កាលពីម្សិលមិញ ស្នងការនគរបាលខេត្តរតនគិរីបានបដិសេធថា អាជ្ញាធរមិនបានចាប់ខ្លួនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន៣៦នាក់ ដែលអង្គការសហប្រជាជាតិ និងអ្នកភូមិមូលដ្ឋាននិយាយថា ត្រូវបាននិរទេសទៅប្រទេសវៀតណាមវិញកាលពីសប្ដាហ៍មុន ខណៈប៉ុនប៉ងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោននោះឡើយ។
លោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងកាលពីថ្ងៃអាទិត្យថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ានេះត្រូវបានចាប់ខ្លួន ហើយនិរទេសកាលពីថ្ងៃពុធ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមានការធ្វើទុកបុកម្នេញបាននិយាយថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ានេះត្រូវបានចាប់ខ្លួននៅពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃសុក្រ ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ អ្នកភូមិដែលផ្ដល់ជំនួយដល់ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះ ចាប់តាំងពីពួកគេមកដល់បាននិយាយថា បុរសជនជាតិដើមភាគតិចចារ៉ាយម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈគាត់ប៉ុនប៉ងដឹកនាំក្រុមនេះធ្វើដំណើរមករាជធានីភ្នំពេញ។
តែទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីបានបដិសេធថា ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះ ដែលជាក្រុមជនជាតិភាគតិចមកពីតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាមមិនត្រូវបានចាប់ខ្លួនដោយមន្ត្រីនៅក្នុងខេត្តនេះឡើយ។ លោក ងួន គឿន បានមានប្រសាសន៍ថា “យើងមិនបានចាប់ខ្លួនមនុស្សទាំង៣៦នាក់នេះឡើយ។ ព័ត៌មានអំពីការចាប់ខ្លួននេះមិនពិតនោះឡើយ”។
នៅពេលត្រូវបានសួរថា តើនគរបាលកំពុងតាមស្វែងរកជនជាតិភាគតិចម៉ុងតាញ៉ាណាម្នាក់នៅក្នុងខេត្តនេះដែរឬទេ លោក ងួន គឿន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ” ហើយបន្ទាប់មកលោកបានផ្ដាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មានម្នាក់។
លោក មឿង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តនេះបានលើកឡើងថា គេមិនបានប្រាប់លោកថា តើមនុស្សទាំង៣៦នាក់នេះត្រូវបានចាប់ខ្លួនឬក៏អត់នោះឡើយ។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែខ្ញុំគិតថា អាជ្ញាធរខេត្តរតនគិរីរបស់យើងមិនបានចាប់ខ្លួនអ្នកទាំងនោះទេ រួមទាំងអ្នកភូមិជនជាតិដើមភាគតិចចារ៉ាយផងដែរ”។
លោក ស៊ីនាថ បានលើកឡើងកាលពីសប្ដាហ៍មុនថា នគរបាលស្រុកលំផាត់បានចាប់ខ្លួនជនជាតិភាគតិចម៉ុងតាញ៉ាចំនួនបួននាក់ផ្សេងទៀត ហើយបានបញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
នៅពេលត្រូវបានសួរថា តើកម្ពុជាមានបានប្រគល់ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះទៅឲ្យអាជ្ញាធរវៀតណាមឬក៏អត់ លោកស្រី Pham Thu Hang អនុអ្នកនាំាពាក្យរបស់ក្រសួងការបរទេសវៀតណាមមិនបាននិយាយអ្វីឡើយ។
លោកស្រី Hang បានលើកឡើងតាមរយៈអុីម៉េលមួយថា “ភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសវៀតណាមកំពុងតែបញ្ជាក់អំពីព័ត៌មាននេះហើយ។ តែទោះជាយ៉ាងណា វាត្រូវបានគូសបញ្ជាក់ថា ដូចនៅក្នុងប្រទេសផ្សេងៗដែរ អ្នកណាដែលធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់នឹងត្រូវដោះស្រាយដោយអនុឡោមតាមច្បាប់របស់ប្រទេសដែលពាក់ព័ន្ធ និងច្បាប់អន្តរជាតិ”។
ចាប់តាំងពីជនជាតិភាគតិចម៉ុងតាញ៉ាបានចាប់ផ្ដើមមកដល់ប្រទេសកម្ពុជាកាលពីចុងខែតុលាមក មន្ត្រីថ្នាក់ស្រុក និងថ្នាក់ខេត្តក្នុងខេត្តរតនគិរីបានលើកឡើងម្ដងហើយម្ដងទៀតថា ពួកគេមិនមែនជាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ឡើយ ហើយបានគំរាមនិរទេសប្រសិនបើរកឃើញពួកគេ។
កាលពីម្សិលមិញ ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាមិនបាននិរទេសជនជាតិភាគតិចម៉ុងតាញ៉ាណាម្នាក់ឡើយ ហើយបានអះអាងថា មិនដែលមានជនជាតិភាគតិចម៉ុងតាញ៉ាណាម្នាក់ឡើយនៅក្នុងប្រទេសកម្ពុជា។
ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “យើងកំពុងតែនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ប៉ុណ្ណោះ”។ លោកបានបន្ថែមមុនពេលដាក់ទូរស័ព្ទចុះថា “ពួកគេគ្មានឯកសារឡើយ។ យើងកំពុងធ្វើដូចប្រទេសផ្សេងៗទៀត ប្រសិនបើអ្នកនោះមកដោយគ្មានលិខិតឆ្លងដែន”។
អនុសញ្ញាស្ដីពីជនភៀសខ្លួនឆ្នាំ១៩៥១ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩២ បានចែងយ៉ាងច្បាស់ថា អ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែលជាអាចរំលោភច្បាប់អន្តោប្រវេសន៍ ហើយពួកគេមិនគួរត្រូវបានដាក់ទោសទណ្ឌសម្រាប់ការធ្វើដូច្នេះឡើយ។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងតាមរយៈអុីម៉េលមួយថា ប្រទេសជាហត្ថលេខីចំពោះអនុសញ្ញានេះមានកាតព្វកិច្ចផ្លូវច្បាប់ត្រូវគោរពតាមអនុសញ្ញានេះ។
លោកស្រីបានមានប្រសាសន៍ថា “សូម្បីតែប្រទេសដែលមិនបានចុះហត្ថលេខាលើអនុសញ្ញានេះក៏ដោយ ក៏ច្បាប់អន្តរជាតិហាមឃាត់ការបញ្ជូនមនុស្សត្រឡប់ទៅកន្លែងដែលជីវិតឬសិទ្ធិសេរីភាពរបស់ពួកគេអាចជួបគ្រោះថ្នាក់ដែរ”។ លោកស្រីបានបន្ថែមថា “បើនិយាយពីផ្លូវច្បាប់វិញ គ្មានលេសណាត្រូវមកបណ្ដេញចេញអ៊ីចឹងទេ”។
លោក Andrea Giorgetta ប្រធានប្រចាំតំបន់អាស៊ីនៅអង្គការសម្ព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights) ក៏បានលើកឡើងផងដែរថា ការនិរទេសជនជាតិភាគតិចម៉ុងតាញ៉ា គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ ប៉ុន្តែថា ប្រទេសកម្ពុជានឹងមិនប្រឈមការដាក់ទណ្ឌកម្មណាមួយឡើយសម្រាប់ការមិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “អនុសញ្ញាស្ដីពីជនភៀសខ្លួនគ្មានយន្តការអនុវត្តឡើយ ហេតុដូច្នេះ គេមិនប្រឈមការដាក់ទណ្ឌកម្មណាមួយក្រោមអនុសញ្ញានេះទេ។ វាជារឿងអកុសល ប៉ុន្តែនេះគឺជារបៀបដែលច្បាប់អន្តរជាតិកំពុងមានដំណើរការក្នុងពេលសព្វថ្ងៃ”។
ជនជាតិភាគតិចម៉ុងតាញ៉ាទាំងអស់ ដែលបានឆ្លងព្រំដែនចូលមកប្រទេសកម្ពុជាចាប់តាំងពីខែតុលាមក សុទ្ធតែអះអាងថា បានគេចខ្លួនពីការផ្ដន្ទាទោសផ្នែកនយោបាយ និងសាសនានៅក្នុងប្រទេសវៀតណាម។
ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ២០០១ ជនជាតិភាគតិចម៉ុងតាញ៉ារាប់ពាន់នាក់បានភៀសខ្លួនមកប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលក្រុងហាណូយបានបង្ក្រាបយ៉ាងហិង្សាលើការធ្វើបាតុកម្មពាក់ព័ន្ធនឹងដីធ្លី សាសនា និងសិទ្ធិ។ ជនជាតិភាគតិចម៉ុងតាញ៉ាប្រហែល២.០០០នាក់ បានតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក រីឯអ្នកដែលនៅសេសសល់ផ្សេងទៀតត្រូវបាននិរទេសមកវៀតណាមវិញ។
កាលពីឆ្នាំ២០១១ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍រិះគន់មួយ ដោយរៀបរាប់អំពីរបៀបដែលអាជ្ញាធរវៀតណាមមានគោលដៅជាប្រព័ន្ធលើព្រះវិហារគ្រិស្តនិកាយប្រូតេស្តង់របស់ជនជាតិភាគតិចម៉ុងតាញ៉ា ហើយបានចាប់ខ្លួនអ្នកណាដែលត្រូវបានចាត់ទុកថា បង្កការគំរាមកំហែងដល់រដ្ឋាភិបាលនោះ។
របាយការណ៍នេះបានលើកឡើងថា មានសេចក្ដីរាយការណ៍ថា អ្នកដែលត្រូវបានចាប់ខ្លនទាំងនោះសុទ្ធតែត្រូវបានធ្វើទារុណកម្ម។
នៅក្នុងអុីម៉េលមួយកាលពីម្សិលមិញ លោក ភៀល រ៉ូបឺតសុន (Phill Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងថា វាមានការលំបាកណាស់ក្នុងការវាយតម្លៃស្ថានភាពដែលជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាមកំពុងជួបប្រទះ។
លោកបានមានប្រសាសន៍ថា “ហេតុផលគឺនៅត្រង់ថា រដ្ឋាភិបាលវៀតណាមបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតចំពោះជនបរទេសទាំងឡាយណា ដែលមានបំណងចូលទៅកាន់តំបន់ទាំងនោះ មិនថាអង្គការសហប្រជាជាតិ អ្នកការទូត អ្នកកាសែត ឬអង្គការមិនមែនរដ្ឋាភិបាលក៏ដោយ ហើយបានដាក់សហគមន៍ជនជាតិភាគតិចម៉ុងតាញ៉ាស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់នគរបាល និងកងសន្តិសុខ”។
លោកបានមានប្រសាសន៍បន្ថែមថា “ហេតុដូច្នេះបើនិយាយឲ្យចំទៅ តំបន់ភាគច្រើននៅតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាមនៅតែមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតដោយអាជ្ញាធរ ដែលជាហេតុធ្វើឲ្យជនជាតិម៉ុងតាញ៉ាគិតថា ខ្លួនដាច់ខាតត្រូវតែភៀសខ្លួនឆ្លងកាត់ព្រំដែនមកប្រទេសកម្ពុជា”៕ ស៊ុយឈាង