​ឲ្យ​​​ទៅ​​​​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​ឃុំ​​​រកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បាន​​​និយាយ​​​ថា ​​​អង្ករ​​​​​​រាប់​​​ពាន់គីឡូ​​​ដែល​​​កាក​​​បាទ​​​ក្រហមកម្ពុជា​​​​បាន​​​​​​ចែក​​​ឲ្យ​​​ទៅ​​​​​​​​​គ្រួសារ​​​ក្រីក្រ​​​​​​ក្នុង​​​ខេត្ត​​​​​បាត់​​​ដំបង​​​ ​​​រួម​​​ទាំង​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា ដែល​​​ផ្ទុះ​​​ករណី​​​ឆ្លង​​​មេរោគអេដស៍​​​ផង​​​នោះ ត្រូវបាន​​​​​​​​ប្តូរ​​​ជំនួស​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ក្រោយ​​​ពី​​​អ្នក​​​ភូមិ​​​​​​តវ៉ា​​​​​​ថា អង្ករ​​​ទាំង​​​នោះ​​​​​​ផ្អួរ។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៦ ខែ​​​កុម្ភៈ​​​ ​​​លោក​​​ស្រី ប៊ុន រ៉ានី ​​​ប្រធាន​​​​​​​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​របស់​​​លោក​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​​​​ចុះ​​​ទៅ​​​​​​​​​​​​​​​ឃុំ​​​រកា ក្នុង​​​ស្រុក​​​សង្កែ ដើម្បី​​​ចែក​​​​​​​អំណោយ​អង្ករ ​​​មី មុង ​​​និង​​​ប្រាក់​​​ប្រហែល​​​២៥​​​ដុល្លារ​​​ក្នុង​​​ម្នាក់ៗ​​​​​​សម្រាប់​​​អ្នក​​​ភូមិ​​​ក្នុង​​​មូលដ្ឋាន និង​​​អ្នក​​​ភូមិ​​​មក​​​ពី​​​​​ស្រុក​​ក្បែរៗគ្នា​​​​​​​​​ជិត​​​៥.០០០​​​នាក់​​​។

បុន្តែ​​​​​​នៅ​​​ពេល​​​អ្នក​​​ភូមិ​​​​​​ត្រឡប់​ទៅ​​​ដល់​​​ផ្ទះ​​​​​​វិញ ហើយ​​​បើក​​​​​​បាវ​​​អង្ករ​​​ឡើង ពួក​​​គាត់​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​​​​ដោយ​​​សារ​​​តែ​​​​​​វា​​​​​​​មាន​ពណ៌​ក្រហម​ និងធុំ​​​​​​ក្លិន​​​ឃ្មិះៗដែល​​​មិន​​​ស័ក្តិ​​​សម​​​សម្រាប់​​​មនុស្ស​​​បរិភោគ។

លោក ចាន់ សុផល អភិបាល​ខេត្ត​បាត់ដំបង​​បាន​មាន​ប្រសាសន៍​ថា កាល​​​ពីម្សិលមិញ ​​​អាជ្ញាធរ​​​​​​​​ខេត្ត​បាន​យក​អង្ករ​ថ្មី​ទៅ​​​ដល់​ឃុំ​នេះ​​ហើយ​។ លោក​បានមាន​ប្រសាសន៍​ថា “នៅ​ពេល​​យើង​ចែកអង្ករ​លើកទី១ បាន​ធ្វើ​ឲ្យ​ពួកគាត់​ខឹង​សម្បាដោយ​សារ​តែ​​អំណោយ​​អង្ករ​ដែល​​ [កាក​បាទ​ក្រហម​] បាន​ចែក​នោះ​ ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដែល​មាន​សំណើម​យូរ​ពេក​”។

នៅ​ក្នុង​ឃុំរការ​កាលពីម្សិលមិញ ​លោកតា សំ ឡន ​វ័យ​៨១ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​​វ័យ​ចំណាស់​ជាច្រើន​នាក់​ក្នុង​ករណី​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏អាថ៌កំបាំង ដែលបាន​ឆ្លង​ទៅអ្នក​ភូមិ​ជិត​២៤០នាក់​នោះ បាន​និយាយ​ថា អ្នក​ភូមិ​​​កាន់​តែ​ខឹង​ថែម​ទៀត​​ដោយ​សារ​តែ​រង់ចាំ​​រយៈពេល​បី​សប្ដាហ៍​ទម្រាំ​អង្ករ​ថ្មី​មក​ដល់​។

លោកតា​បាន​និយាយ​អំពី​ការ​ចែក​អំណោយ​​​លើក​ដំបូង​ថា “ពេល​យើង​​បើក​ [បាវ​អង្ករ​] ឡើង អង្ករ​ធុំក្លិន​អាក្រក់​ ឡើង​ពណ៌​ក្រម និង​ពុក​ផុយ”។ លោក​តា​បាន​និយាយ​ទៀត​ថា គាត់​បាន​ទទួល​ទាន​អង្ករ​នោះ​អស់​ខ្លះ​ហើយ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​​បញ្ចេញ​ទស្សនៈ​​តាម​ទំព័រហ្វេស​ប៊ុក​របស់​លោក​កាលពី​ម្សិលមិញ បន្ទាប់ពី​ទទួល​បាន​ដំណឹងអំពី​កំហុស​ឆ្គង​មិន​គួរ​កើត​នេះ​។

លោក​បាន​​លើក​ឡើង​ថា “ខ្ញុំ​បាន​មើល​ឃើញ​សេចក្ដី​រាយការណ៍​នៅ​ក្នុង​បណ្ដាញ​របស់​ខ្ញុំ​ថា អង្ករ​ដែល​ប្រធាន​កាកបាទ​ក្រហម​បាន​​ចែក​មុន​នេះ​នៅ​បាត់​ដំបង បរិភោគ​មិន​កើត​ទេ និង​ធុំក្លិន​អាក្រក់ ហើយ​ប្រជា​ពលរដ្ឋ​រស់​នៅ​ថ្មគោល​ក៏ទទួល​បាន​​ការ​ចែក​​អំណោយ​​ឡើង​វិញ [អង្ករ]”។

យុវជន​ម្នាក់​ឈ្មោះ ឡន សារី អាយុ​២០​ឆ្នាំ ជា​អ្នកផ្ទុក​មេរោគ​អេដស៍​នៅ​​ឃុំរការ​និយាយ​ថា រូប​គេ​ក៏​គិត​មិន​យល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​​យក​អង្ករ​ផ្អួរ​​មក​ចែក​ឲ្យ​ប្រជាពល​រដ្ឋ​បែប​នេះ​។ យុវជន​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា វា​ធុំក្លិន​អាក្រក់​ណាស់​ពេល​ដែល​យើង​បើក​វា​ឡើង ហើយ​សូម្បី​តែ​យើង​យកទៅ​ដាំ ​ក៏​វា​នៅ​តែ​ធុំក្លិន​ស្អុយ​ដូច​​ថ្នាំគីមី ដូច្នេះ​ហើយ​យើង​ឲ្យ​តែ​ជ្រូក​ស៊ីប៉ុណ្ណោះ”៕ សុខុម​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស