មន្ត្រីបាននិយាយថា អង្កររាប់ពាន់គីឡូដែលកាកបាទក្រហមកម្ពុជាបានចែកឲ្យទៅគ្រួសារក្រីក្រក្នុងខេត្តបាត់ដំបង រួមទាំងអ្នកភូមិរស់នៅក្នុងឃុំរកា ដែលផ្ទុះករណីឆ្លងមេរោគអេដស៍ផងនោះ ត្រូវបានប្តូរជំនួសកាលពីម្សិលមិញ ក្រោយពីអ្នកភូមិតវ៉ាថា អង្ករទាំងនោះផ្អួរ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅឃុំរកា ក្នុងស្រុកសង្កែ ដើម្បីចែកអំណោយអង្ករ មី មុង និងប្រាក់ប្រហែល២៥ដុល្លារក្នុងម្នាក់ៗសម្រាប់អ្នកភូមិក្នុងមូលដ្ឋាន និងអ្នកភូមិមកពីស្រុកក្បែរៗគ្នាជិត៥.០០០នាក់។
បុន្តែនៅពេលអ្នកភូមិត្រឡប់ទៅដល់ផ្ទះវិញ ហើយបើកបាវអង្ករឡើង ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែវាមានពណ៌ក្រហម និងធុំក្លិនឃ្មិះៗដែលមិនស័ក្តិសមសម្រាប់មនុស្សបរិភោគ។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា កាលពីម្សិលមិញ អាជ្ញាធរខេត្តបានយកអង្ករថ្មីទៅដល់ឃុំនេះហើយ។ លោកបានមានប្រសាសន៍ថា “នៅពេលយើងចែកអង្ករលើកទី១ បានធ្វើឲ្យពួកគាត់ខឹងសម្បាដោយសារតែអំណោយអង្ករដែល [កាកបាទក្រហម] បានចែកនោះ ស្តុកទុកក្នុងឃ្លាំងដែលមានសំណើមយូរពេក”។
នៅក្នុងឃុំរការកាលពីម្សិលមិញ លោកតា សំ ឡន វ័យ៨១ឆ្នាំ ដែលស្ថិតក្នុងចំណោមជនរងគ្រោះវ័យចំណាស់ជាច្រើននាក់ក្នុងករណីផ្ទុះការឆ្លងមេរោគអេដស៍ដ៏អាថ៌កំបាំង ដែលបានឆ្លងទៅអ្នកភូមិជិត២៤០នាក់នោះ បាននិយាយថា អ្នកភូមិកាន់តែខឹងថែមទៀតដោយសារតែរង់ចាំរយៈពេលបីសប្ដាហ៍ទម្រាំអង្ករថ្មីមកដល់។
លោកតាបាននិយាយអំពីការចែកអំណោយលើកដំបូងថា “ពេលយើងបើក [បាវអង្ករ] ឡើង អង្ករធុំក្លិនអាក្រក់ ឡើងពណ៌ក្រម និងពុកផុយ”។ លោកតាបាននិយាយទៀតថា គាត់បានទទួលទានអង្ករនោះអស់ខ្លះហើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចេញទស្សនៈតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ បន្ទាប់ពីទទួលបានដំណឹងអំពីកំហុសឆ្គងមិនគួរកើតនេះ។
លោកបានលើកឡើងថា “ខ្ញុំបានមើលឃើញសេចក្ដីរាយការណ៍នៅក្នុងបណ្ដាញរបស់ខ្ញុំថា អង្ករដែលប្រធានកាកបាទក្រហមបានចែកមុននេះនៅបាត់ដំបង បរិភោគមិនកើតទេ និងធុំក្លិនអាក្រក់ ហើយប្រជាពលរដ្ឋរស់នៅថ្មគោលក៏ទទួលបានការចែកអំណោយឡើងវិញ [អង្ករ]”។
យុវជនម្នាក់ឈ្មោះ ឡន សារី អាយុ២០ឆ្នាំ ជាអ្នកផ្ទុកមេរោគអេដស៍នៅឃុំរការនិយាយថា រូបគេក៏គិតមិនយល់ដែរថា ហេតុអ្វីបានជាយកអង្ករផ្អួរមកចែកឲ្យប្រជាពលរដ្ឋបែបនេះ។ យុវជនរូបនេះបានលើកឡើងបន្តថា វាធុំក្លិនអាក្រក់ណាស់ពេលដែលយើងបើកវាឡើង ហើយសូម្បីតែយើងយកទៅដាំ ក៏វានៅតែធុំក្លិនស្អុយដូចថ្នាំគីមី ដូច្នេះហើយយើងឲ្យតែជ្រូកស៊ីប៉ុណ្ណោះ”៕ សុខុម